​ទូត​ជប៉ុន ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ការពារ​សុវត្ថិភាព ធុរជន​ជប៉ុន និង​ប្រជាជន​ជប៉ុន នៅ​កម្ពុជា​



ភ្នំពេញ: លោក ហ៊ី​ឌី​សា ហ៊ី​រី​ណា​ឈី (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បានស្នើ​សុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ធ្វើយ៉ាងណា ថែរក្សា​សុវត្ថិភាព ជូន​ចំពោះ​ធុរជន​ជប៉ុន ក៏ដូចជា ប្រជាជន​ជប៉ុន ទាំងអស់ ដែល​បាន​មកកាន់​កម្ពុជា​។ ការស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង ជំនួប​ពិភាក្សា​ជាមួយ សម្តេច​ក្រឡាហោម ស ខេង កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​។​

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា នឹង​បន្ត​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​រក្សាបាន នូវ​សុខ​សុវត្ថិភាព ជូន​ដល់​ធុរជន​ជប៉ុន និង​ជនជាតិ​ជប៉ុន ដែល​មក​កម្ពុជា ក៏ដូចជា ជនជាតិ​ផ្សេងៗ​ទៀត ដែល​មក​ទស្សនកិច្ច នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា សម្តេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍​ចំពោះ វត្តមាន​របស់ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី ប្រចាំ​នៅ​កម្ពុជា ហើយ​បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​កន្លងមក បាន​ជួយ​ដល់​កម្ពុជា ក្នុង​បុព្វហេតុ កសាង​សុខសន្តិភាព និង​ការអភិវឌ្ឍ របស់​កម្ពុជា នាពេល​កន្លងមក​។ ជាមួយគ្នា​នោះ សម្តេច​សង្ឃឹមថា ជប៉ុន​នឹង​ជួយ​កម្ពុជា បន្តទៀត ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស ទៅ​ថ្ងៃ​អនាគត​។​

​លោក ហ៊ី​ឌី​សា ហ៊ី​រី​ណា​ឈី បាន​មានប្រសាសន៍ថា កម្ពុជា និង​ជប៉ុន បានក្លាយ​ទៅជា​ដៃគូ យុទ្ធសាស្ត្រ ចាប់តាំងពី​ក្រោយ ឆ្នាំ​២០១៣ កន្លងមក ហើយ​ចាប់ពីពេលនោះ​មក​គឺ មាន​វឌ្ឍនភាព​ជាច្រើន រវាង​ប្រទេស​ទាំងពីរ ហើយ​ក៏មាន​ប្រជាជន​ជប៉ុន និង​ធុរជន​ជប៉ុន កាន់តែ​ច្រើនឡើងៗ បន្ត​មក​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​។ ជាពិសេស​នោះ ក្រោយពី​ការបង្កើត​ឲ្យ​មាន ការហោះហើរ​ត្រង់​ពី ជប៉ុន​មក​កម្ពុជា​តែម្តង​។​

​ដោយ​កំណើនប្រជាជន​ជប៉ុន និង​ធុរជន​ជប៉ុន មក​ទស្សនកិច្ច​កម្ពុជា កាន់តែច្រើន ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ស្នើសុំ​ឲ្យ សម្តេច​ក្រឡាហោម ស ខេង ជួយ​ធ្វើយ៉ាងណា ថែរក្សា​សុវត្ថិភាព ជូន​ចំពោះ​ធុរជន​ជប៉ុន ក៏ដូចជា ប្រជាជន​ជប៉ុន ទាំងអស់នោះ ដែល​បាន​មកកាន់​កម្ពុជា​។ លោក​សង្ឃឹមថា ចំនួន​ជនជាតិ​ជប៉ុន នឹង​បន្ត​កើនឡើង មក​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក ហ៊ី​ឌី​សា ហ៊ី​រី​ណា​ឈី ក៏បាន​សម្តែង​នូវ ការរីករាយ​ចំពោះ ជំនួយ​ផ្សេងៗ​របស់​ជប៉ុន មក​កម្ពុជា រួមទាំង​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន និង​ការជួយ​ដល់ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការងារ​ផ្សេងៗ​ទៀត ដែល​ជប៉ុន​ជួយ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឆ្លើយតប​ទៅនឹង​ការសុំ ឲ្យ​ជួយ​ថែរក្សា​សុវត្ថិភាព ជូន​ដល់​ធុរជន​ជប៉ុន និង​ប្រជាជន​ជប៉ុន សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ស្ថានភាព​សន្តិសុខ នៅ​កម្ពុជា គឺមាន​ភាពល្អ​ប្រសើរឡើង ដោយសារ​ការបង្ក្រាប​ប​ទ​ល្មើស មានការ​ថយចុះ ហើយ​សម្តេច នឹង​បន្ត​យកចិត្តទុកដាក់ ធ្វើយ៉ាងណា រក្សាបាន​នូវ​សុខ​សុវត្ថិភាព ជូន​ដល់​ធុរជន​ជប៉ុន និង​ជនជាតិ​ជប៉ុន ដែល​មក​កម្ពុជា ក៏ដូចជា ជនជាតិ​ផ្សេងៗ​ទៀត ដែល​មក​ទស្សនកិច្ច នៅ​កម្ពុជា​។ ហើយ​សម្តេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ ជាថ្មី​ម្តងទៀត​ចំពោះ ការជួយ​របស់​ជប៉ុន​មក​កម្ពុជា ជាពិសេស​ចុងក្រោយ​នេះ បាន​ជួយ​ជា​ថវិកា ជំនួយ​បច្ចេកទេស សម្ភារៈ​ផ្សេងៗ ជួយ​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ៕

CEN
ដោយ: នរិន្ទ

No comments: