
សៀមរាប៖ ជារៀងរាល់ឆ្នាំមានករណីចំនួន៤១ករណី ដែលកុមារត្រូវបានគេបោះបង់ចោល។ នេះជាការរកឃើញរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប។ ទោះនេះជាតួលេខទាបក៏ពិតមែន តែគេក៏ត្រូវមានវិធានការទប់ស្កាត់ដែរ ជាជាងឲ្យបញ្ហានេះរាតត្បាតខ្លាំងនៅក្នុងសង្គមជាតិ។
លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប បានលើកឡើងក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ថា ក្នុងគម្រោងដែលបានអនុវត្តជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយមន្ទីរពេទ្យកុមារអង្គររយៈពេល១០ឆ្នាំមកនេះ រកឃើញថា មានកុមារ៤១ករណីជារៀងរាល់ឆ្នាំដែលត្រូវគេបោះបង់ចោល។ ទោះលោក អោ ម៉ៅ ថានេះជាតួលេខទាបបំផុតពិតមែន តែលោកក៏សម្តែងពីការព្រួយបារម្ភផងដែរ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះ។
យុទ្ធនាការដែលមន្ទីរសង្គមកិច្ចខេត្ត កំពុងសហការជាមួយមន្ទីរពេទ្យកុមារអង្គរ គឺចុះផ្សព្វផ្សាយតាមស្រុកគោលដៅមួយចំនួន យកកុមារមកថែរក្សា និងស្វែងរកដៃគូដើម្បីទុកដាក់កុមារឲ្យមានសុវត្ថិភាព។ លោក អោ ម៉ៅ បន្ថែម។
ប្រធានមន្ទីរពេទ្យកុមារអង្គរ លោក ងួន ច័ន្ទភក្ត្រា បានឲ្យដឹងថា ដោយអនុវត្តន៍តាមទស្សនៈវិស័យរបស់មន្ទីរ គឺអ្វីដែលផ្តល់ការព្យាបាលប្រកបដោយគុណភាព មេត្តាករុណាធម៌ ព្យាបាលកុមារឲ្យដូចសាច់ញាតិ ឫក្រុមគ្រួសាររបស់គ្រូពេទ្យ។ ក្រៅព្យាបាលផ្នែករាងកាយ ក្នុងនោះកុមារមួយចំនួនក៏ត្រូវការការព្យាបាលលើបញ្ហាផ្សេងៗទៀតផងដែរ ដូចជាកុមារខ្លះត្រូវគេទុកចោល បោះបង់ ហិង្សា សង្គម សេដ្ឋកិច្ចគ្រួសារ និងគ្មានជម្រក។ល។ ក្នុងន័យនេះហើយ ទើបមន្ទីរពេទ្យមានផ្នែកសង្គមកិច្ចមួយឡើង។
តាមការបញ្ជាក់របស់លោក ងួន ច័ន្ទភក្រា្ត ក្នុងមួយឆ្នាំមានកុមារតូចៗចន្លោះពី២០នាក់ ដែលត្រូវគេបោះចោលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ លោកបន្ថែមថា ផ្នែកសង្គមកិច្ចរបស់មន្ទីរពេទ្យបានធ្វើការលើរឿងនេះ ដោយបានសហការជាមួយខាងសង្គមកិច្ច អាជ្ញាធរ អង្គរការដៃគូនានា ដើម្បីបញ្ជូនកុមារទៅកន្លែងមានសុវត្ថិភាព ឫបញ្ជូនទៅកាន់គ្រួសារពួកគេវិញ ហើយខាងមន្ទីរពេទ្យបន្តតាមដានរហូតដល់កុមារមានការថែទាំត្រឹមត្រូវពីគ្រួសារ។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិមូលដ្ឋានចំពោះករណីកុមារដែលត្រូវបានបោះបង់ចោលនៅស្រុកស្វាយលើ ជីក្រែង និងសូទ្រនិគម ធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ នៅសាលាស្រុកសូទ្រនិគម។ ក្នុងសិក្ខាសាលានោះ ប្រធានផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ លោក ឌីម សុភារិន ថាគម្រោងរបស់លោកជួយតែទៅលើកុមារដែលត្រូវគេបោះបង់ចោលនៅមន្ទីរពេទ្យ និងអង្គការដៃគូដែលបញ្ជូនមកតែប៉ុណ្ណោះ។
លោក ឌីម សុភារិន បានបញ្ជាក់ទៀតថា ដំណាក់កាលដំបូងកុមារនឹងទទួលបានសេវាព្យាបាលប្រសិនបើគេមានជំងឺ បន្ទាប់មកខាងមន្ទីរពេទ្យផ្តល់អ្នកថែទាំ ហើយក្រុមការងារបន្តស្វែងរកសាច់ញាតិ ប្រសិនរកឃើញឫមិនឃើញ កុមារនោះនឹងបញ្ជូនទៅអង្គការដៃគូ ដើម្បីថែទាំបណ្តុះអាសន្ន ហើយអាចបញ្ជូនទៅគ្រួសារ។ ក្នុងករណីគ្រួសារមិនទាន់មានលទ្ធភាពទទួល ខាងក្រុមការងារនឹងបន្តគាំទ្រ រហូតគ្រួសារមានលទ្ធភាព តែក្រុមសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារបន្តតាមដានរយៈពេល៣ឆ្នាំ ដើម្បីប្រាកដថា កុមារនោះទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីឪពុកម្តាយ។
យ៉ាងណាក៏ដោយ ក្នុងគម្រោងផ្នែកសង្គមនេះ តាមការឲ្យដឹងពីលោក សុភារិនដដែល គឺមានបញ្ហាប្រឈមជាច្រើន ដូចជាគ្រួសារច្រើននៅជឿលើអបិយជំនឿហួសហេតុ និងមិនងាយទទួលកុមារដែលពួកគេបោះបង់នោះទេ ដោយពួកគេនៅតែជឿលើហេតុផលដែលគេបោះបង់ចោល។ ដូច្នេះទាមទារឲ្យមានការអត់ធ្មត់ និងប្រើពេលយូរដើម្បីធ្វើការលើការងារនេះ។
គួរបញ្ជាក់ថា ក្នុងផ្នែកសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំៗចំណាយអស់ប្រមាណ ១២ម៉ឺនដុល្លារ តែក៏មានការចូលរួមពីដៃគូសហការមួយចំនួនផងដែរ។ នេះបើតាមការឲ្យដឹងពីប្រធានមន្ទីរពេទ្យ លោក ងួន ច័ន្ទភក្ត្រា៕
ថ្មីៗ
អត្ថបទ : អ៊ីសា រ៉ហានី
No comments:
Post a Comment