មេដឹកនាំ​សហជីព​៖ ឆ្នាំ​២០១៦ ជីវភាព​កម្មករ​ប្រែប្រួល​បន្តិច តែ​សហជីព​រង​សម្ពាធ​ខ្លាំង​



ភ្នំពេញ​៖ តំណាង​ក្រុម​សហជីព​ធំៗ បានលើកឡើង​ពី​ស្ថានភាព​កម្មករ​-​កម្មការិនី ឆ្នាំ​២០១៦ ថា ជា​ឆ្នាំ​ដែលមាន​ការប្រែប្រួល​ប្រសើរ​តិច​បំផុត​នៃ​ជីវភាព​របស់​កម្មករ​-​កម្មការិនី រោងចក្រ​កាត់ដេរ​។ ជាមួយគ្នានេះ មេដឹកនាំ​សហជីព​ក៏​ត្អូញត្អែរ​ពី​សម្ពាធ​ការងារ​មកលើ​ក្រុម​ខ្លួន ដោយសារ​រដ្ឋាភិបាល​ប​ង្កើ​ត​ច្បាប់​សហជីព​។​

បន្ទាប់ពី​មានការ​ចរចា​តានតឹង​អស់​ពេល​ជា​យូរ​រវាង​តំណាង​សហជីព​និង​តំណាង​សមាគម​រោងចក្រ ប្រាក់ខែ​គោល​សម្រាប់​កម្មករ​ត្រូវបាន​គេ​ដំឡើង​ពី ១៤០​ដុល្លារ ទៅ​១៥៣​ដុល្លារ​ក្នុង​មួយខែ​។ ប៉ុន្តែ​តំណាង​សហជីព​និយាយថា ពួកគេ​នៅ​មិនទាន់​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ទេ ដោយសារ​ថា ប្រាក់បៀវត្ស​គោល​នេះ មិនទាន់​គ្រប់គ្រាន់​សម្រាប់​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​កម្មករ​ឡើយ​។

​លោក ជា មុន្នី ទីប្រឹក្សា​សហជីព​សេរី​កម្មករ បានលើកឡើង​ដូច្នេះ​ថា​៖ «​ឆ្នាំ​២០១៦ មិនមាន​ការប្រែប្រួល ជា​ដុំកំភួន សម្រាប់​កម្មករ​នោះទេ​។ សម្រាប់​ឆ្នាំ​២០១៧​ខាងមុខ ទំនង​ក៏​គ្មានអ្វី​ប្រែប្រួល​ដែរ ដោយ​កាន់តែ​អយុត្តិធម៌ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​»​។ អ្វីដែល​លោក ជា មុន្នី ចាត់ទុកថា​អយុត្តិធម៌​នោះ​គឺ ការដាក់​សម្ពាធ​លើ​សហជីព ដោយ​ផ្ដល់​តម្លៃ​ដល់​និយោជក​។ លោក មុន្នី និយាយ​យ៉ាងនេះ​ថា​៖ «​សហជីព ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល អាច​នឹង​ជាប់គុក​ជាដើម​។ ប៉ុន្តែ សហជីព​ដែល​រដ្ឋាភិបាល​ថែរក្សា​អាចធ្វើ​ខ្យល់ ធ្វើ​ព្យុះ បាន​យ៉ាង​ស្រួល​»​។​

​បន្ថែម​លើ​នេះ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​រូបនេះ យល់ថា ប្រាក់​ឈ្នួល​របស់ កម្មករ​ដែល​នឹង​ទទួល ១៥៣​ដុល្លារ នៅ​ដើមឆ្នាំ ២០១៧ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ ដោយ​លោក​លើកឡើងថា បញ្ហា​ការបរិភោគ ចំណី អាហារ បន្លែ សាច់ មានតម្លៃ​ខ្ពស់​។​

​ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា បាន​បញ្ចេញ​ទស្សនៈ​បែប​សុ​ទិ​ដ្ឋ​និយម​បន្តិច​ដោយ​និយាយថា ក្រៅពី​ការដំឡើង​ប្រាក់ខែ​គោល ក្រុម​សហជីព​សម្រេច​បានការ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ លើ​បញ្ហា​សុខភាព​របស់​កម្មករ​ដែរ​។ លោក ប៉ាវ ស៊ីណា យល់ថា នេះ​ជា​សមិទ្ធផល​ដែល​គួរតែ​រីករាយ​។

​សម្រាប់​ឆ្នាំ​២០១៧​ខាងមុខនេះ លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា លោក​មិនមាន​ផែនការ​អ្វី​នោះទេ ប៉ុន្តែ អាច នឹងមាន​កិច្ចប្រជុំ​ធំ​មួយ​នៅ​ខេត្តសៀមរាប​នា​ដើមឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​កម្មករ ដែល​លើកយក​បញ្ហា ប្រឈម និង​សំណូមពរ​ផ្សេងៗ មក​ពិភាក្សា​។

​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និយាយថា ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ សម្រេចបាន​ផែនការ​ធំៗ​ជាច្រើន​ជា​អត្ថប្រយោជន៍​ដល់ក​ម្មករ​ជា​សមាជិក​របស់​សហជីព​។ ក្រៅពី​ការដំឡើង​ប្រាក់ខែ​គោល និង​ការថែទាំ​សុខភាព ការអនុគ្រោះ​ពន្ធ​ក៏​ជា​សមិទ្ធផល​សំខាន់​មួយទៀត​ដែរ​ដែល​សហជីព​ទាមទារ​បាន​ពី​រដ្ឋាភិបាល​។ ក៏ប៉ុន្តែ​លោក​និយាយថា លោក មិនទាន់ ពេញចិត្ត​ជាមួយ​សមិទ្ធ​ផល​ទាំងនោះ​នៅឡើយ​ទេ​។

​ទន្ទឹមនឹងនេះ លោក អាត់ ធន់ និយាយថា ការ​ធ្វើបាប​សកម្មជន​សហជីព ក្នុងនោះ​មានការ​ចាប់ខ្លួន​ដាក់គុក​ជាដើម នៅតែ​ជាការ​ខ្វាយខ្វល់​មួយ​ធំ​នៅឡើយ​សម្រាប់​កម្មករ​។ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​រូបនេះ និយាយថា ការគាបសង្កត់ គ្មាន​ភាពយុត្តិធម៌ នៅតែ​បន្ត​កើតមាន​ដល់​ពួកកម្មករ ធ្វើ​ឲ្យ​សិទ្ធិសេរីភាព​របស់​ពួកគេ​ទទួលរង​ការ​រឹត​ត្បឹ​ត​និង​ធ្លាក់ចុះ​ជាង​មុនៗ​។
​លោក អាត់ ធន់ បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ លោក​នឹងមាន​គម្រោង​ចរចា​ប្រាក់​ឈ្នួល​បន្ថែមទៀត ឲ្យ​បាន ១៧៩ ដុល្លារ និង​បញ្ហា​ថែទាំ​សុខភាព​របស់​កម្មករ​ឲ្យ​បាន ១​លាន​នាក់​ផងដែរ​។ បញ្ហា​សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​ក៏​ជា​អាទិភាព​មួយទៀត​ដែល​លោក​នឹង​បន្ត​ជំរុញ​ធ្វើ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុងការ​ធ្វើដំណើរ​របស់​ពួកគេ​ទៅធ្វើ​ការ​។

​ទាក់ទង​នឹង​បញ្ហា​ធ្វើដំណើរ​របស់​កម្មករ​នេះដែរ នា​ខែធ្នូ ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន​២ ករណី ដែល​បង្ក​គ្រោះថ្នាក់​ដល់ក​ម្មករ​រោងចក្រ​ជាច្រើន​នាក់​។ ដោយ​កាលពី​ថ្ងៃទី ០១ ខែធ្នូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រ៉ឺម៉ក​ដឹក​កម្មករ នៅក្នុង​ខេត្តកំពង់ចាម ដែល​បណ្ដាល​ឲ្យ​កម្មករ​រងរបួស ២៤​នាក់​។ ជាមួយគ្នានេះ ករណី​មួយទៀត កើតឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៣ ខែធ្នូ ដែល​បង្ក​គ្រោះថ្នាក់​ដល់​កម្មករ​រង​របួស ៤៣​នាក់ ដោយសារ​ក្រឡាប់​រថយន្ត​។

​ខុសពី​តំណាង​សហជីព​ខាងលើ លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​កម្ពុជា និង​ជា​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា​សហជីព មិន​ផ្តល់​ការបកស្រាយ​អំពី​ផែនការ​និង​លទ្ធផល​ការងារ​ដែល​លោក​បាន​អនុវត្ត​ឡើយ ដោយ​លោក​និយាយថា មិនទាន់​បូកសរុប​របាយការណ៍​ប្រចាំឆ្នាំ​រួច​។​

​ជាមួយនឹង​ការមិន​ពេញចិត្ត​ជាមួយ​ច្បាប់​សហជីព ទាំង​លោក ជា មុនី លោក ប៉ាវ ស៊ីណា និង​លោក អាត់ ធន់ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ពិគ្រោះ​យោបល់​ឡើងវិញ នូវ​ច្បាប់​សហជីព​នេះ ដើម្បី​កុំ​ឲ្យ​វា​មានការ​រឹតត្បិត និង​គាបសង្កត់​ខ្លាំងពេក​ទៅលើ​បណ្តា​សហជីព​តំណាង​កម្មករ​។​

​ទាក់ទង​នឹង​ច្បាប់​សហជីព​នេះដែរ លោក អាត់ ធន់ បាន​រៀបរាប់ថា ចំនុច​មួយចំនួន​មានការ​រឹតបន្តឹង​សហជីព ក្នុងនោះ​មាន​មាត្រា​១៤, មាត្រា​២៤, មាត្រា​២៩ និង​មាត្រា​៨០ ។ លោក អាត់ ធន់ បាន​លើកឡើងថា មាត្រា​១៤ បានចែង​ពី អានុភាព​នៃ​ការចុះបញ្ជី និង មាត្រា​២៤ ទាក់ទង​នឹង​របាយការណ៍​ហិរញ្ញវត្ថុ គឺ​ការប្រើប្រាស់​ប​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ឲ្យ​ស្របទៅតាម​លក្ខន្តិកៈ និង​ច្បាប់​។ លើសពីនេះ មាត្រា​២៩ ផ្ដោតទៅលើ​ការរំលាយ​ចោ​ស​ដោយ​តុលាការ​ការងារ និង​មាត្រា​៨០ និយាយ​ពី ការធ្វើសកម្មភាព​ដោយ​មិន​ចុះបញ្ជី​។ លោក អាត់ ធន់ យល់ថា មាត្រា​ទាំងនេះ មានការ​រឹតបន្តឹង​ដល់​ក្រុម​សហជីព ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

No comments: