អ្នកការពារ​សិទ្ធិមនុស្ស អាដហុក ឆាយ ធី ចូល CPP ហើយ​និយាយ​រិះគន់​បក្ស​សង្គ្រោះ​ជាតិ​



រតនគិរី: នៅ​ទីបំផុត លោក ឆាយ ធី អតីត​អ្នកសម្របសម្រួល នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក បានក្លាយ​ទៅជាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ជា​ផ្លូវការ​ហើយ​។ លោក ឆាយ ធី បានប្រកាសថា ការសម្រេចចិត្ត របស់លោក គឺ​មិនមាន​ការបង្ខិតបង្ខំ ឬ​ការទិញ​ទឹកចិត្ត​ពី គណបក្ស​ប្រជាជន​នោះទេ ។ លោក​មិនមាន​ជំនឿ លើ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ពីព្រោះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ មាន​អត្តចរិត​មិនល្អ មាន​ស្រី​ញី មិនចេះ​ទទួលខុសត្រូវ ដើរ​សន្យា​ខ្យល់ ជាមួយ​សមាជិក ។​

លោក​ទេសរដ្ឋមន្ត្រី លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តរតនគិរី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ពី​ក្រុម​មេដឹកនាំ​គណបក្ស កាន់អំណាច​ប្រចាំខេត្ត ភាគ​ឦសាន​មួយ​នេះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង ក្នុងឱកាស​នោះ​ថា លោក ឆាយ ធី មាន​អាយុ​៤៨​ឆ្នាំ បាន​បម្រើ​ការងារ នៅ​សមាគម​សិទ្ធិមនុស្ស អាដហុក ជិត​១០​ឆ្នាំ ជួយ​ដោះស្រាយ ប្រជាពលរដ្ឋ​បញ្ហាដីធ្លី បញ្ហា​សិទ្ធិមនុស្ស ការកាប់បំផ្លាញ​ធនធានធម្មជាតិ ជាដើម ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ គោរព​ស្រឡាញ់ បានដាក់​ពាក្យសុំ​ចូលរួម​ជា សមាជិក​បក្ស​ប្រជាជន​កម្ពុជា ពេញ​សិទ្ធ ចាប់ពីពេលនេះ​តទៅ​។​

​បន្ទាប់ពី​បញ្ចប់​ពិធី​តែងតាំង​រួចមក លោក​ឆាយ ធី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តរតនគិរី ថា ការដែល​លោក សម្រេចចិត្ត​ចូលរួម​រស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ព្រោះ​គណបក្ស​នោះ បានធ្វើ​ការងារ​ធំៗ​ជាច្រើន សម្រាប់​ប្រជាជន និង​ប្រ​ទស​ជាតិ ដោយបាន​រំដោះប្រទេស​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ដណ្តើមបាន​មកវិញ នូវ​សិទ្ធិសេរីភាព ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់រូប​។ ជាពិសេស បាន​បង្រួបបង្រួម​ជាតិ បញ្ចប់សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ធ្វើឱ្យ​ប្រទេសជាតិ មានការ​ឯកភាព​ទឹកដី​ទាំងស្រុង ប្រជាជនមាន​សិទ្ធិសេរីភាព ពេញ​បូ​រិ​បូ​រណ៍ ហើយ​ធ្វើ​កសាង​ប្រទេសជាតិ មានការ​រីកចំរើន លើ​គ្រប់​វិស័យ​។​

​លោក ឆាយ ធី បាន​បន្តថា ការសម្រេចចិត្ត​របស់​លោក គឺ​មិនមាន​ការបង្ខិតបង្ខំ ឬ​ការទិញ​ទឹកចិត្ត ពី​គណបក្ស​ប្រជាជន​នោះទេ គឺជា​ការស្ម័គ្រចិត្ត​រប​ស់លោក ពីព្រោះ​លោក អាចមាន​ឱកាស​ច្រើន ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ជាពិសេស​លោក​ពេញចិត្ត គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការពារ​ដាច់ខាត​ឯករាជ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការគោរព​សិទ្ធិមនុស្ស​។​

​លោក ឆាយ ធី បាន​លើកឡើងថា លោក​មិនមាន​ជំនឿ លើ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ នោះទេ ពីព្រោះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ មាន​អត្តចរិត​មិនល្អ មាន​ស្រី​ញី មិនចេះ​ទទួលខុសត្រូវ ដើរ​សន្យា​ខ្យល់ ជាមួយ​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។ លោក​បាន​បញ្ជាក់ថា "​ថ្នាក់ដឹកនាំ CNRP ប្រើប្រាស់​គោលនយោបាយ ប្រជា​ភិ​ថុ​ត ដើម្បី​ឈ្នះឆ្នោត និង​ការ​កាន់អំណាច ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដោយ​មិន​គិតពី ស្ថេរភាព​នយោបាយ ថ្នាក់ដឹកនាំ CNRP មាន​ច​រិ​ក​ចង្អៀតចង្អល់ គ្មាន​ចរិត​បង្រួបបង្រួម​ជាតិ ដូចជា ប្រើប្រាស់​ពាក្យសម្ដី​ថា បើ​មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​គោលនយោបាយ ច្បាស់លាស់ ហើយ​មានតែ​គោលនយោបាយ ខ្យល់ ភូតកុហក បោកប្រាស់​"​។​

​នៅលើ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ លោក ឆាយ ធី បានបញ្ជាក់​នូវ មូលហេតុ ៣​ចំណុច ដែល​ជំរុញ​ឲ្យ​លោក​លាឈប់ ពី​ការងារ​សិទ្ធិមនុស្ស ទៅ​ឈរឈ្មោះ​ជា​មេឃុំ តំណាង​ឲ្យ​បក្ស​កាន់អំណាច​។ ក្នុង​មូលហេតុ​ទាំង ៣ ចំណុច​នោះ លោក ឆាយ ធី បាន​កោតសរសើរ ការដឹកនាំ​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ផ្ទុយទៅវិញ លោក​បាន​រិះគន់​ទៅលើ មេដឹកនាំ​គណបក្សប្រឆាំង​។ ការចូលរួម​របស់ សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ ត្រូវបាន​គេ​មើលឃើញថា កើតឡើង​ចំពេល​ដែល សហការី ៤​រូប និង​លោក នី ចរិយា អតីតមន្ត្រី​សមាគម​អាដហុក កំពុង​ជាប់ឃុំ​។​

​សូមបញ្ជាក់ថា លោក ឆាយ ធី ត្រូវបាន​ប្រកាស​ចូល​ជា សមាជិក CPP ពេញសិទ្ធិ​ជា​ផ្លូវការ និង​ដាក់​ជា​បេក្ខភាព​ឈរ ឈ្មោះ​មេឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ​។ មេឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ នាពេល​បច្ចុប្បន្ននេះ គ្រប់គ្រង​ដោយ​គណបក្ស​សម រង្ស៊ី ចំនួន ២ អាណត្តិ មកហើយ​៕

CEN
ដោយ: ដាវុធ

No comments: