ស្ពានអណ្តែត​ទឹក បណ្តោះអាសន្ន នៅ​ប្រាសាទអង្គរវត្ត នឹង​បង្ហាញ​រូបរាង នាពេល​ឆាប់ៗ​នេះហើយ​!



​ស្ពានអណ្តែតទឹក បណ្តោះអាសន្ន ធ្វើ​ពី​ពោង​ជ័រ Polyethylene មាន​ទីតាំង​នៅក្នុង​ទឹក​ក​សិន្ធុ ខាងត្បូង​ស្ពាន​ហាល ប្រាសាទអង្គរវត្ត នឹង​ដាក់ឱ្យ​ដំណើរការ ប្រើប្រាស់​មុន​ខែឧសភា ឆ្នាំ​២០១៧​នេះហើយ​។

ស្ពាន​នេះ​សាងសង់ឡើង ដើម្បី​បង្វែរ​ចរាចរណ៍ និង​រក្សា​សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ពេលធ្វើ​ដំណើរ​ឆ្លងកាត់ ទៅ​ទស្សនា​អង្គរវត្ត ខណៈ​ស្ពាន​ហាល​អង្គរវត្ត ត្រូវ​បិទ​ទាំងស្រុង ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុម​អ្នកជំនាញ អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ធ្វើការ​ជួសជុល ក្នុង​គោលបំណង​អភិរក្ស ស្ពាន​បុរាណ​នេះ ឱ្យបាន​ល្អប្រសើរ​។​

​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ថា លក្ខណៈពិសេស​របស់ ស្ពាន​អណ្តែត​ទឹក បណ្តោះអាសន្ន​គឺ មាន​សុពលភាព ប្រើការ​បាន​ដល់​ទៅ ២០​ឆ្នាំ មាន​កន្លែង​ឈរ​លេង ចំនួន​៦ សម្រាប់​ភ្ញៀវទេសចរ ឈរ​ស្រូបយក​ខ្យល់អាកាស និង​ថតរូប​ជាដើម​។ ចំណែក​ផ្ទៃ​ពោង​ជ័រ អណ្តែត​ទឹក សរុប​គឺ ១.៨៧៤ ម៉ែត្រការ៉េ (​បណ្តោយ​១៩៧​ម៉ែត្រ x ទទឹង​១០​ម៉ែត្រ​) ដែល​ក្នុង​១​ម៉ែត្រការ៉េ អាច​ទ្រ​បន្ទុក​បាន​ចំនួន ២៧២ គីឡូក្រាម ហើយ​បើ​សន្ម​ត់មនុស្ស​ម្នាក់ មាន​ទម្ងន់ ៨០ គីឡូក្រាម ស្ពាន​នេះ អាច​ទ្រម​នុស្ស សរុប​ចំនួន ៦.៣៧១ នាក់ ក្នុងពេល​តែមួយ​។ លោក ហេង គឹម​ឡេង បន្តទៀតថា ស្ពាន​នេះ សិក្សា​ដោយ អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ទទួលខុសត្រូវ សាងសង់ ដោយ​ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប (KTS)​។

​លោក វង្ស ចាន់​វិបុល ប្រធាន​ការដ្ឋាន​សាងសង់ ស្ពាន​អណ្តែតទឹក របស់​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប បាន​ប្រាប់ថា សម្ភារៈ​និង​អ្នកជំនាញ​បច្ចេកទេស ក្នុង​ការធ្វើ​ស្ពាន គឺ​យក​ពី​ប្រទេស​កាណាដា ទាំងអស់​។ លក្ខណៈពិសេស​របស់​ពោង​អណ្តែតទឹក គឺជា​ជ័រ ស្វិត ធន់ ហើយ​អាច​ទ្រទ្រង់ នឹង​អាកាសធាតុ បាន​យ៉ាង​ល្អ​បំផុត មិនមាន​ប្រតិកម្ម​នឹង​ពន្លឺ​ថ្ងៃ ភ្លៀង និង​ធ្វើឱ្យ​ទឹក​ប្រែ​ពណ៌ ឬ​បង្ករ​ជា​សារធាតុពុល​ផ្សេងៗ ដល់​ទឹក​ឡើយ​។ លើសពីនោះ​ទៅទៀត ពោង​ជ័រ Polyethylene មាន​លក្ខណៈ​គ្រើម ដែល​មិន​ធ្វើឱ្យ​រអិល ហើយ​ពោង​នីមួយៗ មាន​ខ្យល់​នៅ​ខាងក្នុង ពេលណា​កម្តៅ​ឡើង​ខ្លាំង ធ្វើឱ្យ​ឧស្ម័ន​ក្នុង​ពោង សាយភាយ​មក​ក្រៅ ដែល​អាច​រក្សា​ទ្រង់ទ្រាយ និង​សីតុណ្ហភាព ក្នុង​ពោង​ឱ្យនៅ​ដដែល​។​

​លោក ចាន់​វិបុល បន្ថែមទៀតថា ក្នុងការ​តំឡើង និង​ត​ភ្ជាប់​ពោង ពីមួយ​ទៅមួយ ដើម្បី​ធ្វើ​ស្ពាន គឺ​អ្នកជំនាញ​នៃ ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប និង​អ្នកជំនាញ​ផលិត​ស្ពាន មកពី​ប្រទេស​កា​ណា បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំងបំផុត លើ​បច្ចេកទេស ដែល​ធានាបាន​នូវ​ភាព​មាំ សុវត្ថិភាព​ខ្ពស់ មិនអាច​របូត​ចេញពី​គ្នា​ឡើយ​។ មកដល់ពេលនេះ ក្រុមការងារ បាន​ត​ភ្ជាប់​ពោង​ជ័រ អណ្តែត​ទឹក រួម​នឹងដាក់​បង្កាន់ដៃស្ពាន រួចរាល់​ហើយ នៅសល់តែ​ការភ្ជាប់ ជណ្តើរ​ឈើ​មក​ស្ពាន លើទឹក​តែប៉ុណ្ណោះ​។ ក្នុងនោះដែរ​ក្រុមការងារ​ទាំងពីរ ក៏​កំពុង​សិក្សា​ពី​វិធីសាស្ត្រ បន្ថែមទៀត ក្នុងការ​ទប់​លំនឹង​ស្ពាន កុំឱ្យ​យោល​យោគ ឬ​រេ​ចុះឡើង ខណៈ​មាន​ភ្ញៀវទេសចរ​ឆ្លងកាត់​ផងដែរ​៕



CEN
ដោយ: អាជ្ញាធរ​ជាតិ​អប្សរា​

No comments: