សម្តេច ហ៊ុន សែន គ្រោង​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុបចោល “​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​”



ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រមុខ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា បើ​យន្តការ ដែល​ទើប​បង្កើតឡើង តាមរយៈ​ប្រការ ៤៨ ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ពិបាក​ក្នុងការ​ធ្វើការ រួមទាំង​ប៉ុនប៉ង​ចរចា​ដោះលែង​អ្នកទោស ដែល​បំពាន​ដល់ អំណាចតុលាការ​ផង​នោះ សម្តេច​សម្រេច​ស្នើ ឲ្យ​ធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុបចោល “​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​”​។​

បើ​យោងតាម​ប្រសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​កាសែត​ក្នុងស្រុក ចេញពី​ទីក្រុង Zurich ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១៦ ខែមករា​ថា “​បើ​យន្តការ ដែល​ទើប​បង្កើតឡើង តាមរយៈ​ប្រការ ៤៨ ថ្មី (​បី​) វា​ពិបាក​ធ្វើការ​ដោយ រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា ដើម្បី​ចរចា​ដោះលែង​អ្នកទោស ដែល​បំពាន​ដល់ អំណាចតុលាការ​ផង​នោះ យើង​ត្រូវតែ​ធ្វើ​វិសោធនកម្ម ប្រការ​៤៨​ថ្មី (​បី​) ហើយ​វិល​ទៅប្រើ​ប្រការ ៤៨ (​ពីរ​) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ​។ ដោយសារ​ប្រការ ៤៨​ថ្មី (​បី​) ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ទើប​ខ្ញុំ​ស្នើសុំ​ឲ្យ​ធ្វើការ​កែប្រែ តាមរយៈ សមាជិកសភា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ ធ្វើ​ដូចនេះ​ឆាប់​ចប់​រឿង ព្រោះ​មិនបាច់​ពិបាក រៀបចំ​របៀបវារៈ នៃ​ការប្រជុំ​ទៀត​ទេ ព្រោះ​យន្តការ​នោះ វា​រលាយបាត់ តាមរយៈ​វិសោធនកម្ម ដែល​នឹង​ត្រូវធ្វើ​រួចទៅហើយ​”​។​

​សូមជម្រាបថា មាត្រា​៨២ ថ្មី ជំពូក​៦ នៃ​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា បានចែង​យ៉ាង​ថា “​បទបញ្ជាផ្ទៃក្នុង​នេះ នឹង​កែប្រែបាន លុះត្រា​តែមាន​សេចក្តីស្នើសុំ​ពី តំណាងរាស្ត្រ​មួយ​ភាគ ៤ យ៉ាងតិច នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល ហើយ​ត្រូវ​បានអនុម័ត យល់ព្រម​ដោយ​សំឡេង ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋ​សភា ទាំងមូល​”​។​

​ទោះបីជា​មិនមាន​ការគាំទ្រ​ដោយ តំណាងរាស្ត្រ គណបក្សប្រឆាំង​ទាំង ៥៥ រូប ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន ៦៨ សំឡេង នៅក្នុង​រដ្ឋសភា អាច​កែប្រែ​ច្បាប់ ស្តីពី​បទបញ្ជាផ្ទៃក្នុង ដោយ​ងាយ ដោយសារតែ​សំឡេង​ភាគច្រើន​ដាច់ខាត ឬ ៥០​បូក​មួយ ត្រូវការ​សំឡេង​តំណាងរាស្ត្រ ត្រឹមតែ ៦២ រូប​ប៉ុណ្ណោះ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង នៅក្នុង​សភា​រហូតដល់ ៦៨ រូប​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ក្នុងប្រទេស​បារាំង កាលពី​យប់​ថ្ងៃទី​១៥ ខែមករា តាមរយៈ video conference ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ជួបគ្នា ក្នុង​សប្តាហ៍​ក្រោយនេះ​។ គណបក្ស​ទាំងពីរ ក៏បាន​ឆ្លើយឆ្លង​គ្នា ទៅវិញទៅមក ដើម្បី​កំណត់​ពី​របៀបវារៈ នៃ​កិច្ចពិភាក្សា​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើ​របៀបវារៈ​ពីរ មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​របៀបវារៈ​ទាំងពី​រ​នោះ រួមមាន​ការពិភាក្សាគ្នា ពី​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ គណបក្ស​ទាំងពីរ និង​បញ្ហា​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​សិទ្ធិ​សមត្ថកិច្ច របស់​ថ្នាក់ដឹកនាំ តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ​។ គណបក្ស​សង្គ្រោះ​ជាតិ មិន​ជំទាស់ និង​របៀបវារៈ​ទាំងពី​រ ដែល​ស្នើ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​

​លោក កឹម សុខា បាន​បន្តថា ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏បាន​ដាក់​ស្នើរ​បៀ​វារៈ​ចំនួន​ពីរ​ដែរ គឺ​ការពិភាក្សាគ្នា ពី​លទ្ធភាព ក្នុង​ការធ្វើ​វិសោធនកម្ម ច្បាប់បោះឆ្នោត ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ចំណាកស្រុក ធ្វើការ​ក្រៅប្រទេស អាច​បោះឆ្នោត​បាន នៅ​ឆ្នាំ​២០១៨ ខាងមុខ និង​ការពិភាក្សា​ពី បរិយាកាស​នយោបាយ មុន​ការបោះឆ្នោត​។​

​ទាក់ទង​ជំនួប​ចរចា រវាង​លោក កឹម សុខា ប្រធាន​ក្រុម​តិ​ភាគតិច ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន នៅក្នុង​រដ្ឋសភា គឺ​នៅ​មិនទាន់​បានកំណត់ ថ្ងៃ​ជួបគ្នា​នៅឡើយ​ទេ​៕

CEN
ដោយ: មុនីរាជ

No comments: