មេធាវី​ថា ចៅក្រម​ស៊ើបសួរ រក្សា​សំណុំរឿង មន្ត្រី​អាដហុក និង​មន្ត្រី គជប ហួស​កាលកំណត់​



ភ្នំពេញ​៖ សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ចប់​ក្នុងដំណាក់កាល នៃ​ការ​ស៊ើបសួរ​ហើយ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ មិនទាន់​បន្ត​នីតិវិធី យ៉ាងណា​ទៀត​នោះទេ​។ មេធាវី អះអាងថា ចៅក្រម​ស៊ើបសួរ គួរតែ​បន្ត​នីតិវិធី​ឲ្យ​បាន​ឆាប់រហ័ស ដោយ​មិនត្រូវ​រក្សាទុក​សំណុំរឿង រហូត​ហួស​កាលកំណត់​បែបនេះ​ឡើយ​។​

លោក​មេធាវី សំ សុ​គង់ នឹងដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃទី​១០ មករា ដើម្បី​ស្នើ​ឲ្យ​ចេញ​ដីកា​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ថា​ត្រូវ លើកលែង​ការចោទប្រកាន់ លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឬក៏​ត្រូវបញ្ជូន សំណុំរឿង ទៅ​ជំនុំជម្រះ​។ លោក សំ សុ​គង់ ដែលជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប របស់​មន្ត្រី អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បាន​អះអាងថា វា​ជាការ​ខុស​នឹង​នីតិវិធី ដែល​ចៅក្រម​ស៊ើបសួរ ពន្យារពេល​មិន​ព្រម​ចេញ​ដីកា​ដំណោះស្រាយ រហូត​ហួសការ​កំណត់​បែបនេះ​។

​មេធាវី​រូបនេះ បកស្រាយ​ថា​តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​យ៉ាងយូរ​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ បន្ទាប់ពី​ខ្លួន បញ្ចប់​ការ​ស៊ើបសួរ លើ សំណុំ រឿង​ណាមួយ​។ លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​ចៅក្រម​ស៊ើបសួរ បានសម្រេច​បិទ​ការ​ស៊ើបសួរ លើ​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប តាំងពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មកម្ល៉េះ​។ ដូច្នេះ បើ​យើង​គិត​មកដល់ពេលនេះ វា​បាន​លើស​ជាង​១០​ថ្ងៃ​ហើយ​»​។​

​បើតាម​លោក មេធាវី​ខាងលើ ប្រសិនបើ [​ចៅក្រម​ស៊ើបសួរ​] រក​មិនឃើញ​ទោសកំហុស ឬ​ភស្តុតាង​គ្រប់គ្រាន់​ទេ ចៅក្រម​ស៊ើបសួរ អាច​នឹង​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់ ចៅក្រម​ស៊ើបសួរ នឹង​រក្សា​បទ​ចោទ​ដដែល ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ជាមិនខាន​។ នេះ​បើតាម​ការពន្យល់​របស់​លោក សំ សុ​គង់ ដដែល​។

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ សាធារណជន​មួយចំនួន ហាក់​សង្ឃឹមថា មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប អាច​នឹង​មានឱកាស បាន​រួច​ផុតពី​ការឃុំ​ឃាំង បន្ទាប់ពី​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​រវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម​សុខា​។ ហើយ​បច្ច័យ​នៃ​ការសម្របសម្រួល​នេះ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​មេឃុំ ស៊ា​ង ចែត ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​។​

​មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​លោក​នី ចរិយា អគ្គលេខាធិការរងរ​បស់ គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ​«​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» នៅក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: