
ភ្នំពេញ ៖ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះថា នៅពេលនេះ លោកបានសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ(Wildlite Aliance) ចុះទៅចាប់សត្វក្ងោកចំនួន៣ក្បាល ដែលមានគេចិញ្ចឹមលួចលាក់នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅថែទាំ និងបំប៉ន-អភិរក្ស ឬដោះលែងនៅតំបន់ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព និងស្របតាមលក្ខណៈជីវសាស្ត្រ នៃប្រភេទសត្វនិមួយៗព្រោះសត្វប្រភេទនេះកម្រមានណាស់នៅតំបន់ព្រៃភ្នំរបស់ប្រទេសយើង។
លោក សេង សាញ់ បានមានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរបានដឹងថាមានគេលួចលាក់ចិញ្ចឹមសត្វក្ងោកនេះ គឺដោយសារនៅព្រឹកថ្ងៃទី១៦មករា មានបុរសម្នាក់បានយកចម្ពាមទៅបាញ់សត្វក្ងោកមួយក្បាលដែលម្ចាស់ទីតាំងនៅក្នុងភូមិដំណាក់ធំ១ ដែលបានរួចចេញពីទ្រុង បណ្តាលឲ្យសត្វក្ងោកនោះស្លាប់ ហើយរឿងនេះបានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍មកអាជ្ញាធរ និងបានឃាត់ខ្លួនអ្នកប្រមាញ់សត្វក្ងោកនោះដែលគេស្គាល់ឈ្មោះ ខេង ពៅ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ។
ពេលឃាត់ខ្លួនអ្នកដែលប្រមាញ់សត្វនេះ ទើបបានដឹងថា មានគេលួចលាក់ចិញ្ចឹមសត្វក្ងោកនេះ ទើបលោកសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃចុះទៅទីតាំងដែលគេលួចចិញ្ចឹម ហើយម្ចាស់សត្វក៏បានឯកភាពប្រគល់សត្វក្ងោកដែលនៅរស់ចំនួន៣ក្បាល ដែលក្នុងនោះសត្វក្ងោក១ក្បាលត្រូវបានគេបាញ់ស្លាប់៕
កម្ពុជាថ្មី
នរា
No comments:
Post a Comment