រាជរដ្ឋាភិបាល​កម្ពុជា កំណត់​បែងចែក​រមណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​ជា ៥ ប្រភេទ​



បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៩​ខែមករា​នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​ ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឲ្យ​អនុវត្ត​នូវ​សេចក្តីសម្រេច
​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​១៣១ សសរ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី
“​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​”​។

យោងតាម​ប្រសាសន៍​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ភាពជា​ដៃគូ រដ្ឋ​-​ឯកជន លើក​ទី​១ ស្តីពី “​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​”​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា សេចក្តីសម្រេច​នេះ​មាន​គោលដៅ​ដាក់​ឲ្យ​អនុវត្ត “​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​” ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ដល់​ការចូលរួម​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ​ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​និ​ររ​ន្ត​រ​ភាព​។ ឯកសារ​នេះ ​គឺជា​ឯកសារ​គ្រឹះ​សម្រាប់​ធានា​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ប្រកបដោយ​និរន្តរភាព​បរិស្ថាន ​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកតម្កើង​ឧត្តមភាព​របស់​ឆ្នេរសមុទ្រ​កម្ពុជា ​ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍ កម្រិត​អន្តរជាតិ​ដ៏​ទាក់ទាញ ដែល​ផ្តល់នូវ​បទពិសោធន៍​គុណភាព​ខ្ពស់ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

​ផ្អែកលើ​សក្តានុពល និង​លក្ខណៈពិសេស នៃ​ធម្មជាតិ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​បែងចែក​រមណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​ជា ៥ ប្រភេទ គឺ​៖ ទី​១. ឆ្នេរ​អភិរក្ស​ស្នូល ទី​២. ឆ្នេរ​អេកូ​ទេសចរណ៍ ​ទី​៣.​ឆ្នេរ​កម្សាន្ត​បែប​ប្រណិត ទី​៤. ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ និង​ទី​៥.​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ទាប ​និង​បានកំណត់​ទម្រង់​អ្នក​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ (Developer) ជា ២ ប្រភេទ គឺ (​ទី​១). អ្នក​អភិវឌ្ឍ​ជា​រដ្ឋ (State Management) និង (​ទី​២). អ្នក​អភិវឌ្ឍ​ឆ្នេរ​មាន​ទម្រង់​ចម្រុះ (Co-Management) ដែល​អាចជា​ភាពជា​ដៃគូ រដ្ឋ​-​ឯកជន (PPP) ​ឬ​ភាពជា​ដៃគូ សហគមន៍​-​រដ្ឋ​-​ឯកជន (CPPP) ដោយ​ការអភិវឌ្ឍ​របស់​ផ្នែក​ឯកជន ឬ​សហគមន៍ គឺធ្វើឡើង​ក្រោម​ទម្រង់ (DBO-Design, Build, Operate) ដោយ​ជាប់កិច្ចសន្យា​ជាមួយ​រដ្ឋ ផ្សាភ្ជាប់​ជាមួយ​សៀវភៅ​បន្ទុក​មួយ​ច្បាស់លាស់ ​និង​បាន​គាំទ្រ​ឱ្យមាន​ការរៀបចំ​នូ​វធ​ម្មនុញ្ញ​ឆ្នេរ (Beach Charter) សម្រាប់​ឆ្នេរ​នីមួយៗ ដោយ​ផ្អែកលើ​គោលការណ៍​ភាពជា​ដៃគូ ​រដ្ឋ​-​ឯកជន​-​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍ (4Ps)​ស្រប​អភិក្រម​សមាហរណកម្ម​ពី​គ្រប់ភាគី (Integrated Approach)​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា (​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​) ​បានរៀបចំ​កែលំអរ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ “​ឆ្នេរ​អូ​ត្រេះ ជា​ឆ្នេរ​កម្សាន្ត​បែប​ប្រណីត
(Luxury Beach)” “​ឆ្នេរ​អូ​ឈើទាល​ជា​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​”( Popular Leisure Beach)” និង “​ឆ្នេរ​ឯករាជ្យ ​ជា​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​”(Popular Leisure Beach)” ហើយ​នាពេលខាងមុខ ​ផ្អែកលើ​សេចក្តីសម្រេច​របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ស្តីពី “​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​” គ​.​អ​.​ឆ​.​ក
នឹង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ (Master Plan) ដោយ​ត្រូវ​មានភ្ជាប់​ជាមួយនឹង​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ​សម្រាប់​ឆ្នេរ​នីមួយៗ (Tourism Management Plan) របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ​និង​ប្លង់គោល​និង​ផែនការ​ប្រើប្រាស់​ដី អម​ជាមួយ​ការរៀបចំ​ធម្មនុញ្ញ (Beach Charter) របស់ខ្លួន
​សំដៅ​កំណត់​កាតព្វកិច្ច​នៃ​ភាគី​នីមួយៗ ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​អភិរក្ស​បរិស្ថាន និង​កាតព្វកិច្ច​នៃ​ការចូលរួម​ហិរញ្ញវត្ថុ ទ្រទ្រង់​ការថែទាំ​ឆ្នេរ ដែលមាន​ប្រភព​មកពី​ជាអាទិ៍​៖ ថ្លៃ​ប្រើប្រាស់ (user fee) Tourism- Levy ​ការបង់​វិភាគទាន​ឈរលើ​គោលការណ៍​អ្នក​បំពុល​អ្នក​បង់ (Polluter Payer) (​ប៉ុន្តែ​មិនមាន​កម្រៃ​ចូល​- entrance fee) នោះទេ ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ដល់​ការ សម្រេច​ឱ្យបាន​ចក្ខុវិស័យ ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ឱ្យបាន ១​លាន​នាក់​និង​ទេសចរ​ជាតិប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០២០ សម្រាប់​ខេត្ត​ព្រះសីហនុ ​ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០១៦-២០២៥ ៕

CEN
ដោយ: ដា​វុ​ធ​

No comments: