តុលាការសហរដ្ឋអាមេរិក គ្រោងនឹងបើកសវនាការលើបណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន នៅថ្ងៃទី៦ ខែកុម្ភៈ ខាងមុខ ដើម្បីបន្ថែមដើមបណ្ដឹងម្នាក់ទៀត។
កាលពីថ្ងៃទី៣ ខែមករា មេធាវី លោក មាជ សុវណ្ណារ៉ា បានដាក់ដើមបណ្ដឹងបន្ថែមម្នាក់ទៀត គឺលោក ញ៉យ ចំរើន ដោយសារតែលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីប្រើអំពើហិង្សាវាយប្រហារលោកឲ្យរងរបួសជាទម្ងន់ កាលពីឆ្នាំ២០១៦។ មូលហេតុដែលលោក ញ៉យ ចំរើន ដាក់ពាក្យជាដើមបណ្ដឹងដែរ ដោយសារតែលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលអាចពាក់ព័ន្ធនឹងអំពើហិង្សាទៅលើតំណាងរាស្ត្រ។
មេធាវី លោក ញ៉យ ចំរើន គឺលោក មូរតុន ក្លារ (Morton Sklar) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១២ ខែមករា ថា ច្បាប់ប្រឆាំងអំពើភេរវកម្មរបស់អាមេរិក អនុញ្ញាតឲ្យតុលាការអាមេរិក អាចមានយុត្តាធិការលើករណីហិង្សាប្រឆាំងលោក ញ៉យ ចំរើន។ លោកបន្តថា ក្នុងសវនាការនៅថ្ងៃទី៦ ខែកុម្ភៈ ខាងមុខនេះ ដើមបណ្ដឹងនឹងដាក់ភស្តុតាងជាច្រើនបន្ថែមទៀតដែលភាគីដើមបណ្ដឹងទទួលបានមានដូចជា វីដេអូភស្តុតាងនៃការប្រើប្រាស់ហិង្សារបស់កងអង្គរក្សលោក ហ៊ុន ម៉ាណែត ទៅលើស្មៀនរត់ឯកសារតុលាការ លោក ផល ហេយស៍ (Paul Hayes)។ លោកបន្តថា ប៉ូលិសនៅទីក្រុងឡូសអែនជឺឡេស (Los Angeles) បានព្រមផ្ដល់វីដេអូឯកសារនៃការវាយប្រហារលោក ផល ហេយស៍ ហើយ។ លោកបញ្ជាក់ទៀតថា ភស្តុតាងនេះ បញ្ជាក់ថា ចុងចោទគឺ លោក ហ៊ុន ម៉ាណែត មានចេតនារារាំងស្មៀនរត់ឯកសារតុលាការមិនឲ្យផ្ដល់ឯកសារទៅលោកបាន។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបនឹងគម្រោងសវនាការតុលាការអាមេរិក បាននៅឡើយទេ ប៉ុន្តែកន្លងមកលោកធ្លាប់បដិសេធការចោទប្រកាន់នៃការប្រើប្រាស់ហិង្សានៅកម្ពុជា និងសហរដ្ឋអាមេរិក។
លោក មាជ សុវណ្ណារ៉ា និងក្រុមគ្រួសារ បានប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពីបទប៉ុនប៉ងធ្វើឃាតបំពារបំពានរូបរាងកាយធ្ងន់ធ្ងរ ទារុណកម្មតាមទំនើងចិត្ត អំពើភេរវកម្មអន្តរជាតិ ការឃុំឃាំងរយៈពេលយូរ ការធ្វើឲ្យឈឺចាប់ដោយចេតនាដែលបណ្ដាលឲ្យមានទុក្ខព្រួយផ្លូវអារម្មណ៍ និងការចាប់ដាក់គុកដោយខុសច្បាប់៕
RFA
ដោយ យន់ សាមៀន

No comments:
Post a Comment