
ភ្នំពេញ ៖ ក្រោយពេលផ្ទុះនូវរឿងរ៉ាវដ៏ចម្រូងចម្រាសទាក់ទងដំណឹងស្នេហាត្រីកោណរវាងតារាប្រុសលោក សុវណ្ណ មករា ជាមួយតារាស្រីវ័យក្មេងរូបស្រស់ កញ្ញា លី ឌីណា ខណៈដែលអតីតពិធីការិនីស្រីនិងត្រូវជាភរិយា លោក សុវណ្ណ មករា អ្នកនាង ឈិន ច័ន្ទសុធារី ដាក់ការចោទប្រកាន់ថា កញ្ញា លី ឌីណា បានជ្រែកផ្តាច់ស្នេហ៍ចង់ដណ្ដើមមកប្តីរបស់ខ្លួននោះ ពេលនេះត្រូវបានសាមីខ្លួនកញ្ញា លី ឌីណា បានចេញមុខបដិសេធដើម្បីស្រាយចម្ងល់របស់មហាជនថា ជារឿងមិនពិតឡើយ។
ដើម្បីជម្រះមន្ទិល និងជាការឆ្លើយតបលើការចោទប្រកាន់របស់ អ្នកនាង ឈិន ច័ន្ទសុធារី ដែលបានចោទប្រកាន់រហូតមានការទម្លាយថា តារាស្រីសម្តីស្រទន់ កញ្ញា លី ឌីណា បានព្យាយាមចង់ដណ្តើមប្តីរបស់ខ្លួននោះ កញ្ញាលី ឌីណាបានថ្លែងប្រាប់កម្ពុជាថ្មីឲ្យដឹងថា ករណីនេះវាគ្រាន់តែជាការយល់ច្រឡំ និងជាការចោទប្រកាន់ដោយគ្មានភស្តុតាងការពិតនោះឡើយ។
តារាសម្ដែងស្រី កំពុងឡើងកូដ កញ្ញា លី ឌីណា បាននិយាយទៀតថា ចាស បង រឿងហ្នឹងគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ព្រោះវាមិនមែនជាការពិតឡើយ។
ម្យ៉ាងទៀតការយល់ច្រឡំនេះ ដោយសារតែខ្ញុំ និងបង សុវណ្ណ មករា ជាអ្នករួមការងារសិល្បៈជាមួយគ្នា ហើយយើងឧស្សាហ៍ចេញទៅថតសម្តែងនៅតាមបណ្តាខេត្តរួមគ្នា ហេតុនេះហើយទើបបានជាធ្វើឲ្យភរិយារបស់គាត់ បងស្រី ឈិន ច័ន្ទសុធារី មានការយល់ច្រឡំលើពួកយើង។
កញ្ញា លី ឌីណា បានបន្តថា បើនិយាយពីរូបភាព ឬភស្តុតាងដែលបង សុធារី គាត់ថាមាននោះ គឺគ្មាន ហើយអ្វីដែលគាត់និយាយហ្នឹង គឺគ្រាន់តែជាការនិយាយពុំមានការពិតឡើយ ព្រោះតាំងពីដើមដំបូងមកខ្ញុំធ្លាប់បានប្រាប់គាត់ហើយថា បើសិនជាគាត់(ឈិន ច័ន្ទសុធារី) មានភស្តុតាង ខ្ញុំក៏មិនប្រកែក និងប្រឈមលើការពិតដែរ តែរូបភាពដែលមាននោះ ត្រឹមជារូបភាពធម្មតាៗប៉ុណ្ណោះ។
តារាវ័យជាង២០ឆ្នាំសាច់សខ្ចីដូចបណ្តូលចេកកញ្ញា លី ឌីណា បានលើកឡើងទៀតថា ធម្មតាទេ តួសម្ដែងស្រីជាមួយបង សុវណ្ណ មករា ពេលយើងធ្វើការងាររួមគ្នា គឺរមែងនៅជិតគ្នាច្រើន និងមានភាពស្និទ្ធស្នាលរាប់អានគ្នាលក្ខណៈក្រុមការងាររួមអាជីព។ ដូច្នេះហើយធម្មតាមនុស្សស្រីចិត្តជាប្រពន្ធនរណាក៏តែងតែបារម្ភ ហើយមានការសង្ស័យផងដែរ។
ជាមួយគ្នានេះ កញ្ញា លី ឌីណា ក៏បានបញ្ជាក់បន្ថែមថា រវាងនាង និងលោក សុវណ្ណ មករា គឺរាប់អានគ្នាត្រឹមមិត្តភក្ដិរួមអាជីពប៉ុណ្ណោះ ពោលគឺចាត់ទុកគាត់ដូចជារៀមច្បង។
ម្យ៉ាងទៀតរាល់ថ្ងៃនាងក៏មានគូកំណាន់ចិត្តហើយដែរ ប៉ុន្តែដោយសាររឿងនេះទើបធ្វើឲ្យចំណងមេត្រីភាពស្នេហារបស់នាងជាមួយគូសង្សារហាក់មានការក្នក់ចិត្តគ្នាខ្លះ ព្រោះតែរឿងគ្មានការពិតទាំងនេះ ដែលបានកើតឡើងកាលពីថ្មីៗកន្លងមកនេះ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment