
ភ្នំពេញ ៖ សត្វពស់ថ្លាន់មួយក្បាល ប្រវែងជាង២ម៉ែត្រ មានទម្ងន់១៦គីឡូក្រាម ត្រូវបានបុរសជនជាតិចិនប្រចាំរោងចក្រ ប្រទះឃើញនៅក្នុងលូបង្ហូរទឹក ហើយនាំគ្នាចាប់យកមកប្រគល់ជូនអាជ្ញាធរ និងរាយការណ៍បន្តទៅខាងផ្នែកអភិរក្សសត្វព្រៃ ដើម្បីទទួលយកទៅទុកដាក់នៅកន្លែងមានសុវត្ថិភាពចៀសវាងធ្លាក់ទៅលើជនខិលខូចយកទៅជួញដូរខុសច្បាប់។
គេបានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលនេះ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បើតាមបុរសជនជាតិចិនបានប្រាប់តាមរយៈអ្នកបកប្រែថា សត្វពស់ថ្លាន់ញីមួយក្បាល នេះ ត្រូវបានប្រទះឃើញ សម្ងំក្នុងលូ ក្នុងរោងចក្រ មូលហេតុដោយសារមានការស្ទះប្រពន្ធលូបង្ហូរទឹក ទើបងឿងឆ្ងល់ លុះតាមរកមើល ស្រាប់តែប្រទះឃើញ សត្វពស់ថ្លាន់មួយក្បាល ដែលកំពុងពួនសម្ងំក្នុងប្រហោងលូទៅវិញ ទើបនាំគ្នាចាប់ លើកយកមកប្រគល់ជូនអាជ្ញាធរភូមិ តែម្ដង។
ប្រភពពីលោកមេភូមិស្រែជម្រៅ បានឲ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលនេះ ក្រោយពីជនជាតិចិនធ្វើការក្នុងរោងចក្រ ចាប់បានយកមកប្រគល់ឲ្យបែបនេះ សបញ្ជាក់ឲ្យឃើញថា ជនជាតិចិន រូបនេះក៍មានចិត្ត អាណិត សត្វព្រៃ ចង់ចូលរួមចំណែក ក្នុងការអភិរក្សសត្វព្រៃនៅកម្ពុជាដូចយើងដែរ ទើបពួកគាត់នាំគ្នាចាប់ យកមកប្រគល់ឲ្យអាជ្ញាធរ ដើម្បីយកទៅរក្សាទុក កន្លែងមានសុវត្ថិភាពជាបន្ដទៀត។
លោកបន្ដថា សត្វពស់ថ្លាន់មួយក្បាលខាងលើ ត្រូវបាន ប្រជាពលរដ្ឋ និងមេភូមិ ស្រែជម្រៅ ប្រគល់ជូនបន្តទៅ អាជ្ញាធរខណ្ឌពោធិសែនជ័យ ដើម្បីរាយការណ៍បន្តទៅខាងអង្គការអភិរក្សសត្វព្រៃ វ៉ាយអេត មកទទួលយកទៅរក្សាទុក កន្លែងដែលមានសុវត្ថិភាព ដែលនេះជាទឹកចិត្ត ស្រឡាញ់ រួមគ្នាថៃរក្សាសត្វព្រៃ ប្រសើរជាង ធ្លាក់ទៅលើ ជនខិលខូច ដោយប្រការណាមួយ យកទៅធ្វើជាជំនួញជួញដូរសត្វព្រៃខុសទៅនឹងច្បាប់។
ប្រជាពលរដ្ឋបានលើកឡើងថា សូម្បីជនបរទេស គេមករកស៊ីនៅស្រុកយើងក៏គេចេះស្រឡាញ់សត្វព្រៃរួមគ្នាជួយថែរក្សាសត្វព្រៃកុំឲ្យផុតពូជន៍ដែរ ចុះចំពោះយើងជាពលរដ្ឋម្ចាស់ប្រទេសរឿងអីយើងមិនចេះថែរក្សាការពារធនធានធម្មជាតិរបស់យើងនោះ៕
កម្ពុជាថ្មី
វិទូ
No comments:
Post a Comment