
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានប្រមាណ១ពាន់ មកពីគ្រប់បណ្ដាស្ថាប័ននៅក្នុងប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១៤ មករានេះ។
អ្នកកាសែតដែលចូលរួមជំនួបនោះរួមមាន ឥស្សរជនអតីតជាអ្នកដឹកនាំកាសែត , អ្នកកាសែតក្នុងស្រុកល្បីៗ , អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍ ,អ្នកថតរូប ,ថតវីដេអូទូរទស្សន៍ ,អ្នកកាសែត , និពន្ធនាយកកាសែត ទស្សនាវដ្តី , អ្នកនាំពាក្យតាមស្ថាប័នក្រសួង រាជធានីខេត្ត ,ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត , អ្នកកាសែត on-line ជាដើម។ ចំពោះការចូលរួមនេះ សមាសភាពអ្នកកាសែតត្រូវបានកំណត់ចំនួនពីរនាក់ក្នុងមួយស្ថាប័នសារព័ត៌មាន។ ប៉ុន្តែក៏មានករណីពិសេសសម្រាប់ស្ថាប័នព័ត៌មានមួយចំនួនផងដែរ។
តែយ៉ាងណាការជុំជួបរវាងអ្នកកាសែត និងសម្ដេច ហ៊ុន សែន ក៏មានអាកអន់ចិត្តពីខាងសហសេវិកជាអ្នកយកព័ត៌មានមួយចំនួន ដែលមិនត្រូវបានអញ្ជើញនោះ បានរិះគន់ចំពោះការរៀបចំរបស់ក្រសួងព័ត៌មានដែរ។ ពួកគេទាំងនោះចោទជាសំនួរថា មូលហេតុបានជាក្រសួងព័ត៌មានអញ្ជើញអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និង មន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត មកចូលរួមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនេះ តែមិនអញ្ជើញពួកគេ ដែលជាអ្នកយកព័ត៌មានទៅវិញ។ ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធី បានបញ្ជាក់ដូច្នេះថា៖«ចំពោះសហសេវិកជាអ្នកកាសែតផ្ទាល់គឺអង្គភាពនីមួយៗដែលសហសេវិកយើងនៅធ្វើការជាមួយ ជាអ្នកចុចឈ្មោះហៅ មិនមែនក្រសួងទេ »។
ប៉ុន្តែងាកប្រការអញ្ជើញអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និង មន្ត្រីមន្ទីរព័ត៌មានខេត្តមកចូលរួមក្នុងពិធីជួបពិភាក្សារវាងអ្នកសារព័ត៌មាន និងសម្ដេច ហ៊ុន សែន នេះ ត្រូវបានលោក ខៀវ កាញារីទ្ធី សរសេរបកស្រាយលើហ្វេសប៊ុកខ្លួនថា ៖«ការអញ្ជើញអស់លោកទាំងបីនាក់នេះ គឺដើម្បីអស់លោកទាំងនោះបានស្គាល់អ្នកកាសែត និង យល់ពីសំនូមពរអ្នកកាសែតកាន់តែច្បាស់ថែមទៀត »។
ជំនួបរវាងអ្នកកាសែត និងនាយករដ្ឋមន្ត្រីកម្ពុជា គឺជាការមូលមតិគ្នាផ្តួចផ្តើមរបស់សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីស្នើសុំជួបជាមួយសម្តេច ហ៊ុន សែន តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានជាច្រើនឆ្នាំមកហើយ ៕
ធ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment