អ៊ីស្រាអែល​ផ្តាច់ជំនួយ​ដល់ UN សងសឹក​រឿង​បោះឆ្នោត​ប្រឆាំង​ខ្លួន​



ក្រៅពី​កោះហៅ​មន្ត្រី​ទូត​រដ្ឋ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ (UNSC) ​មក​សួរនាំ លោក បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ បានប្រកាស​ផ្តាច់ជំនួយ​សម្រាប់​អង្គការសហប្រជាជាតិ​ដែលមាន​ទំហំ​ជាង ៧​លាន​ដុល្លារ​។ នេះ​ជា​ការសង​សឹង​របស់​អ៊ីស្រាអែល​សម្រាប់​ការអនុម័ត​ដំណោះស្រាយ​ប្រឆាំង​ខ្លួន​ពាក់ព័ន្ធ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu)​បានប្រកាស​ផ្តាច់ជំនួយ​ដែល​អ៊ីស្រាអែល​ផ្តល់​ឲ្យ​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ឆ្លើយតប​ការអនុម័ត​ដំណោះស្រាយ​ដែល​ទាមទារ​ឲ្យ​ខ្លួន​ឈប់​ឈ្លានពាន​ប៉ា​ឡេ​ស្ទី​ន​។​

​លោក នេ​តាន់​យ៉ា​ហ៊ូ​បានបញ្ជាក់​ច្បាស់​ថា លោក​បានសម្រេច​បញ្ចប់​ជំនួយ​មាន​ទំហំ ៧,៨ លាន​ដុល្លារ​អាមេរិក​ដែល​ផ្តល់​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ចំនួន ៥​នោះ ហើយ​លោក​ចាត់ទុកថា អង្គការ​អន្តរជាតិ​នេះ​បង្ក​អរិភាព​ជាមួយនឹង​ខ្លួន​ថែម​ទៀតផង​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ បានប្រកាស​ដូច្នេះ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ ក្នុង​ថ្ងៃ​ដដែល​នោះ​នាយករដ្ឋមន្ត្រី​ខាងលើ​បាន​បញ្ជ​ឲ្យ​មន្ត្រីក្រោមឱវាទ​កាត់បន្ថយ​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដែល​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ ដើម្បី​ជាការ​ព្រមាន​។​

​ការប្រកាស​បែបនេះ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ដំណោះស្រាយ​ដែល​ស្នើឡើង​ដោយ​ម៉ាឡេស៊ី , សេ​ណេ​ហ្កា​ល់​,​ណូ​វែ​ល​សេ​ឡង់ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​ប្រញាប់​នូវ​ការសង់​លំនៅដ្ឋាន​ខុសច្បាប់​លើដី​ប៉ា​ឡេ​ស្ទី​ន​។

​ដើមឡើយ អេ​ហ្ស៊ី​ប​ជា​អ្នក​ព្រាង​ដំណោះស្រាយ​នេះ ប៉ុន្តែ​រដ្ឋ​មួយ​នេះ​សុខចិត្ត​ដក​មកវិញ​ក្រោយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ទូរ​សព្ទ​ទៅ​សួរនាំ និង​ស្នើ​ឲ្យ​ដក​ដំណោះស្រាយ​នេះ​ចេញ​។ អេ​ហ្ស៊ី​ប​មិន​ខ្វល់​ពី​រដ្ឋបាល​អូ​បា​ម៉ា​ឡើយ ព្រោះ ដូ​ណា​ល់ ត្រាំ ឯណោះ​ទេ​នឹងត្រូវ​ដឹកនាំ​អាមេរិក​ក្នុង​រយៈពេល ៤​ឆ្នាំ​ទៅមុខ​យ៉ាងតិច​។ ហើយ​សម្រាប់​អេ​ហ្ស៊ី​ប ប៉ា​ឡេ​ស្ទី​ន​ក៏​មិនមាន​តម្លៃ​អ្វី​ច្រើន​ដូច​អ៊ីស្រាអែល​ដែរ​។ ដូច្នេះ ដក​ដំណោះស្រាយ​ចេញ​ដើម្បី​កុំ​ឲ្យ​មានរឿង​ហ្មងសៅ​ទៅ​ថ្ងៃមុខ​។ ក្រោយ​អេ​ហ្ស៊ី​ប​ដក​សេចក្តីព្រាង​ដំណោះស្រាយ​ដើម​ចេញ ប្រទេស​ទាំង​បួន​ខាងលើ​ក៏​ដាក់​សេចក្តីព្រាង​ដំណោះស្រាយ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​តែម្តង​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ

No comments: