
ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ពិនិត្យមើលបញ្ហាករណីគ្រោះថ្នាក់ ចរាចរណ៍លើ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅប៉ោយប៉ែត ដើម្បីឈានដល់ការដោះស្រាយ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចបានបញ្ជាទៅ តាំងពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
លោក ម៉ង់ ពុទ្ធី ជាលេខាគណបក្សសង្គ្រោះជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានប៉ូលិសក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ យកទៅឃុំខ្លួន នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ព្រះរាជអាជ្ញា បានធ្វើការចោទប្រកាន់ លោក ម៉ង់ ពុទ្ធី ជាលេខាគណបក្ស សង្គ្រោះជាតិ ក្រុងប៉ោយប៉ែត ពីបទ "ប៉ុនប៉ងមនុស្សឃាត ដោយចេតនា"។
ការចាប់ខ្លួននេះ ត្រូវបានភាគីប៉ូលិសចោទថា លោក ម៉ង់ ពុទ្ធី បានបើកឡាន បុកមន្ត្រីប៉ូលិសម្នាក់ ដែលជាមន្ត្រីរង ច្រកអន្តោប្រវេសន៍ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែលោក ម៉ង់ ពុទ្ធី បានអះអាងថា ខ្លួនមិនបានបុកប៉ូលិសរូបនោះទេ ហើយប៉ូលិស បានធ្វើពុតជាដេកដី នៅពីមុខឡាន។
សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១០:៣០ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចក្បាលស្ពាន ច្រកព្រំដែនកម្ពុជាថៃ បង្កដោយរថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2-A 5484 ។ ជនបង្កមានឈ្មោះ ម៉ង់ ពុទ្ធី ជាប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាលេខាគណបក្ស សង្គ្រោះជាតិ ក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះ ពីសិទ្ធ ជាមន្ត្រីនគរបាលរង ច្រកអន្តោប្រវេសន៍ ក្រុងប៉ោយប៉ែត។
រឿងរ៉ាវដែលកើតឡើង គឺដោយក្រុមម៉ូតូឌុប បានបង្ករភាពរយ៉េរយ៉ៃ ហើយ ប៉ូលិសឈ្មោះ សិទ្ធិ ក៏បានទៅប្រាប់ កុំឲ្យបង្កភាពអនាធិបតេយ្យ ប៉ុន្តែនៅពេលនោះ លោក ម៉ង់ ពុទ្ធី មកដល់ ក៍បានអោយអ្នករត់ម៉ូតូឌុប ឡើងឡាន ប៉ុន្តែមន្ត្រីប៉ូលិសរូបនោះ ក៏បានឃាត់អោយចុះ មកនិយាយគ្នា តែពួកគេមិនព្រម ដោយប៉ូលិស បានព្យាយាមរារាំង ភាគីខាងរថយន្ត អោយឈប់ ហើយក៏បានទៅឈរពាំងឡាន ទើបលោកពុទ្ធី បើកបំបុកតែម្តង។
ជនរងគ្រោះ ឈ្មោះ ពីសិទ្ធ ជាមន្ត្រីនគរបាលរង ច្រកអន្តោប្រវេសន៍ ក្រុងប៉ោយប៉ែត ឥឡូវនេះ ត្រូវបានបញ្ចូនទៅ មន្ទីពេទ្យ អារញ្ញប្រថេត ប្រទេសថៃ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment