
ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង ដោយរថយន្តកុងតឺន័រ បុកគ្នាជាមួយរថយន្ត សាំយ៉ុងយ៉ាងពេញទំហឹង បណ្តាលអោយបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងកម្មករ របួសស្រាល ១៨នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២00 ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានអោយដឹងថា រថយន្តមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7699 ទិសដៅពីត្បូងទៅជើង (អ្នកបើកបរ គេចខ្លួនបាត់) បើកមកដល់ចំណុច កើតហេតុ បានបុកពីក្រោយ រថយន្តមួយគ្រឿង ដឹកកម្មកររោងចក្រ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ 2AG 8230 អ្នកបើកបរ គេចខ្លួនបាត់ បណ្តាលឲ្យអ្នករួមដំណើរ ក្នុងរថយន្ត រងរបួសធ្ងន់ម្នាក់ ឈ្មោះ ហេង ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ហើយបានស្លាប់ ក្រោយពេលបញ្ជូន ដល់គ្លីនិកឯកជនវាលរេញ។ ក្រៅពីនេះ កម្មករ កម្មការិនី ចំនួន១៨ នាក់ ផ្សេងទៀត បានរងរបួសស្រាល។
បច្ចុប្បន្ន សមត្ថកិច្ច បានអូសរថយន្តទាំង២គ្រឿង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយ នៅពេលក្រោយ៕
CEN
ដោយ: សមុទ្ររាម
No comments:
Post a Comment