
ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើននាក់មកពីតាមបណ្តារាជធានី ខេត្ត បានផ្ទុះការតវ៉ាសាជាថ្មីម្តងទៀតប្រឆាំងជាមួយនិងលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម ពាក់ព័ន្ធការពុះដីធ្វើផ្លូវកាត់ព្រះវិហារអាល់សារកាល ដែលស្ថិតនៅក្នុងតំបន់បឹងកក់។
ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ នៅក្នុងការតវ៉ានេះ គឺឃើញមានវត្តមានលោក អះម៉ាត់ យះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចូលរួមផងដែរ។
ការតវ៉ានេះ ប្រជាពលរដ្ឋខ្មែរឥស្លាមបាននាំគ្នាលើកបដារតវ៉ាមិនឲ្យធ្វើផ្លូវកាត់ព្រះវិហារនោះទេ និងបានកាត់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានសូមឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ផងដែរ។
លោក អះម៉ាត់ យះយ៉ា បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា សាលារាជធានីភ្នំពេញធ្វើផ្លូវធ្វើចុះ ប៉ុន្តែសូមមេត្តាធ្វើវៀងតាមរបង ដើម្បីទុកទីធ្លាមុខព្រះវិហារធ្វើចំណតរថយន្ត និងធ្វើបុណ្យទានធំៗ ហើយការធ្វើផ្លូវកាត់នេះ គឺមិនសមរម្យទេ។ ហើយប្រជាពលរដ្ឋមកនេះ គ្រាន់តែដើម្បីសម្តែងមតិ និងមិនមានគោលបំណងហិង្សាទេ គឺសន្តិភាព។
លោកបានបញ្ជាក់ថា “គេចោទពួកខ្ញុំថា ជាពួកប្រឆាំង ប៉ុន្តែមិនមែនពួកប្រឆាំងទេ គឺជាពពួកទទូច អង្វរក សាលាក្រុងភ្នំពេញ រដ្ឋអំណាច ឲ្យធ្វើវៀងទៅ កុំឲ្យប៉ះពាល់ដល់វិហាររបស់ខ្ញុំ តែប៉ុណ្ណឹងទេ។ ខ្ញុំជារដ្ឋលេខាធិការមួយរឿងអីខ្ញុំទៅប្រឆាំងជាមួយរដ្ឋាភិបាល ប៉ុន្តែខ្ញុំតស៊ូមតិទទូចឲ្យធ្វើតាមរបងទៅ ចិត្តរបស់ពួកខ្ញុំ គឺអត់គាំទ្រដដែល រឿងនេះមិនមែនជារឿងនយោបាយទេ ជារឿងសាសនា”។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងការពុះផ្លូវកាត់ព្រះវិហារអាល់សារកាល និងបានផ្ទុះកំហឹងវាយបំផ្លាញរបងការដ្ឋានធ្វើផ្លូវកាត់ព្រះវិហារថែមទៀតផង៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment