អ្នកនាំពាក្យ​ក្រសួងការបរទេស​៖ ចិន នៅ​មិនទាន់​ជា​មហាអំណាច​សេដ្ឋកិច្ច​ខ្លាំង​បំផុត​របស់​ពិភពលោក​នោះទេ​



គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេចបាន​ជោគជ័យ​ការទូត​គួរកត់សម្គាល់​ជាប់ៗ​គ្នា ដែល​ជោគជ័យ​ទាំងនោះ រួមមាន​ទាំង​ការផ្តើម​ការទូត​ឡើងវិញ​ជាមួយនឹង ន័​រវេ​ស សៅ​តូ​មេ និង​ព្រី​ន​ស៊ី​ប (Sao Tome and Principe) និង​ការបញ្ឈប់​ដំណើរ​ទស្សនកិច្ច​សម្តេច​សង្ឃ​ទី​បេ​ទៅកាន់​ម៉ុង​ហ្គោ​លី​ជាដើម​នោះ​។ ជោគជ័យ​នេះ ក្រុង​ប៉េកាំង អះអាងថា​មិនមែន​មកពី​អំណាច​សេដ្ឋកិច្ច​របស់ខ្លួន​នោះទេ តែដោយសារ​គោលនយោបាយ​ការទូត​រឹងមាំ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី ២៧ ធ្នូ អ្នកសារព័ត៌មាន បាន​លើកឡើងថា​៖«​ការទូត​របស់​ចិន ចុងក្រោយ​នេះ សម្រេចបាន​សមិទ្ធផល​ចម្បង​ច្រើន ដែល​រួមមាន​ការផ្តើម​ទំនាក់ទំនង​ធម្មតា​ឡើងវិញ​ជាមួយនឹង ន័​រវេ​ស ការប្តេជ្ញាចិត្ត​របស់​ម៉ុង​ហ្គោ​លី​មិន​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ស​ម្តេច​ទី​បេ Dalai និង​ការ​ផ្តាច់ចំណង​ការទូត​រវាង សៅ​តូ​មេ និង​ព្រី​ន​ស៊ី​ប​ជាមួយនឹង​តៃវ៉ាន់​។ ហើយ​កាសែត Bloomberg ថែមទាំង​ពណ៌នា ជោគជ័យ​នេះ​ថា​ជា​ជោគជ័យ​កា​ទូត​បី​ជាប់ៗ​គ្នា និង​កាសែត​ខ្លះទៀត ថា​ក៏ដោយ​តែ​អំណាច​សេដ្ឋកិច្ច ដែល​ប្រៀប​ដូច​អាវុធ​យុទ្ធសាស្ត្រ​នោះ​»?

​តប​នឹង​ការលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បានបញ្ជាក់​តាមន័យ​សេដ្ឋកិច្ច​ថា ក្នុងនាម​ជា​ប្រទេស​កំពុងតែ​អភិវឌ្ឍ​ដែល​ធំជាងគេ​របស់​ពិភពលោក «​ចិន​មិនទាន់​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ខ្លាំងក្លា​បំផុត​»​នៅឡើយ​នោះទេ​។ លោកស្រី បាន​ពន្យល់ថា​ទំនាក់ទំនង​ការទូត​របស់​ចិន ផ្តោតលើ ការគោរព​គ្នា​ទៅវិញទៅមក ការគាំទ្រ​គ្នា​ប្រកបដោយ​សមភាព និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដែល​ស្របតាម​គោលការណ៍​សហ​ស្ថិរភាព​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៩ ធ្នូ​កន្លងទៅ រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ន័​រវេ​ស បាន​ផ្តើម​ចំណង​នយោបាយ និង​ដំណើរការ​ការទូត​ធម្មតា​ឡើងវិញ​ជាមួយនឹង​គ្នា បន្ទាប់ពី មានរឿង​រកាំរ​កុះ​នៅ​ឆ្នាំ​២០១០​នោះ​។ ស្រប​នឹង​ការ​ដំណើរការ​ការទូត​នេះដែរ ភាគី​ទាំងពីរ បាន​ផ្តើម​កិច្ចចរចា​សេដ្ឋកិច្ច​កម្រិត​កំពូល​ជាមួយគ្នា ដែល​គេ​ស្គាល់​ថា​ជា «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​»​។

​បន្ថែម​ពីនេះ នៅ​ថ្ងៃទី​២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេស​ម៉ុង​ហ្គោ​លី Tsend Munkh-Orgil បានប្រកាសថា មេដឹកនាំ​និរទេស​ទី​បេស​ម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈាន​ជើង​ចូល​ទឹកដី​ម៉ុង​ហ្គោ​លី​ទៀតឡើយ បើទោះជា​ក្នុង​គោលដៅ​សាសនា​ក៏ដោយចុះ​។ ការប្រកាស​នេះ ក៏​ធ្វើឡើង​ក្រោយពី ចិន បានផ្ដល់​មេរៀន​ជូរចត់​មួយ​ដល់​ម៉ុង​ហ្គោ​លី ដែល​ចង់​ទទួល​សម្ដេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា ដោយបាន​បិទ​ចំណុច​ឆ្លង​ព្រំដែន​ដ៏​សំខាន់​ជាមួយ​ម៉ុង​ហ្គោ​លី ដែល​ធ្វើ​ឲ្យ​ឡាន​ដឹកទំនិញ​រាប់ពាន់​គ្រឿង​មិនអាច​ចូល​ទឹកដី​ចិន​បាន​។​

​ហើយ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល Sao Tome and Principe នៅ​ថ្ងៃទី​២៦ ធ្នូ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយនឹង​គ្នា​ឡើងវិញ ក្រោយពី​បាន​កាត់ផ្តាច់​គ្នា​អស់​រយៈពេល​១៩​ឆ្នាំ​ហើយ​នោះ​។ ការបន្ត​ចំណង​ការទូត​នេះ ធ្វើឡើង​ក្រោយពី ប្រទេស​តំបន់​អាហ្វ្រិក Sao Tome and Principe បានប្រកាស​ផ្តាច់ចំណង​ការទូត​ជាមួយនឹង​កោះ​តៃវ៉ាន់ ក្រោម​ហេតុផល​ថា ភ្ជាប់​ទំនង​ទំនង​ជាមួយនឹង​ចិន អាចជួយ​ស្រោចស្រង់​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ប្រជាជន​ខ្លួន​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

No comments: