
ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារូស ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ធ្នូ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យបេឡារូស បង្កើតរោងចក្រផលិតរថយន្តនៅកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអាស៊ាន និងអឺរ៉ុប និងទិញអង្ករឲ្យបានច្រើនពីប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Vladimir Goshin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារូស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារស្ដីពីពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ។
អមដំណើរឯកអគ្គរដ្ឋទូតមាន លោក Stanislav Vassilevsky ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូត និងតំណាងរោងចក្ររថយន្តនៅទីក្រុង Minsk។
នាឱកាសនោះ លោកស្រី តឹករ៉េត កំរង បានស្នើសុំ លោក ឯកអគ្គរដ្ឋទូតឲ្យសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីររៀបចំការផ្គូផ្គងជំនួញ និងវេទិកាធុរកិច្ច ដូច្នេះវិនិយោគិន អាចស្វែងរកឱកាសធ្វើធុរកិច្ច បញ្ហាប្រឈមនានា និងច្បាប់ពាក់ព័ន្ធការវិនិយោគ ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ពួកគេ។
លោកស្រី ក៏បានស្នើដល់តំណាងរោងចក្ររថយន្តនៅទីក្រុង Minsk ឲ្យពិចារណាប្រើប្រាស់ប្រទេសកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារអឺរ៉ុប ដោយប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)” ផ្តល់ដោយសហភាពអឺរ៉ុប។
លើសពីនេះ លោកជំទាវ រដ្ឋលេខាធិការ ក៏បានស្នើ លោក ឯកអគ្គរដ្ឋទូត ឲ្យអំពាវនាវប្រាប់អ្នកវិនិយោគបេឡារូសធ្វើការទិញផលិតផលកសិកម្មដូចជាអង្ករឲ្យបានច្រើនពីប្រទេសកម្ពុជា។
លោក Vladimir Goshin បានថ្លែងអំណរគុណដល់លោកជំទាវ រដ្ឋលេខាធិការ ដែលបានចែករំលែកព័ត៌មានដែលមានអត្ថប្រយោជន៍ ហើយឯកឧត្ដម នឹងសិក្សាពីលទ្ធភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ នៅពាក់កណ្ដាលឆ្នាំក្រោយនៅក្នុងប្រទេសបេឡារូស ដើម្បីអញ្ជីញភាគីកម្ពុជាចូលរួម។
លោក Vladimir Goshin បានជម្រាបលោកជំទាវរដ្ឋលេខាធិការបន្ថែមថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំតូចនៅឡើយ ហើយលោកបានស្នើឲ្យប្រទេសទាំងពីរគួរធ្វើការជាមួយគ្នាជិតស្និទ្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្យដល់២០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។
លោកបានគូសបញ្ជាក់ថា បេឡារូសកំពុងស្វែងរកអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កម្ពុជា ដោយសារតែការផ្គត់ផ្គង់ពីវៀតណាមមិនគ្រប់គ្រាន់ដែលនេះជាឱកាសល្អសម្រាប់កម្ពុជា៕
កម្ពុជាថ្មីៗ
ឌួងវិរះជ័យ
No comments:
Post a Comment