សាលារៀន​រដ្ឋ​ចំនួន​១០១​ទីតាំង​ ទទួល​បាន​អត្ថប្រយោជន៍​ពី​យុទ្ធនាការ «​អ៊ីនធឺណិត​មិ​ត្ដ​ហ្វូ​ន​ទៅកាន់​សាលារៀន​»



ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមការងារ​បច្ចេកទេស​មិ​ត្ដ​ហ្វូ​ន​បានបញ្ចប់​កិច្ចការ​ត​បណ្ដាញ​អ៊ីនធឺណិត​ឥតគិតថ្លៃ​ដល់​សាលារៀន​រដ្ឋ​ចំនួន ១០១ ទីតាំង​ទូទាំងប្រទេស​។ សាលា​ទាំងនោះ​ជា​គោលដៅ​អាទិភាព​មួយ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការចុះហត្ថលេខា​នៃ​ការយោគយល់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​។
​ក្រុមការងារ​មិ​ត្ដ​ហ្វូ​ន​ថ្ងៃ​ចន្ទ​នេះ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​សាលារៀន​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។

ទស្សនកិច្ច​ទៅកាន់​សាលារៀន​

លោក បៀ​ន ជា​នាយក​ផ្នែក​អ៊ីនធឺណិត​ប្រតិ​ប​ត្ដិ​ការ​នៅតាម​បណ្ដាល​សាលារៀន បាន​និយាយថា​៖ «​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ដែល​មក​សាលារៀន​ទាំងនេះ​ក្រោយពី​ពង្រាយ​បណ្ដាញ​សេវាកម្ម​។ ដំបូង យើង​ត្រួតពិនិត្យ​គុណភាព​សេវាកម្ម​ដែល​បាន​ផ្ដល់ជូន ហើយ​ទី​ពីរ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រចាំថ្ងៃ និង​វិធី​ដោះស្រាយ​ជូន​ពួកគាត់​»​។
​នៅ​វិទ្យាល័យ​ហ៊ុនសែន​ជំ​ពូ​វន្ដ ឧបករណ៍​ម៉ូ​ឌឹ​ម ត្រូវបាន​តម្លើង​ក្នុង​បន្ទប់​ប្រជុំ​គ្រូ​។ រាល់​ឧបករណ៍​ត្រូវបាន​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​មិ​ត្ដ​ហ្វូ​ន ទូរទស្សន៍ និង​ម៉ាស៊ីន​ព្រី​ន​។ ក្រុមការងារ​បាន​ជួប​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​ទីចាត់ការ ដែល​ពួកគេ​ថ្លែង​អំពី​សារសំខាន់​នៃ​អ៊ីនធឺណិត ជា​ប្រយោជន៍​សម្រាប់​ទាំង​ការបង្ហាត់បង្រៀន​ប្រចាំថ្ងៃ ធ្វើការ​ស្រាវជ្រាវ ត្រៀម​លំ​ហាត់​សម្រាប់​សិស្ស​។ វិទ្យាល័យ​ហ៊ុនសែន​ជំ​ពូ​វន្ដ មាន​គ្រូបង្រៀន​ចំនួន ២៣០ នាក់ និង​សិស្ស ៤៨០០ នាក់​ចាប់ពី​ថ្នាក់​ទី​៧ ដល់ទី​១២។

លោក លីម ចន្ថា ជា​នាយក​វិទ្យាល័យ​ជំ​ពូ​វន្ដ បាន​លើកឡើងថា​៖ «​ក្រុមការងារ​មិ​ត្ដ​ហ្វូ​ន ពេញចិត្ដ​នឹង​ទស្សនកិច្ច​នេះ និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​លោកគ្រូ​អ្នកគ្រូ និង​នាយក​សាលា​លើ​ការផ្ដល់​សិស្សានុសិស្ស​នូវ​ចំណេះដឹង​បន្ថែម​។ ថ្វីដ្បិតតែ​ថ្នាក់រៀន​ខ្លះ​មាន​ចំនួន​សិស្ស​លើសលប់ ដែល​ជួនកាល​ដល់ ៨០ នាក់​ក្នុង​ថ្នាក់​យ៉ាងណាក៏ដោយ ក៏​សិស្សានុសិស្ស​នៅតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយ​វា​ក៏​មិនមែន​បញ្ហា​ចម្បង​សម្រាប់​ពួកគេ​ឡើយ​»​។

លោក​ផ្ទាល់​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅទីនេះ​ក្នុង​ឆ្នាំ​១៩៨៣ និង​ត្រឡប់មក​ធ្វើជា​គ្រូបង្រៀន​វិញ​នៅ​ឆ្នាំ​១៩៨៧​។ ក្រោយពី​ត្រូវបានតែងតាំង​ជា​នាយករង​នៅ​ឆ្នាំ​២០០៦ និង​ជានា​យក​វិទ្យាល័យ​ក្នុង​ឆ្នាំ​២០១១​។​

ការឧបត្ថម្ភ​នេះ​អនុញ្ញាត​ឲ្យ​សាលារៀន​រដ្ឋ​នីមួយៗ​អាច​សន្សំសំចៃ​លើ​អ្វីដែល​ត្រូវបាន​ចាត់ទុកជា​កិច្ចការ​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ន​នោះ គឺ​អ៊ីនធឺណិត​។ ចាប់ពី​តម្លើង​សេវាកម្ម​អ៊ីនធឺណិត​ឥតគិតថ្លៃ សាលា​នីមួយៗ​អាច​សល់​ប្រាក់​ជា​មធ្យម​ប្រមាណ ១០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​។

គម្រោង​អ្វី​បន្ទាប់​?
លោក បៀ​ន បាន​បន្ដថា​៖ «​នៅសល់​សាលារៀន​រដ្ឋ​ជិត ៥០០០ ទីតាំង​ទៀត​នឹងត្រូវ​តម្លើង​បណ្ដាញ​អ៊ីនធឺណិត ហើយ​យើង​កំពុងតែ​ខិតខំ​ព្យាយាម​ផ្ដល់​សេវា​កម្មនេះ​ទៅកាន់​បណ្ដាល​សាលារៀន​ទាំងអស់​ឲ្យ​បាន​ឆាប់​បំផុត​។ ដើម្បី​ពង្រាយ​បណ្ដាញ​អ៊ីនធឺណិត​ទៅកាន់​សាលារៀន​ដ៏​ច្រើន​ស​ន្ធឺ​ក​ដែល​វា​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះ យើង​ត្រូវ​ស្ទាបស្ទង់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​នីមួយៗ រៀបចំ​គម្រោង​សម្រាប់​ក្រុមបច្ចេកទេស​ចំនួន ៥០ នាក់ ក្នុង ២៥ ខេត្ដ​-​ក្រុង និង​កត់ត្រា​សម្ភារ​ចាំបាច់ (​ម៉ូ​ឌឹ​ម ឬ​ខ្សែកាប​ជាដើម​) គ្រប់គ្រង​គុណភាព​សេវា​ក្រោយពី​តម្លើង និង​ល្បឿន​របស់​វា​»​។
អំពី​អនុស្សារណៈ​នៃ​យោគយល់​: គម្រោង​នេះ​នឹងត្រូវ​អនុវត្ដ​រយៈពេល ៥ ឆ្នាំ​ចាប់ផ្ដើម​ពី​ខែកក្កដា ឆ្នាំ​២០១៦ និង​ដំណើរការ​ទូទាំងប្រទេស​។ គម្រោង​នេះ នឹង​ផ្ដល់នូវ​កញ្ចប់​លើក​ទឹក​ចិ​ត្ដ Telecom ទៅកាន់​សាលារៀន​រដ្ឋ​ចំនួន ៥០០០ កន្លែង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គរុ​សិស្ស សាកលវិទ្យាល័យ និង​ការិយាល័យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ពង្រាយ​បណ្ដាញ​អ៊ីនធឺណិត និង​អ៊ីនធឺណិត​ឥតគិតថ្លៃ​។ តម្លៃ​នៃ​គម្រោង​ទាំងមូល​មាន​ចំនួន​ទឹកប្រាក់ ៥ លាន​ដុល្លារ​។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក​បម្រើការ​ក្នុង​វិស័យ​អប់រំ​ជិត ១ លាន​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ ដើម្បី​ក្លាយជា​សសរទ្រូង​ប្រទេសជាតិ​ដ៏​រឹងមាំ​។
អំពី​មិ​ត្ដ​ហ្វូ​ន : ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ឈានមុខ​នៅ​កម្ពុជា និង​ជា​ប្រតិ​ប​ត្ដិករ​តែមួយគត់​ដែល​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត + អ៊ីនធឺណិត + ប្រព័ន្ធ​ទូរ​ទាត់​ប្រាក់​ចល័ត (eMoney)​។ ជា​ក្រុមហ៊ុន​ធំ​មួយ​ដែលមាន​បុគ្គលិក​កម្ពុ​ជាជាង ២០០០ នាក់ ជា​បណ្ដាញ​លក់​ដ៏​ធំ​បំផុត ជាមួយនឹង​សាខា (Showroom) ១០០ ទីតាំង និង​បញ្ជរ​លក់​ជាង ៤០០០ កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​អង់​តែ​ន​ល្អ​បំផុត និង​ច្រើនជាងគេ (BTS)​។

មិ​ត្ដ​ហ្វូ​ន បានធ្វើការ​វិនិយោគ​លើ​សកម្មភាព​សង្គម​តាំង​ដំណើរការ​ដំបូង​ដោយ​ចំណាយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​លើ​វិស័យ​អប់រំ កីឡា សុខភាព និង​សកម្មភាព​សង្គម​ផ្សេងៗ​។ មិ​ត្ដ​ហ្វូ​ន​ជា​មែកធាង​នៃ​ក្រុមហ៊ុនមេ Viettel Global ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​ដែលមាន​ទីតាំង​ចំនួន ១១ ប្រទេស និង​ស្ថិត​ក្នុងចំណោម​សម្ព័ន្ធ​ធំៗ​ទាំង ២០ ដែលមាន​អតិថិជន​ច្រើន​បំផុត​ក្នុង​ពិភពលោក៕

កម្ពុជា​ថ្មី

No comments: