លោក ឃែ​រី រម្លឹក​អ៊ីស្រាអែល​ថា​«​រដ្ឋបាល​អូ​បា​ម៉ា​ជួយ​អ៊ីស្រាអែល​ច្រើនជាង​អ្នកណា​ទាំងអស់​»



ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​អាមេរិក និង​អ៊ីស្រាអែល កំពុង​ជួប​បញ្ហា​រកាំរកូស​យ៉ាងខ្លាំង ក្រោយ​ការបោះឆ្នោត​ថ្កោលទោស​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ចោទថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្បត់​ខ្លួន ប៉ុន្តែ​អាមេរិក​ក៏​ឆ្លើយ​វិញ​ថា ខ្លួន​បោះឆ្នោត​ដើម្បី​សន្តិភាព និង​ឆ្លៀត​រម្លឹក​អ៊ីស្រាអែល​ថា អាមេរិក​បាន​ជួយ​អ៊ីស្រាអែល​ច្រើនជាង​អ្នកណា​ទាំងអស់​។​

«​ធ្វើបុណ្យ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ រលាយ​បាត់អស់​» អាចជា​ប្រយោគ​ដែល​អាច​ប្រើ​សម្រាប់​ពន្យល់​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីស្រាអែល​នាពេល​បច្ចុប្បន្ន​។ សម្ព័ន្ធភាព​អាមេរិក និង​អ៊ីស្រាអែល ធ្លាក់​យ៉ាងខ្លាំង ក្រោយ​អាមេរិក​បោះឆ្នោត​អនុបវាទ​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ សំដៅ​ថ្កោលទោស​សកម្មភាព​របស់​អ៊ីស្រាអែល​ដែល​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

​បន្ទាប់ពី​ការបោះឆ្នោត រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី (John Kerry) បាន​និយាយ​ការពារ​ការបោះឆ្នោត​រប​ស់​ខ្លួន​ថា ជាការ​រក្សា​ដំណោះស្រាយ​រដ្ឋ​ពីរ រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន និង​ដើម្បី​រក្សា​សន្តិភាព​តំបន់​ផងដែរ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ណេ​តាន់​យ៉ា​ហ៊ូ មិន​ពេញចិត្ត​ការបកស្រាយ​រប​ស់​អាមេរិក​ទេ និង​បានចាត់ទុក​ប្រមុខ​ការទូត​អាមេរិក «​មិនមែនជា​មិត្ត​របស់​អ៊ីស្រាអែល​» ឡើយ ព្រោះ​មិត្ត​មិនអាច​ក្បត់​មិត្ត​ទេ​។​

​យ៉ាងណាក្ដី ប្រមុខ​ការទូត​អាមេរិក​រូបនេះ ហាក់​អន់​ចិត្តនឹង​ពាក្យសម្ដី​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីស្រាអែល ដែល​ប្រតិកម្ម​ធ្ងន់ៗ​ដាក់​អាមេរិក​ជុំវិញ​បញ្ហា​លើក​នេះ ដ្បិត​តាំងពីដើម​មក​អាមេរិក​មិនដែល​បោះបង់​អ៊ីស្រាអែល​ឡើយ​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២៨ ខែធ្នូ លោក ឃែ​រី បញ្ជាក់ថា នេះ​ជា​រឿង​ខកចិត្ត​ដែល​មិត្ត​របស់​អាមេរិក​ខ្លះ​ជឿថា ការបង្កើត​មិត្តភាព​ជាមួយ​អាមេរិក​គឺ តម្រូវ​ឲ្យ​អាមេរិក​គោរព​នយោបាយ​របស់ខ្លួន​។

​លោក សង្កត់ធ្ងន់​ទៀតថា មិត្តភក្តិ​ល្អ​ត្រូវ​ប្រាប់​គ្នា​ពី​ការពិត បើទោះជា​វា​ជា​រឿង​ពិបាក​ទទួលយក​យ៉ាងណាក៏ដោយ ហើយ​មិត្តភក្តិ​ល្អ ក៏ត្រូវ​គោរព​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ដែរ​។ រដ្ឋមន្ត្រីការបរទេស​រូបនេះ ក៏បាន​រម្លឹក​អ៊ីស្រាអែល ពី​ការប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការជួយ​រដ្ឋ​ជ្វី​ហ្វ​មួយ​នេះ​នាពេល​កន្លងមក​។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​សប្ដាហ៍​មុន គឺជា​ដំណោះស្រាយ​កម្រ​ប្រឆាំង​អ៊ីស្រាអែល ដ្បិត​អាមេរិក​តែង​បោះឆ្នោត​វ៉េតូ​រហូតមក​។​

​ជាការ​ពិត នរណា​ក៏​ដឹង​ដែរ​ថា អាមេរិក តែង​ជួយ​អ៊ីស្រាអែល​រហូតមក មិន​ថា​ការទូត ឬ​យោធា​ឡើយ​។ លោក ឃែ​រី អះអាងថា រដ្ឋបាល​លោក​អូ​បា​ម៉ា គឺជា​មិត្ត​ជិតស្និទ្ធ​របស់​អ៊ីស្រាអែល​តាំងពី​ដើមទី ហើយ​អាមេរិក​មិនដែល​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​អ្វី​ឡើយ​។ មកទល់ពេលនេះ គ្មាន​រដ្ឋបាល​អាមេរិក​ណាមួយ​ជួយ​ទំនុកបម្រុង​អ៊ីស្រាអែល​ច្រើនជាង​រដ្ឋបាល​លោក​អូ​បា​ម៉ា ទេ ហើយ​ដែល​នាយករដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ ផ្ទាល់ ក៏​ទទួលស្គាល់​ដែរ​។​

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: