
យុវតីម៉ិកស៊ិក Rubi Ibarra Garcia បានប្រារព្ធខួបកំណើតឈានដល់វ័យ១៥ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែធ្នូ ដោយមានអ្នកចូលរួមជាង១ម៉ឺននាក់។ នេះជាខួបកំណើត ដែលមានអ្នកចូលរួមច្រើនបំផុតដ៏គួរឲ្យកត់សម្គាល់ ដោយសារឪពុករបស់ក្មេងស្រីដ៏ស្រស់ស្អាតរូបនេះ បានប្រកាសអញ្ជើញភ្ញៀវតាមហ្វេសប៊ុក។
លោក Crescencio Ibarra បាននិយាយក្នុងវិដេអូឃ្លីបរយៈពេល៤៥វិនាទីមួយដើម្បីអញ្ជើញសាច់ញាតិ និងមិត្តភក្តិ ចូលរួមខួបកំណើត១៥ឆ្នាំរបស់កូនស្រី នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅតំបន់ La Joya ប្រទេសម៉ិកស៊ិក។ បន្ថែមពីលើនេះ លោកបានប្រកាសថានឹងមានកម្មវិធីប្រណាំងសេះ ប្រជែងយកប្រាក់រង្វាន់១០០០០ពើសូ (ប្រហែល៤៨៥ដុល្លារអាមេរិក)។ នេះបើតាមការផ្សាយរបស់ CNN។
ជារឿងមិននឹកស្មានដល់សាររបស់លោក Crescencio ទទួលបានការឆ្លើយតបពីមនុស្ស១.៣លាននាក់ដែលអះអាងថា ពួកគេនឹងចូលរួមខួបកំណើត១៥ឆ្នាំរបស់ Rubi Ibarra Garcia នៅរដ្ឋ San Luis Potosi ។ ក្រោយមក ទើបលោក Crescencio ដឹងថា ការអញ្ជើញតាមហ្វេសប៊ុករបស់គាត់គឺជាសាធារណៈ (Public) ដោយលោកភ្លេចកំណត់ Privacy ទៅកាន់តែមិត្តភក្តិ និងសាច់ញាតិ។
ជារឿងដែលហួសពេល និងពិបាកឆ្លើយតបទៅវិញ ទីបំផុតលោក Crescencio និងភរិយា បានសម្រេចជ្រើសរើសទីតាំងដ៏ធំទូលាយមួយដើម្បីប្រារព្ធខួបកំណើត Rubi ដែលមានការជួយឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួន។
យោងតាម AFP អ្នកចូលរួមពិតប្រាកដមានចំនួនជាង១ម៉ឺននាក់ ហើយភ្ញៀវមួយចំនួនបានធ្វើដំណើរអស់ជាច្រើនម៉ោងដើម្បីទៅកាន់ទីតាំងប្រារព្ធពិធីដែលធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ម៉ិកស៊ិក និងអាមេរិកឡាទីន។
ជាមួយគ្នាផងដែរ ពិធីដ៏អធិកអធមនេះ បានផ្តល់អនុស្សាវរីយ៍ដ៏រន្ធត់មួយ ដោយសារតែបុរសម្នាក់បានស្លាប់នៅក្នុងការប្រណាំងសេះ ហើយបុរសម្នាក់ទៀត បាក់ជើង នៅពេលដែលសេះទាំងពីរប៉ះទង្គិចគ្នា៕

ថ្មីៗ
អត្ថបទ : ធីតា
No comments:
Post a Comment