កម្ពុជា​ត្រូវការ​ពេល​ជិត​១០​ឆ្នាំ​ទៀត ទើប​អាច​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទូទាំង​ក្រុងភ្នំពេញ​



នៅ​ឆ្នាំ​២០២៥ ទើប​កម្ពុជា​មានលទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទូទាំង​ក្រុងភ្នំពេញ ខណៈ​បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA)​មានលទ្ធភាព​ផ្គត់ផ្គង់​ទឹកបាន​ប្រមាណ​៨៥​ភាគរយ​ប៉ុណ្ណោះ​។ មានន័យថា ពលរដ្ឋ​ប្រមាណ ១៥​ភាគរយ​ដែល​នៅសល់​នោះ ត្រូវ​រង់ចាំ​ជិត​១០​ឆ្នាំ​ទៀត​។

នៅមាន​ប្រជាពលរដ្ឋ​ប្រមាណ​១៥​ភាគរយ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់​។ នេះ បើតាម​លោក ស៊ឹម ស៊ីថា អគ្គនាយក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៦ ខែធ្នូ​។

​តាម​ផែនការ រហូតដល់​ឆ្នាំ​២០២៥ ទើប​PPWSA មានលទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ក្រុងភ្នំពេញ​។ លោក ស៊ឹម ស៊ីថា បន្ត​ដូច្នេះ មុននឹង​ពន្យល់​បន្ថែមថា​៖«​ការសង់​រោងចក្រ​មួយៗ យើង​ត្រូវ​ចំណាយពេល​ប្រហែល​ពី​៤ ទៅ​៥​ឆ្នាំ យើង​ត្រូវ​សិក្សា​រក​ទីតាំង​ស៊ីពេល​១​ឆ្នាំ យើង​ត្រូវ​រក​ជំនួយ​ឥណទាន ហើយ​ការសង់​រោងចក្រ​នោះ ស៊ីពេល​២​ទៅ​៣​ឆ្នាំ​ទៀត​។ ដូច្នេះ​ទើប​យូរ​»​។

​បើតាម​លោក ស៊ឹម ស៊ីថា PPWSA ត្រូវ​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​មួយទៀត ដើម្បី​ពង្រីក​វិសាលភាព​ផ្គត់ផ្គង់​ទឹកស្អាត ឲ្យ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុងភ្នំពេញ​។ អគ្គនាយក PPWSA រូបនេះ បញ្ជាក់ទៀតថា PPWSA កំពុង​សិក្សា​នៅ​ទីតាំង​សង់រោង​ចក្រ នៅ​២​ទីតាំង គឺ​នៅ​សង្កាត់​ព្រែក​តាសេក និង​សង្កាត់​ព្រែ​លាប ក្នុង​ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​លោក ស៊ឹម ស៊ីថា មិន​បង្ហើប​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវការ ដើម្បី​សង់រោង​ចក្រ​ថ្មី​នេះ​ទេ​។​

​បច្ចុប្បន្ន​កម្ពុជា មាន​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន​៤ ដែលមាន​លទ្ធភាព​ផលិត​ទឹកបាន​ប្រមាណ ៥៦ ម៉ឺន​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈ​តម្រូវការ​មាន​ច្រើនជាង​៦០​ម៉ឺន​ម៉ែត្រ​គីប​។ នេះ​ជាការ​បញ្ជាក់​របស់ អគ្គនាយក PPWSA ដែល​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ប្រមាណ​១៥​ភាគរយ​ទៀត មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់ រស់នៅក្នុង​សង្កាត់​ចំនួន​២០​ដែល​ទើប​កាត់​បញ្ចូល​ក្នុង​ក្រុងភ្នំពេញ​៕

ថ្មី​ៗ
អត្ថបទ : ខន ចំប៉ា

No comments: