
ភ្នំពេញ: លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានកោះហៅមា្ចស់ រោងចក្រវាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ព និងរោងចក្រកែច្នៃ ផលិតផលកសិ-ឧស្សាហកម្ម ជាដើម ដើម្បី ប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តសេចក្តីជូនដំណឹង លេខ១០៦១ សជ.ណ.បស្ថ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នាទីស្តីការក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត បានថ្លែងថា ក្នុងកិច្ចប្រជុំនេះ បានផ្តល់ឱ្យអ្នកចូលរួមទាំងអស់ យល់ដឹងកាន់តែច្បាស់ ក្នុងការអនុវត្តនូវ រាល់វិធានការទាំងឡាយនានា ដែលបានចែង ក្នុងសេចក្តីជូនដំណឹង ខាងលើ ដើម្បីជាការចូលរួមចំណែក ក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំ អាងប្រព្រឹត្តកម្ម សម្អាតទឹកកខ្វក់ និងដំណើរការ ឱ្យបានជាប់ជាប្រចាំ មុននឹងបង្ហូរសំណល់រាវ ចេញពីរោងចក្ររបស់ខ្លួន។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា រយៈពេលជាងពីរម៉ោង រួចមក ជាលទ្ធផល ទទួលបានដូចតទៅ: ១. ក្រុមហ៊ុនដែលបានអនុវត្ត តាមនីតិវិធីបទដ្ឋាន បច្ចេកទេស ក្នុងពេលកន្លងមក ក្រសួងសូមវាយតម្លៃខ្ពស់ និងកោតសសើរ ដោយស្មោះ ហើយសូមពិចារណា រៀបចំជាសិក្ខាសាលា ដោយអញ្ជើញក្រសួង និងអ្នកពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនដទៃ ទៅទស្សនា ដើម្បីជាការចូលរួមផ្សព្វផ្សាយ ចំពោះកិច្ចខិតខំប្រឹងប្រែង។ ២. ក្រុមហ៊ុនដែលមិនទាន់ អនុវត្តតាមនីតិវិធី សូមចាប់ផ្តើម ព្រោះក្រសួង បានធ្វើការអប់រំ ផ្សព្វផ្សាយ ជាច្រើនលើក ច្រើនសាររួចមកហើយ ហើយក្នុងនៅឆ្នាំ២០១៧ ខាងមុខនេះ ក្រុមការងារអន្តរក្រសួង នឹងចុះអនុវត្តតាមច្បាប់។ ៣. ឆ្លៀតក្នុងឱកាសនេះ លោកប្រធាន បានពង្រីកកិច្ចប្រជុំនេះ ជាវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវ បញ្ហាប្រឈមនានា ដែលកំពុងមាន ជាពិសេស លោកបានបញ្ជាក់ថា សូមឱ្យមានការសហការ រាយការណ៍ ក្នុងករណីមានភាពមិនប្រក្រតី របស់មន្ត្រីបរិស្ថាន ដែលចុះពិនិត្យតាមរោងចក្រ សហគ្រាសនានា តាមរយៈសារអេឡិចត្រូនិច មកកាន់លោកផ្ទាល់ តាមរយៈអ៊ីម៉ែល sophalleth@yahoo.com។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងមួយ លេខ១០៦១ ស.ជ.ណ.បស្ថ ក្នុងគោលបំណងជំរុញ ឱ្យរោងចក្រមួយចំនួន ជាពិសេសរោងចក្រ វាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ព និងរោងចក្រកែច្នៃ ផលិតផលកសិ-ឧស្សហកម្ម ដែលបានបញ្ចេញ សំណល់រាវរបស់ខ្លួន ដោយមិនបានធ្វើប្រព្រឹត្តកម្ម សម្អាត ឬអាងប្រព្រឹត្តកម្មខ្លះ មិនដំណើរការ ឱ្យបានជាប់លាប់ និងអាងប្រព្រឹត្តកម្មខ្លះទៀត មិនមានសមត្ថភាព ឆ្លើយតបទៅនឹងបរិមាណ សំណល់រាវ ដែលបានបង្កើត និងបញ្ចេញ… ។ល។ ដែលជាហេតុបង្កឱ្យ មានការពុលដោយផ្ទាល់ ឬដោយប្រយោល ទៅដល់ គុណភាពទឹក ដី និងបង្កផលប៉ះពាល់ ទៅដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញប្រភពបំពុល៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment