អាជ្ញាធរ​ជាតិ​អប្សរា លើកកម្ពស់​ប្រជាជន ក្នុង​តំបន់​អង្គរ ឱ្យមាន​បង្គន់​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ​



សៀមរាប: តាម​ការសង្កេត​ជាក់ស្តែង ប្រជាជន នៅក្នុង​តំបន់​អង្គរ មាន​ជីវភាព​រស់នៅ​ល្អប្រសើរ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប៉ុន្តែ​មានគ្រួសារ​តិច​ណាស់ ដែលមាន​បង្គន់​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ ព្រោះ​ខ្វះ​វិធីសាស្ត្រ ក្នុងការ​កែច្នៃ បង្គន់​ប្រើប្រាស់ និង​មិនបាន​ចាប់អារម្មណ៍ ចំពោះ​ផលប៉ះពាល់​សុខភាព តាមរយៈ​ការ​បន្ទោបង់ ពាសវាល​ពាសកាល​។​

​ដោយមាន​បំណង លើកស្ទួយ​ការយល់ដឹង ផ្នែក​សុខភាព​ប្រជាជន ក្នុងការ​រស់នៅ ឱ្យមាន​អនាម័យ​ល្អប្រសើរ និង​ជួយ​កាត់បន្ថយ ការចំណាយ លើ​ការធ្វើ​បង្គន់ គម្រោង​សុ​វុឌ្ឍិកម្ម នៃ​ការសម្អាត​ទឹក និង​ការគ្រប់គ្រង​ទឹក ក្នុង​តំបន់​អង្គរ (PAAGERA) បាន​សហការ​ជាមួយនឹង អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀមរាប និង​ប្រទេស​បារាំង បើក​យុទ្ធនាការ ផ្សព្វផ្សាយ​លើក​ទី​៣ ស្តីពី «​ការ​ប្រែក្លាយ​តំបន់​អង្គរ ឱ្យមាន​បង្គន់​អនាម័យ​គ្រប់គ្នា​» នៅ​ភូមិ​ស្រែ​ចង្ហូត ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦​។​

​លោក ស៊ុន ពិសី បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក និង​ជា​គ្រូ​បង្គោល នៃ​វគ្គ​បណ្តុះបណ្តាល​នេះ បានលើកឡើង ពី​ផល​លំបាក​នៃ ការ​គ្មាន​បង្គន់​អនាម័យ ប្រើប្រាស់ គឺ​នាំឱ្យ​យើង​ខ្មាស​គេ ពេល​មាន​ភ្ញៀវ មកលេង​ផ្ទះ ប្រឈមមុខ​នឹង​ការចម្លង​រោគ​ខ្ពស់ មាន​គ្រោះថ្នាក់​ជាយថាហេតុ ដល់​អាយុជីវិត ពេល​ទៅ​បត់ជើង នៅ​យប់​ព្រលប់ ពិសេស​ចំពោះ​ក្មេងស្រីៗ ក៏​ប្រឈមមុខ​នឹង​ភាពអាម៉ាស់ ឬ​បំពាន​ផងដែរ​។ ដូច្នេះ​ការ​មាន​បង្គន់​អនាម័យ នៅផ្ទះ​ធានាបាន​នូវ​ភាពថ្លៃថ្នូរ សុខភាព​ល្អ ភាពងាយស្រួល និង​សុវត្ថិភាព ក្នុងការ​រស់នៅ​។​

​តាមរយៈ​យុទ្ធនាការ ផ្សព្វផ្សាយ​នេះដែរ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ណែនាំ​ឱ្យ​ប្រជាជន នៅ​ភូមិ​ស្រែ​ចង្ហូត យល់ដឹង​កាន់តែច្បាស់ ពី​ផលប៉ះពាល់​នានា ដោយសារ​គ្មាន​បង្គន់​អនាម័យ និង​បង្រៀន​អំពី វិធី​ធ្វើ​បង្គន់​អនាម័យ ដោយ​ខ្លួនឯង ហើយ​ចំណាយ​ថវិកា​តិច ឬ​មិន​ចំណាយ​សោះតែ​ម្តង ដោយ​គ្រាន់តែ​ប្រើ​កម្លាំងកាយ របស់​សមាជិក​ក្នុង​គ្រួសារ និង​សម្ភារៈ​ដែលមាន​ស្រាប់ ជាការ​ស្រេច​។​

​ក្នុងឱកាស​នោះដែរ លោកពូ ប៉ិ​ស ប្រជាកសិករ ភូមិ​ស្រែ​ចង្ហូត ក៏បាន​ចែករំលែក បទពិសោធន៍​ផ្ទាល់ខ្លួន កាល​មិនទាន់មាន បង្គន់​ប្រើប្រាស់​ថា វា​ពិតជា​ពិបាក​ខ្លាំងណាស់ ពេល​ចង់​បន្ទោបង់​ម្តងៗ ពិសេស​ពេលយប់ ពេល​ភ្លៀង និង​ពេល​ឈឺពោះ​ខ្លាំង ព្រោះ​ត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយ មកវិញ​ស្រួល​មិន​ស្រួល ជាន់​របស់គេ​ទៀត​។ ពេល​បន្ទោ​បង់ហើយ ក៏​មិនបាន​លាង​សម្អាត ឱ្យ​ស្អាត​ដែរ គិត​ទៅ​វា​គគ្រិច​ខ្លាំងណាស់​។ ប៉ុន្តែ​ចាប់តាំងពី មាន​បង្គន់​មក គឺ​ងាយស្រួល គ្រប់ពេលវេលា ពេល​ចង់​បន្ទោ​របង់ ពិសេស​សុខភាព និង​ការរស់នៅ ក៏​មិនសូវមាន​ជំងឺ​តម្កាត់ ពេល​បងប្អូន​ភ្ញៀវពន្លឺ មកលេង ក៏​មិនសូវ​ខ្មាស​គេ​ដែរ​។

​លោកពូ ក៏បាន​សំណូមពរ​ផងដែរ ឱ្យ​អ្នកភូមិ គិតគូរ​ឱ្យបាន​ច្រើន ពី​បញ្ហា​សុខភាព និង​ត្រូវធ្វើ​បង្គន់​អនាម័យ ប្រើប្រាស់ ឱ្យបាន​គ្រប់គ្នា តាមរយៈ​ការណែនាំ ពី​ក្រុមការងារ អាជ្ញាធរ​ជាតិ​អប្សរា ចៀសវាង​ការ​បន្ទោ​របង់ ផ្តេសផ្តាស​ដូច​មុន ដែល​អាច​បង្ក​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដល់​អាយុជីវិត​៕

CEN
ដោយ: អាជ្ញាធរ​ជាតិ​អប្សរា

No comments: