
ទំនងជាផែនការសង់ជញ្ជាំងបិទព្រំដែនរបស់ប្រធានាធិបតីជាប់អាមេរិកលោក ដូណាល់ ត្រាំ មានឥទ្ធិពលខ្លាំងហើយ បានជាគោលនយោបាយនេះ សាយភាយដល់អាស៊ីអាគ្នេហ៍នោះ។ មីយ៉ាន់ម៉ា ដែលកំពុងតែល្បីរឿងបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខសង្គមនោះ ក៏កំពុងតែលេចឡើងសំណើស្រដៀងគ្នានេះ។ សមាជិកសភាមកពីបក្សប្រឆាំងមីយ៉ាន់ម៉ា បានស្នើឲ្យរដ្ឋាភិបាលសាងសាង់ជញ្ជាំងឥដ្ឋនៅព្រំដែនជាមួយនឹងបង់ក្លាដែសដើម្បីពីធានាពីបញ្ហាសន្តិសុខ។
សមាជិកសភាបក្សប្រឆាំងសហភាពរួមរួប និងសាមគ្គី (USDP) លោក Zaw Zaw Myint នៅសប្តាហ៍មុន បានដាក់សំណើមួយទៅកាន់សភា ហើយ សំណើនោះ ក៏ត្រូវបានជជែកនៅថ្ងៃទី២៦ ធ្នូផងដែរ។ តាមរយៈសំណើនោះ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា គួរតែសង់ជញ្ជាំងកម្ពស់ប្រហែល ៩ទៅ១០ម៉ែត្រ ដើម្បីខណ្ឌចែកមីយ៉ាន់ម៉ានិងបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy។
អ្នកតំណាងរាស្ត្ររូបនោះ បានពន្យល់ថា ការស្នើឲ្យមានជញ្ជាំងព្រំដែននោះ គឺដើម្បីរក្សាសន្តិសុខ ហើយការលើកឡើងនេះ ក៏ទទួលបានការគាំទ្រពីសមាជិកសភាមួយចំនួនមកពីរដ្ឋ Arakan ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានបន្តទៀតថា លោក Zaw Zaw Myint ក៏បានលើកករណីរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលមានចេតនាចង់សង់ជញ្ជាំងខណ្ឌព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិកដើម្បីរារាំងពីជនអន្តោប្រវេសន៍ខុសច្បាប់នោះដើម្បីពន្យល់បន្ថែមពីសំណើរបស់លោក។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីសន្តិសុខ និងកិច្ចការព្រំដែននៃរដ្ឋ Arakan លោកឧត្តមសេនីយ៍ Htein Lin អះអាងថា លោក មិនជំទាស់នោះទេ បើទោះជាបច្ចុប្បន្ននៅក្នុងតំបន់ Arakan ក៏កំពុងតែត្រូវបានសាងសង់ និងដាក់របងលួសហើយនោះ។
អ្វីគួរកត់សម្គាល់នោះ ផែនការនៃការចង់សង់ជញ្ជាំងខណ្ឌព្រំដែននេះ ត្រូវបានលើកឡើងស្របពេលដែលមីយ៉ាន់ម៉ា កំពុងតែប្រឈមនឹងបញ្ហាចម្រូងចម្រាសជនជាតិនៅក្នុងរដ្ឋ Arakan ផងដែរ។ រឿងចម្រូងចម្រាសនោះគឺ មានក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារទៅលើប៉ូលិសតម្រួតព្រំដែន ហើយជាការឆ្លើយតបវិញ ក្រុមយោធា បានវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់នោះ ដោយបណ្តាលឲ្យមានជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់ បានជម្លៀសខ្លួនទៅកាន់ព្រំដែន បង់ក្លាដែសនោះ។
នៅដើមខែកញ្ញាកន្លងទៅ ម៉ាឡេស៊ី និងថៃ ដែលជាសមាជិកអាស៊ានផងដែរនោះ ក៏បានយល់ព្រមលើការចែករម្លែកព័ត៌មានសម្ងាត់ទាក់ទនងសន្តិសុខប្រទេសទាំងពីរ ដែលកំពុងប្រឈមមុខខ្លាំងនឹងការគំរាមកំហែងពីក្រុមឧក្រិដ្ឋជន។ នាពេលនោះដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបញ្ជាក់ដែរថា លោក និងនាយករដ្ឋមន្ត្រីថៃ ក៏បានពិភាក្សាគ្នាលើការសាងសង់ជញ្ជាំងតាមព្រំដែនប្រទេសទាំងពីរ សម្រាប់ទបស្កាត់សកម្មភាពខុសច្បាប់ទាំងនេះផងដែរ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment