ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ MCT បាន​មកដល់​កម្ពុជា និង​ស្ថានីយ៍​ខ្សែ​កា​ប្លិ៍​មិត្តភាព នៅ​ខេត្ត​ព្រះសីហនុ



ព្រះសីហនុ: ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ MCT ដែល​ត​ភ្ជាប់​ពី​ប្រទេស ម៉ាឡេស៊ី ប្រទេស​កម្ពុជា និង ប្រទេស​ថៃ បាន​មកដល់​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣៧​នាទី​ល្ងាច​។ នាវា និង​ក្រុម​វិស្វករ​ជំនាញ របស់​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម បានធ្វើការ​អូស និង​ត​ភ្ជាប់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​នេះ ទៅ​ស្ថានីយ៍​ខ្សែ​កា​ប្លិ៍ មិត្តភាព​នៅ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង ៦:១៧​នាទី ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ ក្រោម​វត្តមាន ក្នុង​ការចុះ​ត្រួតពិនិត្យ​ពី លោក ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ ទូរ​គ​នាគ​មន៍​កម្ពុជា និង​សហការី​។​

​ក្រុមហ៊ុន តែ​ល​កូ​ថេ​ក ដែលជា​ក្រុមហ៊ុន​មួយ របស់​អ៊ី​ហ្ស៊ី​ខម បានប្រកាស​ការធ្វើការ សាងសង់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ MCT កាលពី​ខែមិថុនា ឆ្នាំ​២០១៣ និង​ប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ត្រីមាស​ទីមួយ នៃ​ឆ្នាំ​២០១៧​។ នាពេល​ថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន តែ​ល​កូ​ថេ​ក បានបញ្ចប់​ការសាងសង់ ស្ថានីយ៍​កណ្តាល សម្រាប់​ខ្សែ​កា​ប្លិ៍ MCT ក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ឈ្មោះថា “​ស្ថានីយ៍​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​មិត្តភាព​” ដែលមាន​ទីតាំង ស្ថិតនៅ​ឆ្នេរ​អូ​ត្រះ ខេត្ត​ព្រះសីហនុ​។​

​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ MCT មាន​វិសាលភាព ប្រហែល ១.៣០០ គីឡូម៉ែត្រ និង​អនុម័ត​នូវ​បច្ចេកវិទ្យា ១០០ Gbps ជាមួយនឹង​សមត្ថភាព​គាំទ្រ យ៉ាងហោចណាស់ ៣០Tbps​។ វា​នឹងធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ច្រកចេញចូល ទៅកាន់​តំបន់​អាស៊ី និង​ជួយ​ពង្រីក​ការតភ្ជាប់ របស់​កម្ពុជា ទៅកាន់​អាស៊ាន ក៏ដូចជា ពិភពលោក​ទាំងមូល តាមរយៈ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។ ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​នេះ មានតម្លៃ​វិនិយោគ​ជិត ១០០ លាន​ដុល្លារ សហរដ្ឋអាមេរិក​។​

​លោក ថា​ន ថេ​ន នាយក​ផ្នែក​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម បាន​ឲ្យ​ដឹងថា “​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម តែ​ល​កូ​ថេ​ក កំពុង​ខិតខំ​រួមចំណែក ធ្វើអោយ​កម្ពុជា មាន​ឯករាជ្យភាព ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​អ៊ីនធឺណិត ព្រមទាំង​លើកកម្ពស់​សមត្ថភាព សេវា​សារគមនាគមន៍ ទូទៅ​របស់​ប្រទេស ដែល​ធានាបាន​នូវ សន្តិសុខ និង​សុវត្ថិភាព​ទិន្នន័យ តាមរយៈ​ការនាំមក​នូវ ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ លើកដំបូង​នៅ​កម្ពុជា​។​”

​លោក​បាន​បញ្ជាក់ទៀតថា “​លទ្ធភាព​ដែល​កម្ពុជា អាច​តម្លើង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​នេះ គឺជា​ការបង្ហាញ​នូវ​ភាពខ្លាំង របស់​កម្ពុជា ក្នុង​ឯករាជ្យភាព នៃ​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ដែលមាន​ល្បឿន​លឿន ហើយ​អាច​ធានាបាន នូវ​សន្តិសុខ និង​សុវត្ថិភាព​ព័ត៌មាន និង​ទិន្នន័យ​ទូរគមនាគមន៍ ព័ត៌មានវិទ្យា​។​”

​លោក ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ ទូរគមនាគមន៍​កម្ពុ​ជា ដែលជា​អ្នក​ចុះ​ត្រួតពិនិត្យ ការ​អូស​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក បាន​មានប្រសាសន៍ថា “​ការចុះពិនិត្យ ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក នាពេលនេះ គឺ​ដើម្បី​ពិនិត្យ ទៅលើ​បច្ចេកទេស របស់​ក្រុមហ៊ុន ក្នុងការ​អូស​ខ្សែ​កា​ប្លិ៍ ក្រោម​បាតសមុទ្រ ជា​លើក​ទី​១ សម្រាប់​ប្រទេស​កម្ពុជា​យើង​។ ទាំងនេះ គឺជា​ការរីកចំរើនរ​បស់ ប្រទេស​កម្ពុជា ដែលមាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ ល្បឿន​លឿន សម្រាប់​ការប្រើប្រាស់ នឹង​កាត់​នូវ​រយៈ​ចំងាយ ដែល​កន្លងមក យើង​ធ្វើការ​អូស​ឆ្លងកាត់​ប្រទេស​ថៃ ប្រទេស​វៀតណាម តាម​បណ្តាញ​ផ្លូវគោក មកដល់​ប្រទេស​កម្ពុជា​”​។​

​សូម​រំលឹកថា ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ត្រូវបាន​បង្កើតឡើង ដើម្បី​បម្រើ​សេចក្តីត្រូវការ របស់​បណ្តា​សហគ្រាស អាជីវកម្ម​ទាំងឡាយ ព្រមទាំង​អ្នកប្រើប្រាស់ នៅតាម​គេហដ្ឋាន ដែល​កំពុងមាន​តម្រូវការ កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​ទីផ្សារ​កម្ពុជា​។ ចាប់តាំងពី​បាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​២០០៧ អ៊ី​ហ្ស៊ី​ខម បាន​ក្លាយខ្លួនជា អ្នក​នាំមុខគេ​មួយ ក្នុងការ​ផ្គត់ផ្គង់​សេវាកម្ម ផ្នែក​ទំនាក់ទំនង​ថ្មីៗ យ៉ាង​សម្បូរបែប​។ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ផ្តល់នូវ​សេវា​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ការទំនាក់ទំនង​ជា​សំឡេង តាម​អ៊ីនធឺណិត (VoIP) ការតភ្ជាប់​ក្នុងស្រុក (VPN) និង​ដំណោះស្រាយ តាម​អ៊ីនធឺណិត និង​ទូ​រគ​នាម​គម​ន៍ ដទៃទៀត​។ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បាន​ទិញយក​ក្រុមហ៊ុន ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក Telcotech ដែល​នឹង​នាំមក​នូវ​សេវា​អ៊ីនធឺណិត ដែលមាន​ល្បឿន​លឿន និង​ទុកចិត្ត​បំផុត មកកាន់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​ក្រោយនេះ តាមរយៈ​ការបង្កើត ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT)៕



CEN
ដោយ: ក្រុមហ៊ុន

No comments: