សភាព​អឺរ៉ុប ​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​ការ​នេសាទ​ខុសច្បាប់​នៅ​ដែន​នេសាទ​សមុទ្រ​អន្តរជាតិ



ភ្នំពេញ ​៖​ លោក Pierre AMILHAT អគ្គនាយកដ្ឋាន​ សហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍​ នៃ​សភាព​អឺរ៉ុប ​បាន​សន្យា​ នឹង​ភាគី​កម្ពុជា​ថា សភាព​អឺរ៉ុប នឹង​បន្ត​ផ្ដល់​ជំនួយ​បច្ចេកទេស​ខាង​ផ្លូវច្បាប់​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​លើ​ការ​ ​​ប្រយុទ្ធ​ប្រឆាំង​ការ​នេសាទ​ខុសច្បាប់​នៅ​ដែន​នេសាទ​សមុទ្រ​អន្តរជាតិ ដែល​មិន​មាន​របាយការណ៍ និង​មិន​គោរព​ច្បាប់។

ការសន្យា​នេះ ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង ​លោក​ខេង សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា និង​លោក​Pierre AMILHAT ​អគ្គនាយកដ្ឋាន​ សហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍ នៃ​សភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រូស​សែ​ល កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប្រូស​សែ​ល ដើម្បី​ពិនិត្យមើល​លើ​បណ្ដា​គម្រោង​មួយ​ចំនួន​ ដែល​ត្រូវ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​បណ្ដា​ឆ្នាំ​ខាងមុខ។

នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​ឯកសារ​គម្រោង​កម្មវិធី​ ដែល​ត្រូវ​បាន​ព្រាង​រៀបចំឡើង​ដោយ​មន្ត្រី​ជំនាញ​របស់​សភាព​អឺរ៉ុប និង​មន្ត្រី​ពាក់ព័ន្ធ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កន្លងមក។

គម្រោង​ទាំងនោះ​រួមមាន ១-​ការ​ពង្រឹង​សមត្ថភាព​ ដោយ​ដល់​រដ្ឋបាល​ជលផល លើ​ការ​អភិវឌ្ឍ និង​ការ​កែលម្អ​តួនាទី​របស់​រដ្ឋបាល​​ជលផល ក្នុង​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព។ ២-​ការផ្តល់​គាំទ្រ​ដល់​សហគមន៍​នេសាទ ក្នុងការ​ទទួលបាន​នូវ​បទប្បញ្ញត្តិ​នានា ​និង​ការគ្រប់គ្រង និង​ការប្រព្រឹត្តទៅ​នៅក្នុង​ដែន​សហគមន៍​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។ ៣- ការត្រួតពិនិត្យ និង​វាយតម្លៃ​សកម្មភាព នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​នេសាទ​។ ៤-​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការគ្រប់គ្រង និង​តំបន់​អភិរក្ស ដែល​នៅ​បឹង​ទន្លេសាប នៅ​មេគង្គ និង​នៅ​សមុទ្រ​។​

លោក Pierre AMILHAT អគ្គនាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍ នៃ​សភាព​អឺរ៉ុប ក៏បាន​វាយតម្លៃ​ខ្ពស់ ១-​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​បានល្អ​ប្រសើ​រ​។ ២-​កោតសរសើរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ថា​ បាន​ចាត់វិធានការ​បានល្អ​ប្រសើ​រ​ក្នុង​រយៈពេល​ថ្មីៗ​នេះ លើ​ការបង្ក្រាប​បទល្មើស​នេសាទ ជាពិសេស​នៅ​បឹង​ទន្លេសាប​។ ៣-​បានទទួល​ស្គាល់​ស្ដីពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម និង​នេសាទ​មួយ​រយៈ​កន្លងមក និង​បាន​កំពុង​សហការ​បាន​ល្អជា​មួយ គម្រោង​កម្មវិធី​របស់​សភាព​អឺរ៉ុប។ ៤-​ក្នុងនាម​ជា​អគ្គនាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍ នៃ​សភាព​អឺរ៉ុប នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​កម្មវិធី​ខាងលើនេះ​ឈានទៅដល់​ការចុះហត្ថលេខា​ក្នុង​ត្រីមាស​ទី​ពីរ​ក្នុងឆ្នាំនេះ​ឲ្យ​បាន លើទឹក​ប្រាក់​ប្រមាណ​ជាជាង​៣០​លាន​អឺរ៉ូ។

លោក​បន្ថែមថា សភាព​អឺរ៉ុប ហើយនឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​ខាង​ផ្លូវច្បាប់​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​ចូលរួមចំណែក​របស់​កម្ពុជា​លើ​ការ​ការប្រយុទ្ធប្រឆាំង​ការនេសាទ​ខុសច្បាប់​នៅ​ដែន​នេសាទ​សមុទ្រ​អន្តរជាតិ ដែល​មិនមាន​របាយការណ៍ និង​មិន​គោរព​ច្បាប់​៕​

កម្ពុជា​ថ្មី
ឌួង​វិ​រះ​ជ័យ​

No comments: