អាល្លឺម៉ង់ ស្នើសុំបន្តសហការ អភិរក្សផ្ទាំងសិលាតាមប្រាសាទបុរាណនានា នៅប្រទេសកម្ពុជា



(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ហាញអំពីបំណងរបស់ខ្លួន ក្នុងការបន្តកិច្ចសហការប្រតិបត្តិការ ជួយអភិរក្សផ្ទាំងសិលាតាមប្រាសាទបុរាណនានា នៅក្នុងប្រទេសកម្ពុជា។ គ្រោងនេះ ត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីភាគីខាងកម្ពុជា ដែលចាត់ទុកថា ជារឿងល្អប្រសើរដល់ចំណងកាទូតប្រទេសទាំងពីរ។

សំណើរបស់ភាគីអាល្លឺម៉ង់ បានធ្វើឡើងនៅក្នុងជំនួបរវាង លោក Ingo Heinz Karsten ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជានេះ ជាមួយ
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Ingo Heinz Karsten បានបង្ហាញអំពីបំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិរក្សផ្ទាំងសិលានៅតាមប្រាសាទនានារបស់កម្ពុជា។

ក្រៅពីនេះ លោក Ingo Heinz Karsten ក៏បានជំរាបជូនលោកទេសរដ្ឋមន្រ្តីអំពីគម្រោងរបស់អាល្លឺម៉ង់ក្នុងការបញ្ជូនគណៈប្រតិភូរបស់សភាអាល្លឺម៉ង់ មកទស្សនកិច្ចនៅកម្ពុជា នៅដើមខែកុម្ភៈ​ខាងមុខនេះផងដែរ ដែលមានគោលដៅសំខាន់ គឺដើម្បីពិនិត្យអំពីលទ្ធភាពពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានសម្ដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលកន្លងមកបានផ្ដល់នូវ
ការជួយឧបត្ថម្ភដល់កម្ពុជាលើផ្នែកអភិរក្សផ្ទាំងសិលានៅតាមប្រាសាទបុរាណនានា ហើយបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងប្រាថ្នារបស់ រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបន្តនូវគំរោងជំនួយអភិរក្សផ្ទាំងសិលានេះថែមទៀត៕

Fresh News

No comments: