![]() |
| ប្រមុខការពារជាតិអាមេរិក Ashton Carter |
កូរ៉េខាងជើង នៅថ្ងៃទី៨ ខែមករា បានគំរាមបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនគ្រប់ពេលវេលា ចេញពីទីតាំងដែលមេដឹកនាំកំពូល គីម ជុងអ៊ុន ចង់បាន។ មិនត្រឹមតែគំរាមបាញ់មីស៊ីលឡើយ កូរ៉េខាងជើង ក៏បានបន្ទោសអាមេរិកថា សកម្មភាពបង្កហេតុរបស់អាមេរិក ជាកត្តាជំរុញឲ្យខ្លួនខិតខំអភិវឌ្ឍមីស៊ីលដើម្បីការពារខ្លួនទៀតផង។ ប៉ុន្តែប្រមុខការពារជាតិអាមេរិក ក៏ប្រកាសថា អាមេរិកនឹងបាញ់ទម្លាក់មីស៊ីលដែលគំរាមសន្តិសុខអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ត្រឹមមួយសប្ដាហ៍ក្រោយការប្រកាសរបស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានចេញមកអះអាងថា កូរ៉េខាងជើង អាចបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរយៈចម្ងាយ (ICBM) បានគ្រប់ពេលគ្រប់កន្លែងតាមការកំណត់របស់លោក គីម ជុងអ៊ុន ផ្ទាល់។ ការប្រកាសគំរាមនេះ ធ្វើឡើង ចំពេលអន្តរកាលនយោបាយនៅក្នុងកូរ៉េខាងត្បូង និងការផ្លាស់ប្ដូរប្រធានាធិបតីអាមេរិក។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលមិនបញ្ចេញឈ្មោះម្នាក់ ក៏និយាយដែរថា ក្រុងព្យុងយ៉ាង បានអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរស្តង់ដារួចហើយដែរ។ លើសពីនេះ អ្នកនាំពាក្យដដែលនេះ ក៏បានបន្ទោសថា អាមេរិកបានបន្តធ្វើសកម្មភាពបង្កហេតុមកលើខ្លួន ហើយរឿងនេះជាមូលហេតុដែលបង្ខំខ្លួនឲ្យអភិវឌ្ឍអាវុធនោះ។
ការប្រកាសខាងលើនេះ ធ្វើឡើងក្រោយពេលមេដឹកនាំកំពូល គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើង បានមកដល់ដំណាក់កាលចុងក្រោយនៃការរៀបចំសាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ។ ប្រសិនបើសាកល្បងជោគជ័យ មីស៊ីលអន្តរទ្វីបនេះ មានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក ដែលមានចម្ងាយជាង៩ពាន់គីឡូម៉ែត្រពីកូរ៉េខាងជើង។ មីស៊ីលប្រភេទនេះ អាចបាញ់គោលដៅក្នុងរង្វង់អប្បរមា៥ពាន់គីឡូម៉ែត្រ និងអាចបង្កើនសមត្ថភាពវាយប្រហារគោលដៅចម្ងាយលើសមួយម៉ឺនគីឡូម៉ែត្រផងដែរ។
ទោះ យ៉ាងណាក្ដី នៅថ្ងៃទី៨ ខែមករាដដែលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter ក៏បានប្រកាសដែរថា អាមេរិកនឹងបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើងដែលហោះសំដៅទឹកដីអាមេរិក។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC ប្រមុខការពារជាតិអាមេរិករូបនេះបញ្ជាក់ថា អាមេរិក នឹងបាញ់ទម្លាក់មីស៊ីលដែលបាញ់ដោយកូរ៉េខាងជើង ក្នុងករណីមីស៊ីលនោះ បាញ់តម្រង់មកកាន់អាមេរិក ឬទឹកដីរបស់សម្ព័ន្ធមិត្តអាមេរិក។
លោក Carter សង្កត់ធ្ងន់ថា អាមេរិកបាញ់ទម្លាក់មីស៊ីលណាដែលជាការគំរាមសន្តិសុខអាមេរិក និងសម្ព័ន្ធមិត្តប៉ុណ្ណោះ។ តែបើមីស៊ីលកូរ៉េខាងជើង បាញ់តម្រង់ចូលសមុទ្រនោះ ក្រុងវ៉ាស៊ីនតោន នឹងមិនបាញ់ស្កាត់អ្វីឡើយ។ គេមិនទាន់ដឹងទេថា កូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីលរបស់ខ្លូននៅពេលណាឡើយ ប៉ុន្តែបើតាមព័ត៌មានលេចធ្លាយកន្លងមក កូរ៉េខាងជើង ទំនងជាបាញ់មីស៊ីល ពេល ប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា

No comments:
Post a Comment