
ភ្នំពេញ ៖ ភ្លើងស្តុបថ្មីចំនួន១០០ទីតាំងក្នុងរាជធានីភ្នំពេញ ដែលបានដំឡើងជាច្រើនទីតាំងហើយនោះ នឹងដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ននៅចុងខែមករា ឆ្នាំ២០១៧នេះ ដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋ ស្របពេលដែលកំណើនយានយន្តចេះតែកើនឡើងមិនឈប់ឈរនោះ។
ដើម្បីឲ្យភ្លើងស្តុបថ្មីចំនួន១០០ទីតាំងនេះដំណើរការទៅបានល្អប្រសើរនោះ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើការប្រជុំបច្ចេកទេសជាច្រើនលើកច្រើនសាររួចមកហើយដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រជុំបច្ចេកទេសលើកទី ៣២ នៃគម្រោងដំឡើងភ្លើងស្តុបចំនួន ១០០ទីតាំងក្នុងរាជធានីភ្នំពេញនេះផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងពេលរង់ចាំបញ្ចប់ការភ្ជាប់បណ្ដាញភ្លើងស្តុបទាំងអស់ជាប្រព័ន្ធមកបន្ទប់បព្ជារត្រួតពិនិត្យរួម ភ្លើងស្តុបថ្មីនឹងដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ននៅចុងខែមករាឆ្នាំ២០១៧នេះ។
មន្ត្រីរូបនេះបានបន្តថា បើយោងតាមការបូកសរុបស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៦ មានរថយន្ត ចំនួន ៤៤២៩៧២គ្រឿង និងម៉ូតូ ចំនួន១៦០១៤៥១គ្រឿង៕
កម្ពុជាថ្មី
ស្រីរ័ត្ន
No comments:
Post a Comment