មាស សុខ​សោភា ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនី​សារាភ័ណ្ឌ ពី​ព្រះមហាក្សត្រ​



ភ្នំពេញ ៖ កំពូល​តារា​ចម្រៀង​ស្រី​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ប្រចាំ​ផលិតកម្ម​ថោ​ន មាស សុខ​សោភា មិន​ត្រឹម​តែ​មាន​ប្រជាប្រិយភាព និង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ប៉ុណ្ណោះ​ទេ ​កន្លងមក​តារា​ចម្រៀង​ស្រី​រូប​នេះ ​ក៏​ធ្លាប់​ទទួល​បាន​ការ​លើក​សរសើរ​ពី​អត្តចរិត​ថា​ ជាតា​រា​ដែល​មិន​ឆ្មើងឆ្មៃ​ថែមទាំង​មាន​ភាព​រួសរាយ​រាក់ទាក់​ និង​រក្សា​បាន​ប្រជាប្រិយភាព​លំដាប់​តារា​ចម្រៀង​ស្ថិត​បេះដូង​ទស្សនិកជន​ទៀត​ផង។

ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅតែ​រក្សា​បាន​ក្នុង​អាជីព​ចម្រៀង​នេះ​ដែរ ​តារា​ចម្រៀង​មាស សុខ​សោភា ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេច​ព្រះបរម​នាថ​នរោត្តម សីហមុនី ប្រោស​ព្រះរាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេនា ក្នុង​ឱកាស​នៃ​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោយ​ប្រធានបទ រស់នៅ​ជាមួយ​ភាព​ស្អាតស្អំ ដែល​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នា​នៃ​ការ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​នេះ​ដែរ​ តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខ​សោភា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ចំនួន​៤-៥​សន្លឹក​ថា​ កម្មវិធី​អបអរសាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ​ក្រោម​ប្រធានបទ​រស់​ជាមួយ​ភាព​ស្អាតស្អំ​។ Can’t sleep-hands still shaking. I will do my best, to serve the Royal Family and to better our Kingdom​។ តាមរយៈ​នេះ​ភ្លាម​នោះ​ដែរ​គេ​សង្កេត​ឃើញ​មាន​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​សម្ដែង​ការចូលរួម​សាទរ​ដល់​នាង​ផង​ដែរ​។

សូម​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា កន្លងមក​ធ្លាប់​ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្ដែង​ការ​គាំទ្រ​ និង​លើក​សរ​សើរ​ពី​អត្តចរិត​ក្នុងនាម​តារា​ស្រី​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែងរក​មូលនិធិ​នៅ​ក្រៅ​ប្រទេស​ជួយ​ដល់​កុមារ​កំព្រា ចាស់ជរា និង​ជនអនាថា​ជាដើម​។ ពិសេស​ជាង​នេះ​គឺ​មាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​សកម្មភាព​ និង​សន្តាន​ចិត្ត​មនុស្សធម៌​ដែល​តារា​រូបនេះ​បាន​និងកំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ចូលរួម​ជួយ​សង្គមជាតិ​៕



កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

No comments: