អតីត​ប្រធានាធិបតី​និង​ជា​ស្ថាបនិក​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ស្លាប់​ក្នុង​វ័យ​៨២​ឆ្នាំ​



អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Akbar Hashemi Rafsanjani បាន​ស្លាប់​ក្នុង​វ័យ ៨២​ឆ្នាំ​ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ថ្ងៃអាទិត្យ​ទី​៨​មករា​។ វា​ជាការ​បាត់បង់​ដ៏​ធំ​មួយ ព្រោះ​លោក​ជា​អ្នកនយោបាយ​មួយរូប​ដ៏​សំខាន់​ដែលជា​ស្ថាបនិក​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩ និង​ទទួលបាន​ការគោរព​ខ្លាំង​ពី​បណ្តា​អ្នកនយោបាយ​កែទម្រង់​និង​អ្នកនយោបាយ​កណ្តាល​និយម​។​

លោក Akbar Hashemi Rafsanjani ដែល​បំពេញការងារ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ក្រោយ​ថ្ងៃ​បដិវត្តន៍ ឆ្នាំ ១៩៨៩ រហូតដល់​ឆ្នាំ ១៩៩៧​បាន​ស្លាប់​ក្នុង​វ័យ ៨២​ឆ្នាំ​ដោយសារ​គាំងបេះដូង​។
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Rafsanjani បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Shohadaa ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​តេ​ហ​រ៉ង់​។​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនមាន​លទ្ធភាព​ជួយសង្គ្រោះ​លោក​បានឡើយ​ដោយសារ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​

​ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​មេដឹកនាំ​កំពូល (Expediency Council) លោក Reza Soleimani បាន​អះអាងថា​៖«​លោក Akbar Hashemi Rafsanjani ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ក្រោយ​លោក​មាន​បញ្ហា​គាំងបេះដូង​។ ទោះ​គ្រូពេទ្យ​ប្រឹង​អស់​លទ្ធភាព​ក៏ដោយ ក៏​គាត់​មិនអាច​ឆ្លង​ផុត​ការស្លាប់​ដែរ​»​។​

​តាមពិតទៅ​លោក Akbar Hashemi Rafsanjani ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​ស្ថាបនិក​មួយរូប​ក្នុងការ​បង្កើត​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នៅ​ឆ្នាំ ១៩៧៩ ក្រោយ​ចលនា​បដិវត្តន៍​ឥស្លាម​។​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ជា​អ្នកនយោបាយ​មួយរូប​ដែល​ទទួលបាន​ការគោរព​ខ្លាំង​ពី​បណ្តា​អ្នកនយោបាយ​ទាំងពីរ​ក្រុម​មាន​ទាំង​ក្រុម​កែទម្រង់​និង​ក្រុម​កណ្តាល​នយោបាយ​។ ដូច្នេះហើយ​ការស្លាប់​បាត់បង់​ជីវិត​របស់​អតីត​ប្រធានាធិបតី​រូបនេះ​ជាការ​បាត់បង់​មួយ​ដ៏​ធំធេង​សម្រាប់​អ៊ីរ៉ង់​។

​សូមបញ្ជាក់ថា លោក Akbar Hashemi Rafsanjani បានកើត​នៅ​ថ្ងៃ ២៥ សីហា ឆ្នាំ ១៩៣៤ នៅ​ភូមិ Nough នៅ​ភាគខាងត្បូង​អ៊ីរ៉ង់​។ លោក​បាន​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​ឆ្នាំ ១៩៦៣ ក្រោយ​ពេលដែល​របប​ដឹកនាំ​ស្តេច​សា (Shah) ចាប់ខ្លួន​មេដឹកនាំ​សាសនា​ឥស្លាម Ruhollah Khomeini​។ មុនពេល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក Akbar Hashemi Rafsanjani ធ្លាប់​បំពេញ​មុខងារ​ជា​ប្រធានរដ្ឋសភា​ពីរ​អាណត្តិ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: