
ភ្នំពេញ ៖ ក្រោយពីសាងសម្ព័ន្ធមេត្រីភាពស្នេហាជាមួយគូស្នេហ៍ វ័យជាង៣០ឆ្នាំ រហូតឈានដល់ការយល់ចិត្តថ្លើមគ្នាអស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ ពិធីការិនី ដួង ម៉ាណា បានសម្រេចចិត្តរៀបចំអាពាហ៍ពិពាហ៍ជាផ្លូវការហើយ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដោយអញ្ជើញភ្ញៀវចូលរួមប្រមាណ៥០តុ។
ពិធីជប់លៀងមង្គលការរបស់តារាស្រី ដួង ម៉ាណា កាលពីយប់មិញ បានរៀបចំធ្វើឡើងនៅភោជនីយដ្ឋាន សេវេន ឡាក់គីប្រាយ សាខាទឹកថ្លា។
ប៉ុន្តែបើតាមការកត់សម្គាល់នៅក្នុងទិដ្ឋភាព នៃពិធីមង្គលការរបស់ ដួង ម៉ាណា នេះដែរ គេសង្កេតឃើញមានមិត្តសិល្បករ-សិល្បការិនីចូលរួមតិចតួចបំផុត ពោលគឺខុសប្លែកពីកម្មវិធីរបស់តារាឯទៀតដែលធ្លាប់មានតារាសិល្បៈនាំគ្នាសម្រុកចូលរួមច្រើននោះ។
ដោយឡែក បើផ្អែកតាមប្រភពពីរង្វង់អ្នកសិល្បៈមួយចំនួនបានចូលរួមកម្មវិធីមង្គលការរបស់តារាស្រី ដួង ម៉ាណា ដែលត្រូវជាគូជាមួយកូនប្រុស ឈ្មោះ មុទ ចាន់ដាវីឌ ក៏បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងពិធីមង្គលការរបស់ពិធីការិនី ដួង ម៉ាណា ដែលរៀបចំធ្វើឡើងកាលពីយប់មិញនេះ បើមើលតាមការបញ្ជាក់នៅលើសំបុត្រ គឺជាពិធីមង្គលការខុសប្លែកពីគេ ព្រោះពិធីនេះមិនមានការពិសាគ្រឿងស្រវឹងឡើយ។
ស្របពេលជាមួយគ្នានេះ ពិធីការិនីរបស់ស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ដួង ម៉ាណា បានថ្លែងបញ្ជាក់បន្ថែមថា រវាងនាង និងអនាគតស្វាមី លោក មុទ ចាន់ដាវីឌ បានស្គាល់គ្នាជាង៣ឆ្នាំមកហើយ ទើបឈានដល់ដំណាក់កាលនេះតែម្ដង។
យ៉ាងណាមិញ អ្នកនាង ដួង ម៉ាណា ក៏បានប្រកាសពីជំហរផ្ទាល់ខ្លួនថា ទោះបីជាពេលនេះនាងបានបញ្ចប់ភាពនូវលីវហើយក៏ពិតមែន តែសម្រាប់អាជីពសិល្បៈរបស់ខ្លួន គឺនៅតែបន្តដដែល ពោលគឺគ្មានគម្រោងឈប់ឡើយ ពិសេសត្រៀមពង្រឹងសមត្ថភាពបន្ថែមឲ្យខ្លាំងលើមុនទៀតផង៕

កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment