ឧកញ៉ា ទ្រី ភាព ចាប់ដៃក្រុមហ៊ុនចិន បោះទុន ៥០លានដុល្លារ បើករោងចក្រដំឡើងម៉ូតូនៅស្រុកអង្គស្នួល



(កណ្តាល)៖ ក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយរបស់ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានចាប់ដៃក្រុមហ៊ុនចិន Sichuan Grand Royal Grop បោះទុនប្រមាណ ៥០លានដុល្លារអាមេរិក បើករោងចក្រដំឡើងម៉ូតូដ៏ធំមួយនៅក្នុងឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។

ពិធីបើកសម្ពោធខ្សែសង្វាក់ផលិតកម្មដំឡើងម៉ូតូនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឧកញ៉ា ទ្រី ភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា ជាច្រើនរូបផ្សេងទៀត។

ឧកញ៉ា ទ្រី ភាប បានគូសបញ្ជាក់ក្នុងពិធីបើកសម្ពោធអាជីវកម្មថ្មីរបស់ខ្លួនថា ការបើករោងចក្រដំឡើងម៉ូតូនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្លាស់ប្តូរបច្ចេកទេស កែលម្អគុណភាពផលិតកម្ម និង ផលិតផល អភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងប្រទេស និងក្នុងតំបន់។ ជាពិសេសធានាបាននូវបរិស្ថានបៃតង និងផ្តល់ការងារជំនាញដល់យុវជនកម្ពុជា។

ឧកញ៉ា ទ្រី ភាព បានឲ្យដឹងទៀតថា ក្នុងឆ្នាំដំបូង នៃដំណើរការចង្វាក់ផលិតកម្មដំឡើងម៉ូតូនេះ គឺអាចផលិតម៉ូតូបានប្រមាណ ១០ម៉ឺនគ្រឿង ម៉ាស៊ីនម៉ូតូ ១០ម៉ឺនគ្រឿង ហើយពេលចង្វាក់ផលិតកម្មដំណើរការពេញបន្ទុកចំនួនផលិតនឹងកើនឡើងទ្វេដង។

បើតាមឧកញ៉ា ទ្រី ភាព ការបើកដំណើរការរោងចក្រដំឡើងម៉ូតូ គ្រោងចំណាយទុនប្រមាណ ៥០លានដុល្លារអាមេរិក តែដំណាក់កាលដំបូងនេះ ប្រើទុនត្រឹមតែ ២០លានដុល្លារប៉ុណ្ណោះ។

ការបើកដំណើរការរោងចក្រដំឡើងម៉ូតូនេះ ក៏បានចូលរួមផ្តល់ការងារជូនកូនខ្មែរប្រមាណ ៥០០កន្លែង ហើយចំនួនការងារនេះ អាចនឹងកើនឡើងដល់ ២,៥០០កន្លែងក្នុងរយៈពេល ៣ឆ្នាំបន្ទាប់។

ក្នុងពិធីបើកសម្ពោធរោងចក្រជាផ្លូវការ ក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា របស់ឧកញ៉ា ទ្រី ភាព ក៏បានប្រគល់ម៉ូតូចំនួន ២២៨គ្រឿង ដែលផលិតដោយក្រុមហ៊ុនផ្ទាល់ ជូនទៅសាលាខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អគ្គស្នងការនគរបាលជាតិ និងអង្គភាពបញ្ជាការដ្ឋានអង្គរក្ស។

សូមបញ្ជាក់ថា លោកឧកញ៉ា ទ្រី ភាព បច្ចុប្បន្នបានបង្វែពីការរកស៊ីប្រមូលទិញឈើលក់ទៅក្រៅប្រទេសមកធ្វើជំនួញផ្សេងៗវិញ មានដូចជាការប្រមូលទិញដំឡូងមីនាំចេញទៅប្រទេសថៃ ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច។ ឧកញ៉ា ទ្រី ភាព ដែលផ្តើមជីវិតចេញពីការឡើងត្នោត បានដាំដំណាំម្រេច និងកៅស៊ូ លើផ្ទៃដីជាច្រើនពាន់ហិកតា ក្នុងខេត្តរតនគីរី ពោធិ៍សាត់ និង ព្រះវិហារ។

ក្រៅពីការដាំដំណាំកសិ-ឧស្សាហកម្ម ឧកញ៉ា ទ្រី ភាព ក៏បានរកស៊ីលើវិស័យសំណង់ និង វិស័យសណ្ឋាគារផងដែរ។ បច្ចុប្បន្នឧកញ៉ាទ្រីភាព មានសណ្ឋាគារ និងកាស៊ីណូចំនួនពីរ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ សណ្ឋាគារ និងការស៊ីណូទាំងពីរនេះ មានតម្លៃរាប់លានដុល្លារ ហើយក៏បានចូលរួមធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់ស្ងប់ស្ងាត់ទាំងពីរ ក្លាយជាតំបន់សេដ្ឋកិច្ចរស់រវើកផងដែរ។

បច្ចុប្បន្នឧកញ៉ា ទ្រី ភាព ក៏មានក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា ដែលមានឈ្មោះថា «ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd)» ។ ក្រុមហ៊ុននេះ មានស្ថានីយចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព ក៏កំពុងសាងសង់កំពង់ផែដ៏ធំមួយនៅក្នុងខេត្តកំពតផងដែរ៕



Fresh News

No comments: