រដ្ឋសភា​ប្រជុំ​ដកតំណែង​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃ​ចន្ទ​នេះ​



​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​លុប​តំណែង ឯកឧត្តម កឹម សុខា នៅ​ថ្ងៃ​ចន្ទ​នេះ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​មួយ សប្តាហ៍ ក្រោយ​ការស្នើ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ ដើម្បី​លុប​តំណែង​ប្រធាន​មតិ​ភាគតិច​របស់ ឯកឧត្តម កឹម សុខា នៅក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែមករា​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​របៀបវារៈ​នៃ​កិច្ចប្រជុំ​មានតែ​មួយ​ទេ គឺ​វិសោធនកម្ម​ប្រការ​ទី​៤៨​ថ្មី (​បី​)»​។

​វិសោធន​កម្មនេះ ធ្វើឡើង​មួយ​សប្តាហ៍​ក្រោយពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​បក្ស​កាន់អំណាច បានបង្ហាញ​បំណង​លុបចោល​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​។ ជា​តំណែង​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទើប​ទទួលបាន​ក្រោយ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​កាលពី​ដើមខែ​ធ្នូ​កន្លងទៅ​។

​តាមរយៈ Fresh News សម្តេច​បានប្រកាសថា​៖«​បើ​យន្ត​ការដែល​ទើប​បង្កើតឡើង​តាមរយៈ​ប្រការ​៤៨​ថ្មី (​បី​) វា​ពិបាក​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា​ដើម្បី​ចរចា​ដោះលែង​អ្នកទោស​ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ​យើង​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​បី​) ហើយ​វិល​ទៅប្រើ​ប្រការ ៤៨ (​ពីរ​)​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ​។ ដោយសារ​ប្រការ ៤៨​ថ្មី (​បី​)​ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ទើប​ខ្ញុំ​ស្នើសុំ​ឲ្យ​ធ្វើការ​កែប្រែ​តាមរយៈ​សមាជិក​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា វិញ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានទេ​ជុំវិញ​បញ្ហា​នេះ ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល​។

​ជុំវិញ​វិសោធនកម្ម​ប្រការ​ទី​៤៨​ថ្មី​នេះ ត្រូវបាន​អ្នកវិភាគ​យល់ឃើញថា ដោយសារតែ​បរាជ័យ​ក្នុងការ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា អះអាងថា​ជាការ​កែប្រែ​ច្បាប់​ធម្មតា ដើម្បី​ឲ្យ​ស្ថាប័ន​រដ្ឋសភា ដំណើរការ​ទៅកាន់​តែមាន​ប្រសិទ្ធភាព​៕

ថ្មី​ៗ
អត្ថបទ : ខន ចំប៉ា

No comments: