
តារាហូលីវូត អ្នកចម្រៀង អ្នកនិពន្ធ អ្នកបង្ហាញម៉ូដ និងតារាល្បីៗមួយចំនួននៅលើពិភពលោក មិនមានស្នេហាឋិតថេរ រឹងមាំនោះឡើយ ដោយពួកគេបានធ្វើការផ្លាស់ប្តូរដូចអាវសំពត់។ កាសែត Daily News ដ៏ល្បីបានបង្ហាញបញ្ជីឈ្មោះតារាល្បីៗដែលមានប្រវត្តិរៀបការចាប់ពី៤លើក រហូតដល់ទៅ៩លើក។
តារាភាពយន្តហូលីវូត Zsa Zsa Gabor រៀបការ៩ដង

Zsa Zsa Gabor ជាប់ជាតារាហូលីវូតដែលរៀបការច្រើនលើកជាងគេ ពោលគឺដល់ទៅ៩លើក។ អតីតបវរកញ្ញាហុងគ្រីរូបនេះ បានរៀបការជាមួយអ្នកនយោបាយតួកគី លោក Burhan Aspaf Belge ក្នុងឆ្នាំ១៩៣៧ ហើយលែងលះនៅឆ្នាំ១៩៤១ ។ បន្ទាប់មក Gabor រៀបការជាមួយអ្នកជំនួញផ្នែកសណ្ឋាគារអាមេរិក លោក Conrad Hilton នៅឆ្នាំ១៩៤២ ហើយលែងលះនៅឆ្នាំ១៩៤៧ ។ ស្វាមីបន្តបន្ទាប់របស់ Gabor រួមមាន លោក George Sanders ដែលជាតារាភាពយន្ត លោក Herbert Hutner ដែលជាអ្នកវិនិយោគផ្នែកធនាគារ លោក Joshua S.Cosden, Jr. លោក Jack Ryan លោក Michael O’Hara លោក Felipe de Alba និងលោក Frederic Prinz von Anhalt ដែលជាស្វាមីចុងក្រោយ រហូតដល់ Gabor ទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ នាខែធ្នូ ឆ្នាំ២០១៦ ។
លោក Larry King អ្នកនិពន្ធ និងជាអ្នកវិភាគតាមវិទ្យុ-ទូរទស្សន៍ រៀបការ៨ដង

លោក Larry King បច្ចុប្បន្ន អាយុ៨៣ឆ្នាំ ជាអ្នកនិពន្ធ និងជាវិភាគតាមវិទ្យុ ទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក។ លោកបានរៀបការ៨លើកជាមួយនារី៧នាក់។ នៅឆ្នាំ១៩៥១ គាត់រៀបការជាមួយមិត្តរួមវិទ្យាល័យ Freda Miller ក្នុងអាយុ១៨ឆ្នាំ។ មួយឆ្នាំក្រោយមក អាពាហ៍ពិពាហ៍ត្រូវបានរំសាយ។ នៅឆ្នាំ១៩៦១ គាត់បានរៀបការជាមួយ Annette Kaye ហើយលែងលះគ្នានៅឆ្នាំដដែល។ ក្រោយមកលោកបានរៀបការជាមួយតារា Playboy ឈ្មោះ Alene Akins តែលែងលះនៅឆ្នាំ១៩៦៣ ហើយបន្តអាពាហ៍ពិពាហ៍ជាមួយអ្នកកាសែត Mickey Stuphin មុននឹងលែងលះនៅឆ្នាំ១៩៦៧ ។ លោកបានរៀបការម្តងទៀតជាមួយ Alene Akins នៅឆ្នាំ១៩៦៧ និងលែងលះគ្នាជាលើកទី២នៅឆ្នាំ១៩៧២ ។ ភរិយាជាបន្តបន្ទាប់របស់ King មាន Sharon Lepore (១៩៧៦ ដល់១៩៨៣) Julie Alexander (១៩៨៩ ដល់១៩៩២) និង Shawn Southwick ដែលរួមរស់ជាមួយគ្នាពីឆ្នាំ១៩៩៧ រហូតដល់បច្ចុប្បន្ន។ លោក King មានកូន៥នាក់។
Elizabeth Taylor អតីតតារាហូលីវូតអង់គ្លេសកាត់អាមេរិក រៀបការ៨ដង

Elizabeth Taylor ដែលបានទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំកាលពីឆ្នាំ២០១១ ធ្លាប់រៀបការចំនួន៨លើកជាមួយបុរស៧នាក់។ ស្វាមីរបស់អតីតតារាហូលីវូតដ៏ល្បីល្បាញរូបនេះ មាន លោក Conrad Hilton Jr. (ការឆ្នាំ១៩៥០ លែងលះឆ្នាំ១៩៥១) លោក Michael Wilding (ការឆ្នាំ១៩៥២ លែងលះឆ្នាំ១៩៥៧) លោក Mike Todd (ការឆ្នាំ១៩៥៧ ស្លាប់ឆ្នាំ១៩៥៨) លោក Eddie Fisher (ការឆ្នាំ១៩៥៩ លែងលះឆ្នាំ១៩៦៤ ) លោក Richard Burton (ការឆ្នាំ១៩៦៤ លែងលះឆ្នាំ១៩៧៤ ហើយការម្តងទៀតនៅឆ្នាំ១៩៧៥ និងលែងលះនៅឆ្នាំ១៩៧៦) លោក Jonh Warner (ការឆ្នាំ១៩៧៦ និងលែងលះឆ្នាំ១៩៨២) និងលោក Larry Fortensky (ការឆ្នាំ១៩៩១ លែងលះឆ្នាំ១៩៩៦ )។ Taylor មានកូនចំនួន៤នាក់ប៉ុណ្ណោះ។
លោក Billy Bob Thornton អ្នកផលិតភាពយន្ត តារាសម្តែង អ្នកចម្រៀង និងជាតន្ត្រីករ ធ្លាប់រៀបការ៦លើក

លោក Billy Bob Thornton ដែលបច្ចុប្បន្ន មានវ័យ៦១ឆ្នាំ ជាមនុស្សដ៏ល្បីល្បាញម្នាក់ក្នុងឧស្សហកម្មភាពយន្ត តន្ត្រី និងចម្រៀងនៅសហរដ្ឋអាមេរិក។ លោកបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ចំនួន៦លើក ដែលក្នុងនោះ មាន Melissa Lee Gatlin (ការឆ្នាំ១៩៧៨ លែងលះឆ្នាំ១៩៨០) Toni Lawrence (ការឆ្នាំ១៩៨៦ លែងលះឆ្នាំ១៩៨៨) Cynda Williams (ការឆ្នាំ១៩៩០ លែងលះឆ្នាំ១៩៩២) Pietra Dawn Cherniak (ការឆ្នាំ១៩៩៣ លែងលះឆ្នាំ១៩៩៧) Angelina Jolie (ការឆ្នាំ២០០០ លែងលះឆ្នាំ២០០៣) និង Connie Angland រស់នៅជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៤មក។ លោកមានកូន៥នាក់។
លោក Martin Scorsese អ្នកដឹកនាំរឿង ជាពិសេសរឿងបែបប្រវត្តិសាស្ត្រ ធ្លាប់រៀបការ៥លើក
បច្ចុប្បន្នឈានដល់វ័យ៧៤ឆ្នាំ លោក Martin Scoresese អ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់អាមេរិកចាប់តាំងពីឆ្នាំ១៩៦៣មកនោះ ធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន៦លើក។ ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧១ លោកបានរួមរស់ជាមួយ Laraine Marie Brennan ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ជាមួយ Julia Cameron ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ជាមួយ Isabella Rossellini ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជាមួយ Barbara De Fina និងរស់នៅជាមួយ Helen Schermerhorn Morris ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន។ លោកមានកូន៣នាក់។
អ្នកស្រី Joan Collin តារាភាពយន្តអង់គ្លេស ធ្លាប់រៀបការ៥លើក
ជាតួកុន និងជាអ្នកនិពន្ធ ចាប់ពីឆ្នាំ១៩៥១មក បច្ចុប្បន្ន Joan Collin មានវ័យ៨៣ឆ្នាំហើយ។ អ្នកសិល្បៈអង់គ្លេសដ៏ល្បីល្បាញ និងកើតនាអំឡុងសង្គ្រាមលោកលើកទីពីររូបនេះ ធ្លាប់រៀបការចំនួន៥លើក ដោយចាប់ផ្តើមជាមួយលោក Maxwell Reed ពីឆ្នាំ១៩៥២ដល់ឆ្នាំ១៩៥៦ បន្ទាប់មកជាមួយលោក Anthony Newley (ពីឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៧១) លោក Ronald S.Kass (ពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៨៣) លោក Peter Holm (ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៧) និងលោក Percy Gibson ពីឆ្នាំ២០០២រហូតដល់បច្ចុប្បន្ន។ អ្នកស្រីមានកូន៣នាក់។
រីឯតារាដែលធ្លាប់រៀបការចំនួន៤លើករួមមាន អតីតអ្នកចម្រៀងអាមេរិក Frank Sinatra (មរណភាពក្នុងអាយុ៨២ឆ្នាំកាលពីឆ្នាំ១៩៩៨ តារាហូលីវូត Liza Minnelli (បច្ចុប្បន្នអាយុ៧០ឆ្នាំ) Pamela Anderson តារាភាពយន្ត និងជាអ្នកបង្ហាញម៉ូតកាណាដាកាត់អាមេរិក ដែលបច្ចុប្បន្នមានវ័យ៤៩ឆ្នាំ និង អ្នកចម្រៀង Lisa Marie Presley ដែលជាកូនស្រីរបស់ស្តេចចម្រៀង Elvis Presley៕
ថ្មីៗ
អត្ថបទ : ធីតា
No comments:
Post a Comment