![]() |
| មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ (រូបភាពពីហ្វេសប៊ុក) |
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី ដែលរងការចោទថា បើករថយន្តបុកមន្ត្រីនគរបាលមួយរូបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននៅក្រៅឃុំបណ្តោះអាសន្ន ខណៈចំណាត់ការរបស់សាលាដំបូងរងនូវការរិះគន់ថា មិនបានផ្តល់យុត្តិធម៌ដល់ជនសង្ស័យ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ សកម្មជនគណបក្សប្រឆាំងនិងជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចាប់ខ្លួន ខណៈនគរបាលច្រកទ្វារម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បានដួលនៅមុខរថយន្តរបស់មន្ត្រីបក្សប្រឆាំងរូបនោះ។
ក្រោយមកលោក លោក ឌិន ពុទ្ធី ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ចោទថាបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ប៉ុន្តែចំណាត់ការរបស់តុលាការថ្នាក់ក្រោមនោះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមនិងអង្កការសង្គមស៊ីវិល រួមទាំងគ្រួសារលោក ឌិន ពុទ្ធី ផងរិះគន់ថា ជារឿងអយុត្តិធម៌ និងសម្រេចប្តឹងករណីនេះមកសាលាឧទ្ធរណ៍។
នៅថ្ងៃសុក្រនេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ លោក ងួន រតនា បានសម្រេចឲ្យលោក ឌិន ពុទ្ធី បាននៅក្រៅឃុំបណ្តោះអាសន្ន តាមបណ្តឹងទាស់របស់មេធាវីការពារក្តី បន្ទាប់ពីស្តាប់សំអាងហេតុរបស់មេធាវីការពារក្តី។
មេធាវីលោក គីម សុជាតិ ដែលការពារក្តីឲ្យលោក ឌិន ពុទ្ធី ប្រាប់អ្នកសារព័ត៌មានក្រោយបិទសវនាការថា ការដែលចៅក្រមសម្រេចឲ្យក្តីលោកបាននៅក្រៅឃុំនៅនេះ ដោយសារតែលោកបញ្ជាប់ប្រាប់តុលាការថា កូនក្តីលោកនឹងមិនគេចវេស ពេលតុលាការត្រូវការឲ្យមកបង្ហាញមុខនោះទេ និងថាកូនក្តីលោកនឹងគោរពលក្ខខណ្ឌដែលតុលាការបានកំណត់ មិនឲ្យប្តូរទីលំនៅ និងធ្វើដំណើរទៅក្រៅប្រទេសជាដើមនិងសំអាងហេតុមួយចំនួនទៀត។
ក្រោយចាប់ខ្លួនចាប់ខ្លួនលោក ឌិន ពុទ្ធី អ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើត្រាប់តាមថា នគរបាលស័ក្តិ៤ប្រចាំច្រកទ្វារអន្តរជាតិប៉ោលប៉ែត លោក ឈាន ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តលោក ឌិន ពុទ្ធី ដែលកំពុងឈប់ ហើយធ្វើជាសន្លប់ ដើម្បីទម្លាក់កំហុសទៅលើសកម្មជនបក្សប្រឆាំងនិងប្រធានសមាគមរូបនោះ។ម្យ៉ាងវិញទៀតក៏មានការជំរុញពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យស៊ើបអង្កេតករណីនេះឡើងវិញ។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ដែលតាមដានរឿងនេះប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការថា លោក ឌិន ពុទ្ធី ជាមនុស្សម្នាក់សកម្មក្នុងជំរុញលក្ខខណ្ឌការងារ ជូនកម្មករអូសរទេះ និងបុគ្គលិកសណ្ឋាគារមួយចំនួនប្រចាំខេត្តបន្ទាយមានជ័យ និងថាសកម្មជនរូបនោះធ្លាប់ប៉ះទង្គិចដោយពាក្យសម្តីជាមួយសមត្ថកិច្ចផងដែរ ពេលចុះជំរុញការអនុវត្តច្បាប់ដើម្បីការពារប្រយោជន៍កម្មករនោះ។
បើតាមលោក អាត់ ធន់ ការដែលសាលាឧទ្ធរណ៍សម្រេចឲ្យលោក ឌិន ពុទ្ធី បាននៅក្រៅឃុំបណ្តោះអាសន្ននៅពេលនេះ លោកថាជាយុត្តិធម៌មួយផ្នែក តែបើតុលាការមិនទម្លាក់បទចោទទេ លោកគិតថាការដោះលែងនេះនូវតែជារូបភាពគំរាមកំហែងដល់សកម្មភាពលើកស្ទួយសិទ្ធិការងារដដែល។
ជាការកត់សម្គាល់ មុនសវនាការនៅសាលាឧទ្ធរណ៍នេះ មានកិច្ចប្រជុំពិសេសមួយ នៅខេត្តបន្ទាយមានមានជ័យ ក្នុងកិច្ចប្រជុំនោះ កាសែតក្នុងស្រុកបានដកស្រង់សម្តីអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ មកចុះផ្សាយថា នគរបាលស័ក្តី៤លោក ឈាន ពិសិដ្ឋ អាចនឹងត្រូវប្តូរទីតាំងឈរជើងនិងថាលោកចង់ឲ្យនរគបាលរូបនោះសម្របសម្រួលជាមួយ លោក ឌិន ពុទ្ធី ដើម្បីបញ្ចប់សំណុំរឿងដែលរងការរិះគន់មួយនេះ៕
VOD
ដោយ លោក ញឹម សុខន

No comments:
Post a Comment