ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​សរុប​ជាង​១០​ម៉ឺន​នាក់​ នៅ​ឆ្នាំ​២០១៦



ព្រះវិហារ​: នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែមករា​ ឆ្នាំ​២០១៧​ ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​រួមទាំង​អាជ្ញាធរ​ដែនដី​មួយចំនួនទៀត ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​២០១៦​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៧​ដែល​ទីតាំង​បើក​កិច្ចប្រជុំ​នេះ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ជួរមុខ​តំបន់​ប្រាសាទព្រះវិហារ​ ស្ថិតនៅ​ចំណុច​៩៥​ ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​។​

សេចក្តីរាយការណ៍​បានអោយដឹងថា​ កិច្ចប្រជុំ​នេះ​អង្គប្រជុំ​ទាំងមូល​បាន​ឯកភាព​សហការគ្នា​ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ប្រាសាទព្រះវិហារ​និង​ការទន្ទ្រាន​ដីព្រៃ​ក្បែរ​តំបន់​ប្រាសាទព្រះវិហារ​ដើម្បី​យក​ធ្វើជា​កម្ម​សិទ្ធ​និង​ការពារ​ទប់ស្កាត់​ដូចគ្នា​នៅឯ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទកោះកេរ្តិ៍​ស្ថិតនៅ​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​ប្រជុំ​ខាងលើ​បាន​រាយការណ៍​អោយដឹងថា ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​លើកទ្បើង​ចំនួន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ​២០១៦ ​ដែល​បាន​ចូលទៅ​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​មាន​ចំនួន​សរុប​១០៦៨៤៥​នាក់​។​

អាជ្ញាធរ​បាន​បន្តថា ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៣៨២៣​នាក់​និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៨៣០២២​នាក់​ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ជប៉ុន​ឈរ​លេខ​រៀង​ទី​១​ភ្ញៀវ​ចិន​លេខ​រៀង​ទី​២​និង​ភ្ញៀវ​បារាំង​ឈរ​លេខ​រៀង​ទី​៣​។​

​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​​ កន្លងមក​តម្លៃ​សំបុត្រ​លក់​អោយ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​មានតម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​ប៉ុន្តែ​បច្ចុប្បន្ននេះ​មិនទាន់​ដឹងថា​អាជ្ញាធរ​ជាតិ​ព្រះវិហារ​សម្រេច​តម្លើងថ្លៃ​សំបុត្រ​ទស្សនា​ឬមួយ​យ៉ាងណា​នោះទេ​ខ​ណះ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​នៅឯ​ខេត្តសៀមរាប​ទ្បើង​ថ្លៃ​ចំនួន​៣៧​ដុល្លារ​អាមេរិក​សម្រាប់​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​នេះ​ក្នុង​ភ្ញៀវ​បរទេស​ម្នាក់ៗ​។​

​គួរ​បញ្ចាក់​ថា​ កន្លងមក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មិនបាន​យកចិត្តទុកដាក់​ផ្តល់​ការបំភ្លឺ​អំពី​ព័ត៌មាន​ទាក់ទង​ទៅនឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ទស្សនា​ប្រាសាទព្រះវិហារ​ដល់​អ្នក​សារព័ត៌មាន​ប្រចាំខេត្ត​ព្រះវិហារ​អោយ​បានដឹង​នោះទេ​៕

CEN
ដោយ: ​អង្គរវត្ត​

No comments: