
តាកែវ ៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារធ្វើការ និងអគារស្នាក់នៅរបស់ប៉ុស្តិ៍ នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកសាជាថ្មីម្តងទៀត ទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវ ប្រយ័ត្នប្រយែងចំពោះការចេញលិខិតស្នាមនានាដល់ជនបរទេស ដែលលិខិតស្នាមទាំងអស់នោះ វាខុសទៅនឹងច្បាប់។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា កន្លងមកសម្ដេចបានធ្វើការដាស់តឿនម្ដងរួចមកហើយ ពីបញ្ហាចេញលិខិតស្នាមឲ្យជនបរទេសនេះ ក៏ប៉ុន្តែប្រសិទ្ធភាពវានៅមិនទាន់ដូចអ្វីដែលយើងចង់បាន ដូច្នោះមន្ត្រីពាក់ព័ន្ធទាំងឡាយណា ដែលនៅតែបន្តចេញលិខិតឲ្យជនបរទេស ដោយបំពានច្បាប់ នឹងត្រូវទទួលពិន័យរដ្ឋបាល ដោយមានការដកហូតតួនាទី ឬបើធ្ងន់ធ្ងរជាងនេះ គឺត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា យើង នឹងមិនយោគយល់ដល់មន្ត្រីណាម្នាក់ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់នោះទេ។ ស្ថិតក្នុងឱកាសនោះផងដែរសម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរពីការប្រឹងប្រែងធ្វើការរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍រយៈពេលកន្លងមក ដោយបាន ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការជំរឿន ជនអន្តោប្រវេសន៍ និងធ្វើការចុះទៅឃាត់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ និងបានបណ្ដេញចេញជនអន្តោប្រវេសន៍ជាង១ម៉ឺននាក់ ឲ្យត្រឡប់ទៅប្រទេសដើមវិញ។ សកម្មភាពនេះកំពុងតែបានទទួលការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសម្ដេចក៏បានជំរុញឲ្យមន្ត្រីនគរបាលនៅតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវទប់ស្កាត់ឲ្យបាននៅលំហូរជន បរទេសខុសច្បាប់ចូលមកប្រទេសកម្ពុជា ជាពិសេសត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតនូវការចរាចរណ៍គ្រឿងញៀននៅតាមព្រំដែនយើង៕
កម្ពុជាថ្មី
វីរៈ
No comments:
Post a Comment