អគ្គនាយកស៉ីម៉ាក់៖ អ្នកដឹកនាំដែល​មានទស្សនៈ ចង់បង្កើត​ឲ្យបាន ក្រុមឧទ្ទាមជា​ថ្មីនៅកម្ពុជា សូមឲ្យឃ្លាតឆ្ងាយ ពីកម្ពុជាជារៀងរហូត !



(ភ្នំពេញ)៖ បើទោះបីជាមិនសរសេរចំឈ្មោះមេបក្សប្រឆាំងដែលកំពុងគេចខ្លួន នៅក្រៅប្រទេស លោក សម រង្ស៊ី ក្តី ប៉ុន្តែនៅក្នុងសំណេររបស់ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា ហៅកាត់ថា «ស៉ីម៉ាក់» ហាក់បានសំដៅទៅលើមេដឹកនាំរូបនេះធ្លាប់លើកឡើង «អ្នកចាញ់ឆ្នោតជាក្រុមឧទ្ទាម» ដោយលោកសូមឲ្យអ្នកដឹកនាំដែលមានទស្សនៈបង្កើតក្រុមឧទ្ទាមជាថ្មីនៅកម្ពុជា ឃ្លាតឆ្ងាយពីកម្ពុជារៀងរហូត។

លោក ហេង រតនា នៅព្រឹកថ្ងៃទី០៦ ខែមករានេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានសរសេររៀបរាប់ទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនលានគ្រាប់ ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ បន្សល់ទុកជនពិការ ស្ត្រីមេម៉ាយ កុមារជាច្រើនផងដែរ។

លោក ហេង រតនា បានសរសេរថា ងាយមើលឃើញនូវសមិទិ្ធផលសង្គ្រាម​ តាមរយៈការបំផ្លិចបំផ្លាញ រចនាសម្ពន្ធ័រូបវន្ត មានសាលារៀន​ អាគារមន្ទីរពេទ្យ​ ផ្សារ​ ទីក្រុង​ ផ្លូវថ្នល់ ស្ពាន​ ព្រៃឈើ​ ជាពិសេសមនុស្ស​-សត្វស្លាប់​ របួស​ ការបែកបាក់​ ជាដើម។ល។​ ប៉ុន្តែគេពិបាកមើលឃើញ និងវាស់វែងបានណាស់នូវមហាសមុទ្រទុក្ខវេទនា​ ខាងសតិអារម្មណ៍​ ផ្លូវចិត្ត​ ឆន្ទៈ​ មសិការ​ បុគ្គល​-សហគមន៍​ ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់។​ នៅក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិលើផែនដីនេះ​ គ្មានប្រទេសណាមួយ​ ឬគ្មានរដ្ឋណាមួយទទួលរងនូវមហាសមុទ្រទុក្ខ​ សោកវិនាសកម្ម​ ការកាប់សម្លាប់​ជនជាតិខ្លួនឯង​ ដូចកម្ពុជាទេ។ ​

លោកបន្តថា ស៉ីម៉ាក់ និងអង្គភាពដោះគ្រាប់សំណល់ជាតិផ្ទុះ រួមមានកងខេមរភូមិន្ទ​ នគរបាលជាតិ​ និងប្រតិបតិ្តករអង្គការក្រៅ រដ្ឋាភិបាលនានា​ បានរុករក និងកំទេចចោលគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់ប្រភេទចំនួនជិត៤លានគ្រាប់។​ បើយើងគិតថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ០១គ្រាប់ អាចធ្វើឲ្យកូនខែ្មរម្នាក់ របួសឬស្លាប់នោះ​ក៏មានចំនួនច្រើនណាស់ ដែលសមិទិ្ធផលសង្គ្រាមទុកជាមរតក​ តាមបំផ្លិចបំផ្លាញកូនខែ្មរ យ៉ាងយូរខែឆ្នាំ ចំពោះកូនខែ្មរជំនាន់ក្រោយៗទៀត។​

លោកបានសរសេរទៀតថា «សុំទាញការយកចិត្តទុកដាក់ដោយស្មារតី​ និងឆន្ទៈម៉ឺងម៉ាត់ និងគ្មានងាករេក្នុងការរក្សា​ការពារ​ «សន្តិភាព»​ ឲ្យបានដាច់ខាត​ ទើបសង្គមខែ្មរមានការអភិវឌ្ឍន៍ និងចំរើនលូតលាស់ជាមួយសេចកី្តសុខសាន្តដរាបទៅ និងសុំបំបាត់មហិច្ឆតាអំណាច​ តាមរយៈចាត់ទុកអ្នកចាញ់ឆ្នោត ជា​ក្រុមឧទ្ទាមប្រឆាំងខ្លួន​ ព្រោះថាមានក្រុមឧទ្ទាមមានសង្គ្រាមហើយ​!​ នៅលើពិភពលោកនេះ​ ប្រទេសណាមានក្រុមឧទ្ទាម ​គឺសង្គ្រាមឆាបឆេះហើយ!​ ដូចនេះសូមអ្នកដឹកនាំ ដែលមានទស្សនៈ ចង់បង្កើតឲ្យមានក្រុមឧទ្ទាមជាថី្មនៅកម្ពុជា​ សូមឲ្យឃ្លាតឆ្ងាយពីកម្ពុជាជារៀងរហូតតទៅ!!»៕

Fresh News

No comments: