
បាត់ដំបង ៖ មានប្រជាពលរដ្ឋជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅត្រង់ចំណុចផ្ទះវីងវេរលុយ និងប្តូរប្រាក់ យីហោ ចំរើន សុមាលី ដោយម្នាក់ៗមានការផ្ទុះកំហឹងទៅលើលោកចៅក្រមម្នាក់ ដែលជាអនុប្រធានសាលាដំបូង ខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់បាននាំគ្នាដាក់ពាក្យបណ្តឹង ព្រមទាំងបានឃាត់ខ្លួនទៅលើស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះ និងជាជនសង្ស័យដែលបានឆបោកលុយរបស់ពួកគាត់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក បែរជាត្រូវបានលោកចៅក្រមរូបនោះ ធ្វើការដោះលែងឲ្យមានសេរីភាពវិញយ៉ាងរំភើយ ក្រោមលេសថា « ដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ »។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៥០នាទីព្រឹក ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន២នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលរងគ្រោះប្រមាណជាង៨០ នាក់ បានអះអាងថា ពួកគាត់ត្រូវបានជនសង្ស័យរូបនេះឆបោកអស់ប្រាក់ ក្នុងម្នាក់ៗគឺជិត៤ម៉ឺនដុល្លារ និងជាង៥សែនបាតរួចមក លោកព្រះរាជអាជ្ញា នួន សាន បានបញ្ជាទៅលោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ ជា សុមាលី អាយុ៣២ឆ្នាំ មានមុខរបរបើកទីតាំងវីងវេរលុយផង និងទីតាំងប្តូរប្រាក់ផង ដោយមានការទទួលប្រាក់បញ្ញើពីប្រទេសថៃ មកកម្ពុជាថែមទៀតផង។
ក្រោយពីបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរួចមក ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១ថ្ងៃត្រង់ ស្ត្រីដែលជាជនសង្ស័យត្រូវបានលោកចៅក្រម ញៀន សុវណ្ណ អនុប្រធានសាលាដំបូងខេត្តបាត់ដំបងធ្វើការដោះលែងវិញយ៉ាងរំភើយ ព្រមទាំងបានវិលត្រឡប់ទៅផ្ទះវិញជាធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ដែលបញ្ហានេះបានធ្វើឲ្យម្ចាស់បំណុលសំដែងនូវប្រតិកម្មយ៉ាងខ្លាំង។
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណជាង២០នាក់ បានចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តរួចមក លោក គិត ហ៊ាង បានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា ដើម្បីកោះហៅឲ្យស្ត្រីរូបនេះចូលខ្លួនទៅបំភ្លឺនៅអធិការដ្ឋាន ពាក់ព័ន្ធនឹងបណ្តឹងទាំងអស់នេះ។
ផ្ទុយទៅវិញ ស្ត្រីរូបនេះ បានមានះមិនព្រមចូលខ្លួនទៅបំភ្លឺឡើយ ទំនងជាគេសម្អាងថា ចៅក្រមទើបនឹងដោះលែង តើសមត្ថកិច្ចមានសិទ្ធិអីមកហៅម្តងទៀតនោះ? នៅពេលនោះដែរក៏មានប្រជាពលរដ្ឋជាច្រើនដែលជាម្ចាស់បំណុល បានមកពពាក់ពពូនត្រង់ទីតាំងខាងលើ ដែលចាំបាច់តម្រូវឲ្យសមត្ថកិច្ចធ្វើការយ៉ាងប្រុងប្រយ័ត្ន ដោយសារតែខ្លាចមានការប្រើអំពើហិង្សាណាមួយកើតឡើង ហើយក៏កំពុងសុំដីកាពីលោកព្រះរាជអាជ្ញាដើម្បីធ្វើការនាំខ្លួនឲ្យខាងតែបាន យកទៅសាកសួរ បើទោះបីជាជនសង្ស័យរូបនេះមានមេធាវីការពារយ៉ាងណាក៏ដោយ។
ទីបំផុត នៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីទទួលបានដីការបស់តុលាការរួចមក លោកអធិការ គិត ហ៊ាង បានដាក់ផែនការបញ្ជាឲ្យកម្លាំងនាំខ្លួនស្ត្រីរូបនេះឲ្យខាងតែបាន ដើម្បីយកទៅកាន់អធិការដ្ឋានក្នុងការសាកសួរសាជាថ្មី លើពាក្យបណ្ដឹងជាង២០នាក់៕
កម្ពុជាថ្មី
សោ និយមរ័ត្ន
No comments:
Post a Comment