សិលាចារឹក​ភាសា​ភូមា​៖ ជនជាតិ​ភូមា​រស់នៅ​បាត់ដំបង​ក៏បាន​មក​ចារ​នៅ​ប្រាសាទខ្មែរ​ដែរ​



សៀមរាប​៖ តាមរយៈ​ការធ្វើជំរឿន​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​រកឃើញថា សិលាចារឹក​ភាសា​ភូមា​ដែល​សរសេរ​លើ​ជញ្ជាំង​ប្រាសាទខ្មែរ មាន​១១​ផ្ទាំង​នៅ​កន្លែង​ផ្សេងគ្នា​។ ក្នុងចំណោម​ទីតាំង​ទាំងនោះ មួយចំនួនធំ​នៅ​ប្រាសាទអង្គរវត្ត និង​មួយចំនួនទៀត​នៅ​រូបសំណាក់​ព្រះអង្គ​ងោក ស្ថិតនៅ​ខាងជើង​ប្រាសាទបាយ័ន​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មាន​ជនជាតិ​ភូមា​ខ្លះ​បានធ្វើ​ដំណើរ​ពី​ប្រទេស​ពួកគេ​ក្នុង​តំបន់​ផ្សេងគ្នា​មក​ចារ​អក្សរ និង​ខ្លះទៀត ជា​ជនជាតិ​ភូមា​ដែល​រស់នៅ​ប្រកប​របរ​ជីក​ត្បូង​រ៉ែ​នៅ​ខេត្តបាត់ដំបង​។​

លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៤-២០១៥ មានការ​ចាប់អារម្មណ៍​ពី​អនុរដ្ឋមន្ត្រី​ភូមា គឺ​លោក អ៊ូ ថា​ន់​ស្វ៊េ អំពី​សិលាចារឹក​ភាសា​ភូមា​។ លោក​អនុរដ្ឋមន្ត្រី​រូបនេះ​មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​វប្បធម៌ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ សិលាចារឹក​ទាំង​១១​ផ្ទាំង ដែល​រកឃើញ​នៅក្នុង​ប្រាសាទខ្មែរ ក៏ត្រូវ​បាន​បក​ប្រែជា​ភាសា​អង់គ្លេស និង​បាន​បោះពុម្ពផ្សាយ​។​

​លោក អ៊ឹម សុខ​រិទ្ធី បន្ថែមថា អត្ថន័យ​នៅលើ​ផ្ទាំង​សិលាចារឹក​ទាំងនោះ មានន័យ​ជារួម គឺ​ការបញ្ជាក់​ពី​ឈ្មោះ​អ្នកសរសេរ ពេលវេលា និង​តំបន់​ដែល​ពួកគេ​រស់នៅ​។ ក្នុងការ​បកប្រែ​នោះ​សោត បានធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ដឹង​ទៀតថា អ្នក​ដែល​មក​សរសេរ​នោះ មិនមែនជា​ភូមា​ដែល​នៅ​ប្រទេស​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ភូមា​ដែល​រស់នៅ​ប្រកប​របរ​រក​ត្បូង​រ៉ែ​នៅ​ខេត្តបាត់ដំបង​នោះ​ផងដែរ​។​

«​ប៉ៃលិន​ជា​ភាសា​ភូមា​ដែល​ប្រែ​ថា ត្បូង​កណ្តៀង ដែល​ក្រោយមក​ក្លាយជា​ស្រុក​មួយ​របស់​បាត់ដំបង​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក អ៊ឹម សុខ​រិទ្ធី​។​
​គួរ​បញ្ជាក់ថា ទីតាំង​នៃ​សិលាចារឹក​ភាសា​ភូមា មាននៅ​តាម​ជើង​សសរ​នៅក្បែរ​ក្តា​បែន នៅ​ថែវ​ព្រះ​ពាន់ នៅ​ជាន់​បាកាណ និង​នៅតាម​ថែវ​ខ្លះៗ​នៃ​ប្រាសាទអង្គរវត្ត​។ ចំណែកឯ​នៅក្នុង​អង្គរធំ ក្បែរ​ប្រាសាទបាយ័ន សិលាចារឹក​ភាសា​ភូមា​មាន​នៅលើ​សន្លឹក​សេ​មា​ភ្លោះ​របស់​ឪ​បោស​ថា​គារ ព្រះអង្គ​ងោក ដែល​ស្ថិតនៅ​ខាងជើង​នៃ​ប្រាសាទ​មួយ​នេះ​។ នៅ​ទីតាំង​នេះ ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​សន្ម​ត់​ថា វា​ត្រូវបាន​ចារ​ឡើង​ដោយ​ព្រះសង្ឃ​ភូមា​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : អ៊ីសា រ៉ហានី

No comments: