លោក​ឆាយ សុ​រិ​ទ្ធិ កំពុង​រកស៊ី​ដឹកជញ្ជូន​ឈើ គេចពន្ធ​យ៉ាង​រលូន សង្ស័យ​ខ្មោច​ស្រុក​បើកដៃ​



​សៀមរាប: បើតាម​សេចក្តីរាយការណ៍ បានអោយដឹងថា លោក​ឆាយ សុ​រិ​ទ្ធិ រស់នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ឈ្មួញ​ឈើ​ដ៍​ល្បីឈ្មោះ​ម្នាក់ ប្រចាំ​តំបន់​ស្រែ​ណូយ កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ឈើ​អារ​លេខ​១ និង​លេខ​២ គេចពន្ធ​ប្រភេទ​ឈើ​ក្តារ និង​ផ្ទោង ដែលមាន​ប្រភព​ប្រមូល​មកពី តំបន់​អូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ពី​តំបន់​អូរ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

មតិ​មហាជន​នៅ​ខេត្តសៀមរាប បាននាំគ្នា​និយាយ​រិះគន់ថា បទល្មើស​ព្រៃឈើ មានដូចជា​ការដឹកជញ្ជូន ឈើ​គ្រញូង បេង ធ្នង់ នាងនួន ឈើ​អារ​លេខ​១ លេខ​២ គ្រឿង​សង្ហា​រឹម ប្រណីតៗ និង​គ្រឿង​សិប្បកម្ម​ឈើ​កែច្នៃ លុមៗ មិនអាច​បង្ក្រាប​ទប់ស្កាត់ មាន​ប្រសិទ្ធភាព​នោះទេ បើសិន​សមត្ថកិច្ច​ទាំងអស់ ដៃ​ម្ខាង​មិន​បង្ក្រាប និង​ដៃ​ម្ខាង​ទៀត​សកម្ម ទទួល​លុយ​សំណូក សូកប៉ាន់​ពី​ក្រុម​ឈ្មួញ​ឈើ​នោះ​។​

​ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ តាម​ដងផ្លូវ​ជាតិ​លេខ​៦៧ បាន​រាយការណ៍ អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ​រិ​ទ្ធ ម្នាក់នេះ រកស៊ី​ដឹកជញ្ជូន​ឈើ​គេចពន្ធ ប្រចាំខេត្ត​សៀមរាប ជិត​២០​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៅតាម​មូលដ្ឋាន ក៍​ដូចជា​មន្ត្រី​បរិស្ថាន និង​ស្ថាប័ន​សមត្ថកិច្ច ពាក់ព័ន្ធ​ផ្សេងទៀត ចុះ​ចាប់​បង្ក្រាប​នោះទេ​។​

​សមត្ថកិច្ច​ខ្លះ ពេល​ប្រជាពលរដ្ឋ រាយការណ៍​អោយ​ចាប់​ឈើ គេចពន្ធ​ដែល​ស្តុក​ទុក នៅ​ស្រែ​ណូយ​របស់​ឈ្មួញ​ម្នាក់នេះ ត្រូវបាន​ពួកគេ​ឆ្លើយថា ជាប់រវល់​ប្រជុំ​ជាដើម​។​
​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​លោក​ឆាយ​សុ​រិ​ទ្ធិ​មាន​ដេប៉ូ​ឈើ​ដ៍​ធំ​មួយ​នៅ​ទីរួមស្រុក​អង្គរជុំ​ខេត្តសៀមរាប​និង​មាន​រថយន្ត​ប្រព្រឹត្ត​បទល្មើស​មួយគ្រឿង​ពណ៌​ត្រេអ៊ី​ចំណុះ​៥​តោន​និង​គោយន្ត​កន្ត្រៃ​ច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បន្ត​ពី​កន្លែង​ស្តុក​ទុក​នៅ​ស្រែ​ណូយ​ហើយ​ដឹក​បន្ត​បន្តទៅ​ដាក់​នៅ​ដេប៉ូ​ឈើ​របស់ខ្លួន​នៅ​ស្រុក​អង្គរជុំ​ថែមទៀត​។​

​នាយរង​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប លោក​ឯម មុន្នី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ការដឹកឈើ​ខុសច្បាប់ របស់​ឈ្មួញ​ឈ្មោះ​ឆាយ សុ​រិ​ទ្ធិ ចេញពី​តំបន់​អូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ យកទៅ​ស្តុក​ទុក​នៅ​តំបន់​ស្រែ​ណូយ លោក​មិន​បានដឹង​នោះទេ​។ លោក​ឯម មុន្នី បានអោយ​ភ្នាក់ងារ គេហទំព័រ ស៊ី​អ៊ី​អិន (CEN) ប្រចាំខេត្ត​សៀមរាប ទាក់ទង​ទៅកាន់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រោះ​ឥ​ទ្បូ​វ លោក​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​កសិកម្ម បើសិន​លោក​ប្រធាន​មន្ទីរ​កសិកម្ម បញ្ជា​អោយ​ចុះទៅ​ពិនិត្យមើល បទល្មើស​ព្រៃឈើ នៅ​ទីនោះ​គឺ លោក​នឹង​ចុះទៅ​ភ្លាម​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក​ទា គឹម​សុទ្ធ បាន​មានប្រសាសន៍ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ខណៈ​អ្នកសារព័ត៌មាន ទាក់ទង​ទៅ​គាត់ ដើម្បី​សុំ​ការ​បំភ្លឺថា តើ​លោក​ឆាយ សុ​រិ​ទ្ធិ ពិតជា​កំពុង​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់ យកទៅ​ស្តុក​ទុក​នៅ​ស្រែ​ណូយ ឬមួយ​យ៉ាងណា​ទៅវិញ​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត បាន​បង្ហើប​អោយដឹងថា នៅ​តំបន់​ស្រែ​ណូយ មាន​ឈ្មួញ​រកស៊ី​ដឹកឈើ អារ​គេចពន្ធ​ខ្នាត​ធំ​ម្នាក់ទៀត ឈ្មោះ​ឆាយ ក៍​មិនមាន​សមត្ថកិច្ច​ណា បង្ក្រាប​ដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៍​មានការ​លូកដៃ លូក​ជើង ពី​សមត្ថកិច្ច​ជើង​ខ្លាំង ចាប់ពី​ថ្នាក់ស្រុក ដល់​ថ្នាក់​ខេត្ត កាង​បទល្មើស​យ៉ាងរឹងមាំ នៅ​ពី​ក្រោយខ្នង ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ​ឆាយ សុ​រិ​ទ្ធិ និង​ឈ្មោះ​ឆាយ ថែមទៀត​។​

​លោក​ឆាយ សុ​រិ​ទ្ធិ ធ្លាប់បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា គាត់​ពិតជា​រកស៊ី​ដឹកជញ្ជូន ឈើ​អារ​លេខ​១ និង​លេខ​២ គេចពន្ធ និង​មាន​រថយន្ត​ត្រេអ៊ី ចំណុះ​៥​តោន ចំនួន​១​គ្រឿង ប្រាកដ​មែន ប៉ុន្តែ​គាត់​បាន​បដិសេធថា មិនបាន​ដឹកឈើ យកទៅដាក់​នឹង​ដេប៉ូ​ឈើ​របស់ខ្លួន នៅ​ស្រុក​អង្គរជុំ​នោះទេ គឺ​បាន​ដឹកឈើ​ទាំងអស់នោះ បង្ហួស​យកទៅ លក់ នៅតាម​ដេប៉ូ​ឈើ នៅឯ​ខេត្តបន្ទាយមានជ័យ​៕

CEN
ដោយ: យូហាក់

No comments: