៣​ឆ្នាំ ACU ទទួល​ពាក្យ​ប្តឹង​២៣៨៧ តែ​មិនបាន​ប្រាប់ ពី​ការចាប់​ជនល្មើស​ពុករលួយ​



ភ្នំពេញ: លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាននិងកំពុង​អនុវត្តន៍​វិធានការ​អប់រំ បង្ការ ទប់ស្កាត់ មាន​លក្ខណៈ​ល្អប្រសើរ មុននឹង​ធ្វើការ​បង្ក្រាប​។​

បើតាម​សេចក្តីជូនដំណឹង​ស្តីពី កិច្ចប្រជុំ​លើក​ទី​១៨​អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​លើ​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​នាំមុខ និង​លើកទឹកចិត្ត ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ចូលរួម​យ៉ាង​ផុសផុល ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ប្រែប្រួល​ផ្នត់គំនិត​ក្នុងសង្គម​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា លទ្ធផល​ការងារ​កិច្ចការ​គតិយុត្តិ ពាក្យបណ្តឹង និង​អន្តរជាតិ រយៈពេល​៣​ឆ្នាំ ដោយ​ពាក្យ​ប្តឹង​ក្នុង​ឆ្នាំ​២០១៤-២០១៦ មាន​២៣៨៧​ពាក្យ​ប្តឹង ក្នុងនោះ​មាន ១១២៥​ពាក្យ​ប្តឹង ជា​ពាក្យ​ប្តឹង​អនាមិក (​ឆ្នាំ​២០១៤ មាន​ពាក្យ​ប្តឹង​អនាមិក ៥២​ភាគរយ ឆ្នាំ​២០១៥​មាន​៤៦​ភាគរយ និង​ឆ្នាំ​២០១៦​មាន​៤២​ភាគរយ​) ពាក្យ​ប្តឹង​ដែល​ទទួលបាន​ច្រើនជាងគេ​គឺ​តាមរយៈ​ប្រអប់​ស​។ ការកសាង​លិខិតគតិយុត្ត​នៅក្នុង​អង្គភាព​ក្នុង​ឆ្នាំ​២០១៤-២០១៦ ចំនួន​១៨២ ។ ការធ្វើ​លិខិត​សុំ​ការបំភ្លឺ​មាន​ចំនួន​២៣២១​លិខិត ក្នុង​ឆ្នាំ​២០១៤-២០១៦​។ ចូលរួម​ស្តាប់​សវនាការ របស់​តុលាការ មាន​ចំនួន​៥៧​ករណី​(១១៣​លើក​) ជាការ​សន្និដ្ឋាន​។ អំពើពុករលួយ ជា​ចំហរ​មានការ​ថយចុះ​ច្រើន អំពើពុករលួយ ក្នុង​សេវាសាធារណៈ មានការ​ថយចុះ​ច្រើន មាន​បណ្តឹង​ថយចុះ​ពី ១០០៩ ពាក្យ​ប្តឹង ឆ្នាំ​២០១៤ មក​៥៧៥​ពាក្យ​ប្តឹង នៅ​ឆ្នាំ​២០១៦​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត លើ​ករណី​សង្កាត់​ច្បារអំពៅ​២ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​លទ្ធផល ជូន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើ​ពុ​រលួយ​ថា ក្រោយ​ស្តាប់​ចម្លើយ​របស់​ចៅសង្កាត់ និង​ក្រោយ​ការផ្ទៀងផ្ទាត់​ពី​ការ​ស្តាប់​ចម្លើយ​២០​នាក់​ផ្សេងទៀត លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​២ មិនមាន​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​ការចោទប្រកាន់​ទេ​។ ទោះបីជា​យ៉ាងណា ក្នុង​សេចក្តីជូនដំណឹង​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​បញ្ជាក់​អំពី​ការចាប់ខ្លួន​ជនល្មើស ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ប៉ុន្មាន​នាក់​នោះទេ​៕

CEN
ដោយ: ដាវុធ

No comments: