
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃចន្ទថា សេតវិមានបានរៀបចំក្រុមមួយប្រឆាំងនឹងអ៊ីស្រាអែលលើការបោះឆ្នោតតាំងទីលំនៅកាលពីសប្តាហ៍មុននៅអង្គការសហប្រជាជាតិ។ នេះជាសញ្ញាចុងក្រោយបំផុតនៃកំហឹងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Ron Dermer បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយ CNN ថា រដ្ឋាភិបាលរបស់លោកមានផែនការបង្ហាញភស្តុតាងនៃការប្រើល្បិចរបស់អាមេរិកនេះ។ អ្នកការទូតអ៊ីស្រាអែលរូបនេះបានប្រាប់ CNN ថា “អ្វីដែលជាកំហឹងគឺថា សហរដ្ឋអាមេរិកគឺពិតជានៅពីក្រោយការសម្រេចទាំងនេះ។ ខ្ញុំគិតថា វាជាថ្ងៃដ៏សោកស្ដាយខ្លាំងបំផុតហើយពិតជាគួរឲ្យអាម៉ាស់ណាស់”។ លោក Dermer បាននិយាយទៀតថា “យើងមានភស្តុតាងច្បាស់លាស់អំពីវា។ យើងនឹងបង្ហាញភស្តុតាងនេះដល់រដ្ឋាភិបាលថ្មីតាមរយៈបណ្ដាញសមស្រប។”។ លោក Dermer បានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលពិតជាមានការខកចិត្តខ្លាំងណាស់ចំពោះក្រុងវ៉ាស៊ីនតោនអំពីការបោះឆ្នោតនៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលទាមទារថា “ប្រទេសអ៊ីស្រាអែលត្រូវបញ្ឈប់ភ្លាមនិងបញ្ចប់ទាំងស្រុងនៃសកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយរួមបញ្ចូលទាំងភាគខាងកើតក្រុង Jerusalem ផងដែរ។
ទោះយ៉ាងណា សហរដ្ឋអាមេរិកដែលមានសិទ្ធិវេតូបានអនុញ្ញាតឲ្យមានការអនុម័តវិធានការនេះដែលជាសេចក្តីសម្រេចដំបូងចាប់តាំងពីឆ្នាំ១៩៧៩មកដើម្បីដាក់ទោសអ៊ីស្រាអែលលើគោលនយោបាយតាំងទីលំនៅរបស់ខ្លួន។
លោក Dermer បានចោទប្រកាន់រដ្ឋបាលលោក Obama ថាកំពុងជួយប៉ាឡេស្ទីនធ្វើសង្គ្រាមការទូតនិងផ្លូវច្បាប់ប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក Daniel Shapiro ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់គាត់៕
កម្ពុជាថ្មី
វណ្ណវណ្ណ
No comments:
Post a Comment