GMAC ថា ឆ្នាំ ២០១៦ រោងចក្រ​បិទទ្វារ​ច្រើន ក្រោយ​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​



ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៦​នេះ ក្រោយពី​មានការ​ចរចា​ប្រាក់បៀវត្ស​កម្មករ​យ៉ាង​តានតឹង​មក ប្រាក់ខែ​គោល​របស់​កម្មករ​បាន​ដំឡើង​ពី​១៤០ ទៅ ១៥៣ ដុល្លារ​ក្នុង​មួយខែ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៧ ខាងមុខនេះ​។ ប៉ុន្តែ ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ខ្លាំងពេក អាចធ្វើ​ឲ្យ​បាត់បង់ និង​ថយចុះ ការបញ្ជាទិញ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​ធ្លាប់​បញ្ជា​ទិញ​ពី​កម្ពុជា​ផងដែរ​។​

កំណើន​ប្រាក់បៀវត្ស​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ដោយ​ក្នុង​ឆ្នាំ​២០១៦ ប្រាក់ខែ​គោល​របស់​កម្មករ ទទួលបាន​ត្រឹម ១៤០ ដុល្លារ តែ​ឆ្នាំ ២០១៧ ខាងមុខ ប្រាក់ខែ​គោល​នឹង​កើន​ដល់ ១៥៣ ដុល្លារ​ក្នុង​មួយខែ​ផងដែរ​។ ដោយឡែក ការដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​ជា​បន្តបន្ទាប់​បែបនេះ បានធ្វើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មានការ​ព្រួយបារម្ភ​។

​លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជី​ម៉ាក់ (GMAC) បានលើកឡើង​បែបនេះ​ថា​៖«​ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ខ្ពស់​ពេក អាចមាន​ការប៉ះពាល់​ដ​ល់​វិនិយោគទុន ដោយសារតែ​ផលិតភាព​ការងារ​មិន​កើនឡើង​ដូច​ការដំឡើង​ប្រាក់​ឈ្នួល​របស់​ពួកគាត់​»​។

​លោក ខេន លូ មានប្រសាសន៍​ដូច្នេះ​ថា​៖ « នៅ​ឆ្នាំ​២០១៦ នេះ មាន​រោងចក្រ​ប្រហែល ៨០ ដែល​បាន​បិទទ្វារ ដោយ​ខុសពី​ឆ្នាំ​២០១៥ កន្លងទៅ មិនសូវមាន​រោងចក្រ​បិទទ្វារ​នោះទេ​»​។ លោក បន្ថែមថា ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ខ្លាំងពេក ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ហា​សេដ្ឋកិច្ច ដែល​បាន​បង្ខំ​ឲ្យ​រោងចក្រ​បិទទ្វារ​ផងដែរ​។

​អគ្គលេខាធិការ GMAC រូបនេះ បញ្ជាក់ថា ក្នុងនាម​ជា​តំណាង​សមាគម​រោងចក្រ​កាត់ដេរ ពិតជា​មាន​ផល​លំបាក ដោយសារ​អ្នកបញ្ជា​ទិញ​មានការ​ថយចុះ​។ លោក ខេន លូ លើកឡើងថា​៖ «​កន្លែង​ណា​មាន​កម្លាំង​ពលកម្ម​ថោក គេ​ទៅរក​កន្លែង​នោះ​ហើយ ព្រោះ​ប្រទេស​ផ្សេង មាន​កម្លាំង​ពលកម្ម​ថោក ជាង​ប្រទេស​កម្ពុជា​»​។

​លោក ខេន លូ យល់ថា ការទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ គឺជា​ការត្រឹមត្រូវ ព្រោះ​ជា​សិទ្ធិ​របស់​កម្មករ​។ តែ​លោក​ចង់​ឲ្យ​កម្មករ​បង្កើន​ផលិតភាព​ការងារ​កើនឡើង​បន្ថែមទៀត​។ លោក ខេន លូ ពន្យល់ថា កម្មករ​អាច​នឹងមិន​មានការ​ងារ​ធ្វើ ប្រសិនបើ ផលិតភាព​ការងារ​មិន​កើនឡើង​។

​យ៉ាងណា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​វិញបានលើកឡើង​ដូច្នេះ​ថា​៖«​ផលិតភាព​ការងារ​របស់​កម្មករ​មិន​កើនឡើង មិនមែនជា​កំហុស​របស់​កម្មករ​នោះទេ​។ តែដោយសារ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ដូចជា​ម៉ាស៊ីន​ចាស់ និង​ខូច ទើប​ផលិតភាព​ការងារ​មានការ​ថយចុះ​»​។​

​លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ទន្ទឹមនឹង​ការដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​បែបនេះ ក្រុម​និយោជក​នៅតាម​បណ្ដា​រោងចក្រ​មួយចំនួន​ក៏បាន​ប្រឹងប្រែង​ជំរុញ​សង្វាក់​ផលិតកម្ម​ឡើងវិញ​ផងដែរ​។ លោក បន្តថា ក្រុម​និយោជក មាន​ផែនការ​កំណត់​ចំនួន​មួយ និង​បន្ថែមចំនួន​មួយ​សម្រាប់​កម្មករ​ធ្វើការ​រាល់ថ្ងៃ​ផងដែរ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ បាន​អះអាងថា កម្មករ​មិនមែនជា​ផ្នែក​ដែល​ធ្វើ​ឲ្យ​រោងចក្រ​បិទទ្វា​នោះទេ តែដោយសារ​បញ្ហា​ផ្ទៃក្នុង​ទើប​រោងចក្រ​អាច​បិទទ្វារ​។ លោក បន្ថែមថា រោងចក្រ​ដែល​បិទទ្វារ គ្រាន់តែ​ជា​រោងចក្រ​តូចតាច​ប៉ុណ្ណោះ តែ​សម្រាប់​រោងចក្រ​ធំៗ​វិញ​មិនបាន​បិទទ្វារ​នោះទេ​។ លោក ប៉ាវ ស៊ីណា និយាយថា​៖ «​បើសិនជា​រោងចក្រ​មាន​ជំនាញ​ច្បាស់លាស់ នោះ​ផលិតភាព​ការងារ​អាច​នឹង​កើនឡើង​ខ្ពស់​»​។​

​គួរបញ្ជាក់​ផងដែរ​ថា កំណើន​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ ដោយ​នៅមុន​ឆ្នាំ​២០១៣ ប្រាក់ខែ​គោល​របស់​កម្មករ​មាន​ចំនួន ១០០​ដុល្លារ តែ​ឆ្នាំ​២០១៤-២០១៥ ប្រាប់​ខែ​គោល​របស់​កម្មករ​បាន​តំឡើង​បន្ថែមទៀត​ពី ១២៨ ដល់ ១៤០​ដុល្លារ​។ ក្រោយពី​មានការ​ចរចា​ក្នុង​២០១៦ យ៉ាង​តានតឹង​អស់​រយៈពេល​ជា​យូរ​មក ប្រាក់ខែ​គោល​របស់​កម្មករ​បាន​កើន​ពី ១៤០ ដល់ ១៥៣ ដុល្លារ​ក្នុង​មួយខែ នឹង​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧​តទៅ​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

No comments: