
ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៦ ប្រាក់ខែអប្បរិមារបស់គ្រូបង្រៀនប្រមាណ ៨០ ម៉ឺនរៀល។ នៅឆ្នាំ ២០១៧ រដ្ឋាភិបាល នឹងដំឡើងប្រាក់ខែអប្បរិមាដល់គ្រូបង្រៀន ៩៥ ម៉ឺនរៀល។ នេះបើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីគោលនយោបាយពង្រឹងសមត្ថភាពគ្រូផ្តោតលើ ចំណុចសំខាន់ចំនួន ៥ ដើម្បីធានាគុណភាពអប់រំនៅកម្ពុជា។ ចំណុចសំខាន់ដែលលោករដ្ឋមន្ត្រីអប់រំបានលើកឡើងក្នុងទិវាគ្រូបង្រៀនឆ្នាំ ២០១៦ កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ រួមមាន ១, ការទាក់ទាញអ្នកមានសមត្ថភាពឲ្យចូលធ្វើជាបង្រៀន ២, ការលើកកម្ពស់សមត្ថភាពគុណភាពគ្រូបង្រៀន ៣, ការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញ ការងាររបស់គ្រូបង្រៀន ៤, ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និង៥, ការលើកទឹកចិត្ត និងការ លើកកម្ពស់លក្ខខណ្ឌធ្វើការងារ និងការរស់នៅរបស់គ្រូបង្រៀន ការទទួលស្គាល់ស្នាដៃ និងជូនរង្វាន់ដល់គ្រូបង្រៀនមានស្នាដៃល្អ និងរៀបចំគន្លងអាជីពគ្រូបង្រៀន។
ក្នុងទិវាគ្រូបង្រៀន ក្រោមប្រធានបទ គ្រូបង្រៀនគឺជាអ្នកសម្រួចអនាគតរបស់សិស្ស នៅសាលាតិចណូ លោករដ្ឋមន្ត្រីអប់រំរូបនេះ បានបន្ថែមថា រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់មុខងារជូនគ្រូបង្រៀនគ្រប់កម្រិត និងប្រាក់តំបន់សម្រាប់គ្រូកំពុងបម្រើការងារនៅក្នុងតំបន់ជួបការលំបាក និងតំបន់ដាចស្រយាលដែរ។ ជាងនេះទៀត រដ្ឋាភិបាលបាន និងកំពុង បង្កើនប្រាក់បៀវត្សគ្រូបង្រៀនថែមទៀត ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ។
លោករដ្ឋមន្ត្រី បន្តលើកឡើងថា បច្ចុប្បន្ន គ្រូបង្រៀនក្របខណ្ឌប្រភេទ គ ទទួលប្រាក់បៀវត្សអប្បរមាថ្មីចំនួន ៨០០ ៥០០រៀល។ រីឯ គ្រូក្របខណ្ឌ (ក) ចំនួន ៩៦៦ ៥០០រៀល ក្នុងមួយខែ ដោយមិនគិតបញ្ចូលប្រាក់បន្ទាប់បន្សំផ្សេងៗទៀត។ បើតាមរដ្ឋមន្ត្រីលោក ហង់ ជួន ណារ៉ុន រដ្ឋាភិបាល មានផែនការដំឡើងប្រាក់បៀវត្សអប្បរមាគ្រូបង្រៀនជាថ្មីចំនួន ៩៥ម៉ឺនរៀល នៅឆ្នាំ ២០១៧ ដែលនឹងចាប់ផ្តើមអនុវត្តពីខែមេសាទៅ៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment