អង្គការ​អាល្លឺម៉ង់​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើន​ការយល់ដឹង



ភ្នំពេញ៖ ​សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Cambodian Constitutional Law ត្រូវបាន​ចងក្រង​ដើម្បី​ជា​ឯកសារ​ជំនួយ​ដល់​អ្នកស្រាវជ្រាវ​នានា​ដែល​ចាប់អារម្មណ៍​ចំពោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ សៀវភៅ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ​។​

ក្រោម​ការជួយឧបត្ថម្ភ​ដោយ​មូលនិធិ​អាល្លឺម៉ង​ខុនរ៉ាត សៀវភៅ​នេះ​ត្រូវបាន​តាក់តែងឡើង​ក្នុង​បំណង​ជួយ​ដល់​សិស្ស និស្សិត អ្នកច្បាប់ និង​អ្នកស្រាវជ្រាវ​នានា ឲ្យ​ងាយ​យល់​ពី​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មូលនិធិ​ខុនរ៉ាត​អាឌិន​ណៅអ៊ែរ ហៅ​កាត់​ថា​ខុនរ៉ាត ដែលជា​អ្នក​ឧបត្ថម្ភ​ក្នុងការ​បង្កើត​សៀវភៅ​នេះ​ឡើង​។​

​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជា​ច្បាប់​គោល ឬ​ជា​ច្បាប់កំពូល​របស់​កម្ពុជា​។ រាល់​ច្បាប់ ឬ​លិខិតបទដ្ឋាន​គតិយុត្តិ​ទាំងអស់​ត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​នេះ​។ សម្រាប់​សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ទើបតែ​ផ្សព្វផ្សាយ​ដោយ​មូលនិធិ​ខុនរ៉ាត ដែលជា​មូលនិធិ​គាំទ្រ​លើ​ផ្នែក​ច្បាប់​នៅ​កម្ពុជា គឺជា​ការពន្យល់ ប្រៀបធៀប ឆ្លុះបញ្ចាំង​ពី​រដ្ឋធម្មនុញ្ញ​មុនៗ មក​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ​១៩៩៣ ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​នាពេល​សព្វថ្ងៃនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសិក្សា​ងាយស្រួល​យល់​ក្នុងការ​អនុវត្ត និង​ស្រាវជ្រាវ​បន្ថែម ពាក់ព័ន្ធ​នឹង​អត្ថបទ​ច្បាប់​ផ្សេងៗ​។​

​ទាំង​អ្នកសរសេរ​ច្បាប់ និង​អ្នកអនុវត្ត​ច្បាប់​តែង​បកស្រាយ​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​ខុសៗ​ពីគ្នា​។ ជារឿយៗ ការបកស្រាយ​មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​ហាក់​នៅមាន​ភាពមិន​ជ្រះស្រឡះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការឃាត់ ការចាប់​ឃុំខ្លួន​តំណាងរាស្ត្រ​ទាំង​មិនទាន់​ដក​អភ័យឯកសិទ្ធិ និង​ការកំណត់​ពី​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​អ្នកការពារ​សិទ្ធិមនុស្ស​យល់ថា ជាការ​រឹតត្បិត​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ត្រូវបាន​សរសេរ​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី​២២ ខែធ្នូ​នេះ លោក Rene Gradwohl ប្រធាន​មូលនិធិ Konrad Adenauer Stiftung (KAS) ប្រចាំ​កម្ពុជា​លើកឡើងថា សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​នេះ​នឹង​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​។ លោក​បន្ថែមថា បើទោះបីជា​ការយល់ដឹង​ពី​រដ្ឋធម្មនុញ្ញ​កម្ពុ​ជាមាន​ការវិវត្ត​ទៅមុខ​ប្រសើរ​ជាង​មុន​ក្តី កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​ធំៗ ដោយសារ​កម្ពុជា​នៅមាន​ភាពលំបាក​ផ្នែក​នយោបាយ​នៅឡើយ​។​

​លោក​មានប្រសាសន៍ថា​៖«​យើង​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​នយោបាយ​មួយ​ដែល​ពិបាក​ជាមួយនឹង​ការបោះឆ្នោត​កាន់តែ​ជិត​មកដល់​។ រដ្ឋធម្មនុញ្ញ​នឹងរង​ការវាយតម្លៃ ដោយសារតែ​រដ្ឋធម្មនុញ្ញ​ធានា​នូវ​សិទ្ធិ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​ទាមទារ​ឲ្យ​មានការ​គោរព និង​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ផងដែរ​។ ដូចនេះ ខ្ញុំ​គិតថា វា​នឹង​ជាការ​សាកល្បង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់ ដោយសារតែ​វា​ជា​ពេលវេលា​ដ៏​លំបាក​មួយ​។ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សង្ឃឹមថា ដោយ​ឃើញ​នូវ​អ្វីៗ​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ កម្ពុជា​នឹង​ឆ្លងកាត់​ដំណើរការ​បោះឆ្នោត​នេះ​ដោយ​រលូន​»​។​

​លោក Rene បន្ថែមថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ជា​រដ្ឋធម្មនុញ្ញ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ប៉ុន្តែ​លោក​ថា អ្វីដែល​សំខាន់​គឺ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ​។ លោក​សម្គាល់​ឃើញថា នៅក្នុង​តុលាការ មេធាវី​មួយ​ចំនូ​ន​មិនបាន​ផ្អែក​មូលដ្ឋាន​លើ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ការពារ​ក្តី​នោះទេ​។​

​សម្តេច​នរោត្តម សិរិវុឌ្ឍ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ព្រះបន្ទូល​ប្រាប់ VOA ថា ការយល់ដឹង​អំពី​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​ភាពជា​ចំណុច​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកអនុវត្ត​ច្បាប់​នានា ដើម្បី​ឲ្យ​មានការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ត្រឹមត្រូវ​។​

​ព្រះអង្គ​បញ្ជាក់ថា​៖«​ការរៀបចំ​រដ្ឋ រចនាសម្ព័ន្ធ​រដ្ឋ​មិនអាច​ធ្វើទៅបាន​ដោយ​គ្មាន​រដ្ឋធម្មនុញ្ញ​ទេ​។ ដូច្នេះ​រដ្ឋធម្មនុញ្ញ​អាចមាន​ការផ្លាស់ប្តូរ មាន​ការវិវត្ត​ទៅ​តម្រូវ​ឈរលើ​មូលដ្ឋាន​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តុល្យភាព ដូច្នេះហើយ​យើងខ្ញុំ​ជឿថា បើ​គ្មាន​រដ្ឋធម្មនុញ្ញ ហើយ​បើ​ប្រជាពលរដ្ឋ​យើង​ខ្វះ​ការចេះដឹង មិន​យល់​រដ្ឋធម្មនុញ្ញ នោះ​អនាគត​របស់​ប្រទេស​ហ្នឹង​មិនសូវ​ល្អ​ទេ​»​។​

​ព្រះអង្គ​ពន្យល់​ពី​ភាពខុសគ្នា​រវាង​រដ្ឋធម្មនុញ្ញ និង​សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​យ៉ាង​ដូច្នេះ​៖«​មួយច្បាប់​រដ្ឋធម្មនុញ្ញ​។ នេះ​ជា​សៀវភៅ អ្វីៗ​ដែលមាន​អត្ថបទ និង​ការវិភាគ​របស់​រដ្ឋធម្មនុញ្ញ​មួយចំនួន ឧទាហរណ៍​តាំង​ពីមុនមក ឬ​ការប្រៀបធៀប ឬ​ការ​ឲ្យ​យោបល់​ទៅលើ​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​មួយ​ជា​ច្បាប់ បានន័យថា យើង​មិនអាច​ប៉ះពាល់​បានទេ ទាល់តែ​ធ្វើ​វិសោធនកម្ម​។ នេះ​មាន​អ្នកស្រាវជ្រាវ​មួយចំនួន​ដែល​គេ​សរសេរ​ពី​ការយល់ឃើញ​របស់គេ​ទៅលើ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ និង​អាច​ប្រៀបធៀប​ទៅ​ហ្នឹង​រដ្ឋធម្មនុញ្ញ​ពីមុនមក​។ អានេះ​ខុសគ្នា ជា​សៀវភៅ​មួយ​លើសពី​ច្បាប់រដ្ឋធម្មនុញ្ញ​»​។​

​បើតាម​លោក Rene សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​ជា​ភាសា​អង់គ្លេស​នេះ​ត្រូវបាន​រៀបចំ​អស់​រយៈពេល​២​ឆ្នាំ​។ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​ចំនួន​១៥០០​ក្បាល ហើយ​ត្រូវ​បានផ្តល់​ដោយ​ឥតគិតថ្លៃ​ពី​មូលនិធិ​នេះ ដើម្បី​ដាក់​តាម​មហាវិទ្យាល័យ​មួយចំនួន​នៅ​កម្ពុជា ដើម្បី​ការសិក្សា និង​ការស្រាវជ្រាវ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ច្បាប់​នៅ​កម្ពុជា​។ អ្នកចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ​រំពឹងថា សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​នេះ​នឹងមាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ឆាប់ៗ ដើម្បី​ឲ្យ​សិស្ស និស្សិត ដែល​មិន​ង​ចេះ​ភាសា​អង់គ្លេស​អាច​យល់ដឹងបាន​ទាំងអស់គ្នា​៕

ថ្មី​ៗ
អត្ថបទ : VOA

No comments: