
ភ្នំពេញ: បើមិនមានអ្វីប្រែប្រួលទេ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី នឹងចូលឆ្លើយបំភ្លឺ នៅរដ្ឋសភា ពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួន ក្នុងវិស័យសុខាភិបាល ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ការសម្រេចអញ្ជើញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា គឺបន្ទាប់ពីក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ធ្វើលិខិតទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ស្នើសុំអនុញ្ញាតឲ្យលោក ម៉ម ប៊ុនហេង ចូលបំភ្លឺផ្ទាល់មាត់ នៅវិមានរដ្ឋសភា។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងត្រូវឆ្លើយនូវសំណួរមួយចំនួន ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងវិស័យសុខាភិបាល មានដូចជា ការបាត់ប្រាក់ជំនួយ របស់ Global Fund ទិញមុងការពារជំងឺគ្រុនចាញ់។ ការលក់មន្ទីរពេទ្យ និងមន្ទីរបង្អែកមួយចំនួន នៅរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួន។ ការទិញគ្រឿងបរិក្ខារ និងថាំ្នពេទ្យ។ល។ ការផ្តល់សេវាមិនត្រឹមត្រូវ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។ វិធានការក្រសួង ការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌។ ការចែកចាយ និងគ្រប់គ្រងសម្ភារៈពេទ្យ និងថ្នាំពេទ្យ។ ការគ្រេប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្គ្រោះបន្ទាន់។ ផែនការធានាបន្តនិរន្តរ៍ភាព នៃមន្ទីរពេទ្យកុមារគន្ធបុប្ជា។ កិច្ចការពារជនរងគ្រោះ ពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច។ វិធានការរបស់ក្រសួង ក្នុងការផ្តល់សេវាសុខភាព ដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យមានប្រសិទ្ធភាព។ ការគ្រប់គ្រង់ការផលិត និងការនាំចូលថ្នាំពេទ្យ។ ការគ្រប់គ្រងឱសថស្ថាន ថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាព៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment